Ad Code

អាជ្ញាធរ​រាជធានី កាយ​សំរាម​ និង​ព្រៃ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​រហូតដល់​ប្រឡាយ​ដើម​ស្លែង​ បាន​ជាង​៣០០​ម៉ែត្រ​ហើយ ខណៈ​ជួប​ឧបសគ្គ​រាំងស្ទះ​ផ្ទះ​រំលោភ​លើ​ប្រឡាយ



ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាយ​សំរាម​ និង​ព្រៃ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​រហូតដល់​ប្រឡាយ​ដើម​ស្លែង ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែនសុខ ​បាន​ជាង​៣០០​ម៉ែត្រ​ហើយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ។

លោក​ដួង ចាន់​សារ៉ាត់​ប្រធាន​អង្គភាព​លូទឹក បូម​ទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា អនុវត្តតាម​ការណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានអោយ​មន្ទីរ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ធ្វើ​ការកាយ​សំរាម​និង​ព្រៃ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​រហូតដល់​ប្រឡាយ​ដើម​ស្លែង ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ជូន​ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​នេះ ដោយ​មកដល់ពេលនេះ​សម្រេច​ជាង​៣០០​ម៉ែត្រ​ហើយ​។

លោក​បន្តទៀតថា ការ កាយ​សំរាម​និង​ព្រៃ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​រហូតដល់​ប្រឡាយ​ដើម​ស្លែង​នេះ​ បាន​ជួប​ឧបសគ្គ​ច្រើន ដោយសារតែ​ផ្ទះ​ប្រជាពលរដ្ឋ​សាងសង់​លើ​ប្រឡាយ​តែម្តង​។ បញ្ហា​នេះ​លោក​ថា ទុក​តួនាទី​អោយ​អាជ្ញាធរ​ខណ្ឌ​និង​រាជធានី​ចាត់ចែង ទើប​អាច​បន្តការងារ​នេះ​ទៀត​បាន​។​

លោក​បានបញ្ជាក់​អោយដឹងថា សកម្មភាព​ការងារ​នេះ​ បានចាប់ផ្តើម​កាលពី​ថ្ងៃ​២៣ ខែ​​ឧសភា ឆ្នាំ​២០១៨ ដោយ​ចាប់ផ្តើម​ពី​ការដ្ឋាន​បុក​ស៊ី​ផាយ​ប្រឡាយ​ស្ទឹងមានជ័យ​ដល់​ប្រឡាយ​ដើម​ស្លែង ដែលមាន​ប្រវែង​១៤៩៨​ម៉ែត្រ។ ​ក្នុងនោះ​ការដ្ឋាន​ជំហាន​ទី​១ ប្រឡាយ​ស្ទឹងមានជ័យ​ស្ថាបនា​បាន​ប្រវែង​ជា​៣០០​ម៉ែត្រ​ហើយ នៅសល់​ជាង​១០០០​ម៉ែត្រ ក្រុមការងារ​យើង​ធ្វើ​ការកាយ​សំរាម​និង​ព្រៃ ដើម្បី​រំដោះ​ទឹកជា​បណ្តោះអាសន្ន​សិន​មុន​ការដ្ឋាន​នេះ​បន្ត​ជា​ជំហានៗ មកដល់​ប្រឡាយ​ដើម​ស្លែង​នេះ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា ការកាយ​សំរាម​និង​ព្រៃ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​រហូតដល់​ប្រឡាយ​ដើម​ស្លែង​នេះ ពិតជា​បាន​ជួប​នៅ​ផល​លំបាក​ច្រើន​ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន ពួកគាត់​សង់ផ្ទះ​ឈើ​នៅលើ​ពោះ​ប្រឡាយ​តែម្តង ដែល​ធ្វើអោយ​យើង​មិន​អាចដាក់​គ្រឿងចក្រ​បណ្តែត​ទឹក​កាយ​យក​សំរាម​បាន ហើយ​វិធី​ដែល​យើង​អាចធ្វើ​បាន​មានតែ​ប្រើ​ទូក​និង​កាយ​ដោយ​ដៃ​ប៉ុណ្ណោះ ។​
គួរ​បញ្ជាក់ថា នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​និង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​ដំណាក់កាល។ ក្នុងនោះ​ដំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នេះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​នេះ​១៥២​គ្រួសារ​រួចហើយ​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​

ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុងធ្វើការ​អភិវឌ្ឍ​នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​នឹង​កន្លែង​តែម្តង​។​

ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទម្លាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ​ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu