Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គាំទ្រ​ពេញទំហឹង​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន វី​ស​នី​រី​សត​ស៊ី​ធី​នៅ​ខេត្ត​ព្រះសីហនុ



ភ្នំពេញ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា ​ដោយសារ​តែ​កម្ពុ​ជាមាន​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ពេញ​ផ្ទៃ​ប្រទេស​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​សួន​ទឹក​និងរ​មណី​យ​ដ្ឋា​ន វី​ស​នី​រី​សត​ស៊ី​ធី (Wisney Resort City) ដែល​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​ពុធ ៨​កើត ខែ​បឋមាសាឍ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក Lim Chia Loon ប្រធាន​ក្រុមហ៊ុន SV International ដែល​បាន សម្រេចចិត្ត​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​លើ​ផ្ទៃដី​ជាង ៦៥​ហ​.​ត លើ​គម្រោង​អភិវឌ្ឍន៍រ​មណី​យ​ដ្ឋា​ន វី​ស​នី​រី​សត​ស៊ី​ធី (Wisney Resort City) រួមមាន រ​មណី​យ​ដ្ឋា​ន​កម្សាន្ត​ទឹក (water theme park) សណ្ឋាគារ និង​កាស៊ីណូ ផ្សារ​ទំនើប សួនច្បារ ឱទ្យាន​លំហែ​កាយ ផ្លូវ និង​ឧទ្យាន​វប្បធម៌ ព្រះវិហារ ។​ល​។ ដែល​មាន​ទីតាំងនៅ​ក្រុងព្រះសីហនុ នៃ​ខេត្ដ​ព្រះសីហនុ។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងបន្ត​ទៀត​ថា ជាមួយនឹង​ទុន​វិនិយោគ​យ៉ាងច្រើន​លើ​គម្រោង​នេះ​ពិតជា​អាច​ទាក់ទាញ​ទេសចរ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឲ្យមក​ទស្សនា​ខេត្ត​ព្រះសីហនុ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​ជឿនលឿន​បន្ថែម​ទៀត​។ ទាំងនេះ​គឺ​ការ​ឆ្លុះបញ្ចាំង​នូវ​ជំនឿ​ជឿជាក់​ពី​បណ្តា​អ្នក​វិនិយោគ​បរទេស មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ល្អ និង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​ប្រកបដោយ​ក​ត្ដិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត​ក៏បាន​ស្នើ​ដល់​ក្រុមហ៊ុន​ ដែល​ជា​ម្ចាស់​គម្រោង​ដ៏​ធំ​នេះ សូម​អនុវត្ត​ការសាងសង់ និង​ធ្វើ​ប្រតិបត្តិការ អាជីវកម្ម ដោយ​គោរព​តាមច្បាប់ និង​លិខិត​បទដ្ឋាន​ដែល​បាន​ចែង​ស្រាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu