Ad Code

រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​បាន​មានប្រសាសន៍ថា​ ចង់​ឲ្យ​ផលិតផល​ជាតិ​រស់ សូមកុំ​ឆ្ងាញ់​តែ រសជាតិ​ផលិតផល​បរទេស



បន្ទាយមានជ័យ ៖ ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ​ដែល​បាន​រៀបចំ​នៅ​បរិវេណ​ខាងមុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដែល​មាន​មន្ត្រី ពាណិជ្ជករ អាជីវករ ពលរដ្ឋ​និង​មហាជន​ចូលរួម​រាប់​រាយ​នាក់ លោក ​ប៉ាន ស៊ូរ​ស័​ក្ត រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​បាន​មានប្រសាសន៍​ថា បើ​ចង់​ឲ្យ​ផលិតផល​ជាតិ​រស់ សូមកុំ​ឆ្ងាញ់​តែ រសជាតិ​ផលិតផល​បរទេស​ពេក លោក​បាន​មានប្រសាសន៍​នៅ​ល្ងាច ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​។



លោក​ឈួន ដា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទីផ្សារ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​យុទ្ធនាការ​នេះ គឺជា​សំឡេង​ជួង ដើម្បី​ដាស់​ពញ្ញាក់​ស្មារតី​ប្រជាជន​ខ្មែរ ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុងស្រុក ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​នឹង​បាន​រួម ​ចំណែក​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក និង​បង្កើត​ឱកាស​ការងារ​កាន់​តែ​ច្រើន​ជូន​ប្រជាជន តាមរយៈ​ការ​ផ្ដល់​នូវ​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ដល់​ផលិតករ​ក្នុង​ប្រទេស សំដៅ​ធ្វើ​យ៉ាង​ណា​ផលិត​នូវ​ទំនិញ​ ដែល​មាន​គុណភាព​ខ្ពស់ មាន​អនាម័យ និង​មាន​សុវត្ថិភាព​គ្រប់គ្រាន់ អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​បាន​។



លោក ឈួន ដា​រ៉ា​ បាន​បញ្ជាក់​ទៀត​ថា ​២​ឆ្នាំ​កន្លង​មក​នេះ ក្រសួងពាណិជ្ជកម្ម បាន​រៀប​ចំ​ព្រឹត្តិការណ៍​នេះ ពីរ​រដូវ​កាល​រួច​មក​ហើយ គឺ​រដូវ​កាល​ទី​១ នៅក្នុង​រាជធានី​ខេត្ត​ចំនួន ៤​រដូវ​កាល​ទី​២ នៅក្នុង​រាជធានី​ខេត្ត​ចំនួន ៥ និង​សម្រាប់ យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ក្រសួងពាណិជ្ជកម្ម បាន​កំណត់​យក​រាជធានី​ខេត្ត​ចំនួន ៦​រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កោះកុង និង​រាជធានី​ភ្នំពេញ ជា​កន្លែង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​។



លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​ ក្នុងនាម​រដ្ឋបាល​ខេត្ត លោក​យល់​ឃើញ​ថា តាមរយៈ​ការ​ជំរុញ​ពង្រឹង​ចលនា​ភូមិ​១​ផលិតផល​មួយ និង​បំណង​នៃ​ការរៀបចំ​ពិព័រណ៍​នេះ មាន​សារៈ​សំខាន់ ហើយ​បាន​ផ្លែផ្កា​មួយចំនួន​ដូចជា ស្ទាបស្ទង់​ពី​សេចក្តី​ត្រូវការ​របស់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​បង្ហាញ​ពី​ស្នាដៃ​នៃ​ការបង្កើត​ថ្មី​នៃ​ផលិតផល​ដែល​ខ្មែរ​យើង​អាច​ធ្វើ​បាន​និង ការ​ទំនាក់ទំនង​និង​ដៃគូ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​រវាង​វិស័យ​ឯកជន​និង​រដ្ឋ។



លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍​ថា ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្រោម​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​វិស័យ​ឯកជន គឺជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​ន័យ​នេះ ក្រសួង​ពាណិជ្ជកម្ម ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​សំខាន់ៗ ដើម្បី​គាំទ្រ និង​ធានា ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន​។



លោក​ប៉ាន សូរ​ស័ក្តិ​សូម​អបអរ ចំពោះ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ព្រមទាំង​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​សហការ​រៀបចំ ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៣ នេះ​ឡើង ដើម្បី ជំរុញ​និង​លើកស្ទួយ​ផលិតផល​ខ្មែរ នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស និង​អន្តរជាតិ​។



លោក​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​គាំទ្រ​ផលិតផល​ជាតិ កាន់តែ ច្រើនឡើងៗ ប្រសិនបើជា​ផលិតករ និង​សហគ្រិន​យើង​អាច​ធ្វើ​បាន ព្រោះ​នេះ​គឺជា​កត្តា​សត្យានុម័ត នៃ​ការប្រកួត ប្រជែង​ទីផ្សារសេរី ដែល​យើងទាំងអស់​គ្នា​ត្រូវ​តែ​ទទួលស្គាល់​។​ ដូច្នេះ សូម​អំពាវនាវ​ឲ្យ​ពាណិជ្ជករ អាជីវករ ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែមទៀត​លើ​ការ​ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន ហើយ​សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាជន​កម្ពុជា​ទាំងឡាយ សូម​បន្ត​គាំទ្រ​ផលិតផល​ខ្មែរ​ថែមទៀត ព្រោះ​បើ​ចង់​ឲ្យ​ផលិតផល​ជាតិ​រស់ សូមកុំ​ឆ្ងាញ់​តែ រសជាតិ​ផលិតផល​បរទេស៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu