Ad Code

ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ ស្ត្រី​រងគ្រោះ​ចិត្តសឿង ជិះ​ម៉ូតូ​ដេញ​បុក​អោយ​ដួល ​ចាប់​បាន​២​នាក់​ជាក់ស្តែង



ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​២ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ខណៈ​ដែល​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច ហើយ​ត្រូវ​ស្ត្រី​រងគ្រោះ ចិត្តសឿង​ជិះ​ម៉ូតូ​ដេញ​បុក​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំងអស់គ្នា ទើប​ប៉ូលិស​ ចាប់បាន​២​នាក់​ជាក់ស្តែង​តែ​ម្តង។

ជនសង្ស័យ ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​រសៀល ថ្ងៃ​ពុធ ១៥​កើត ខែ​បឋមាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៣​និង​០០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៣០៩ ផ្លូវ​លេខ​១៥៦ ក្រុមទី​៣៤ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ក្រោយពី​ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៩ ផ្លូវ លេខ​២៦១ ក្រុមទី​៣៥ ភូមិ​១២ សង្កាត់ ទឹក ល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​១. ​ឈ្មោះ ហង្ស ចាន់​វាសនា ហៅ ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ពុំ​ចាំ​លេខ ផ្លូវ​២០០១ សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ។ ២. ឈ្មោះ ដុស ឧ​ត្ត​ម ហៅ ដម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ ឈ្មោះ ថេ លីន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​គ្រឿងសំណង់ ស្នាក់​នៅផ្ទះ​លេខ ៥៥D ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​រងរបួស​កំភួន​ដៃ​ទាំងសងខាង និង​របួស​ខ្នងជើង​ខាងស្ដាំ។

វត្ថុតាង​ចាប់យក​មាន ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125​ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក លេខ ភ្នំពេញ 1GW-0416 ដែល មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​: 5222394 (​ជា​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់ ចាប់យក​ពី​ឈ្មោះ ហង្ស ចាន់​វាសនា ហៅ ស្នា)។

ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ម៉ាក I phone 6Plus ពណ៌​ផ្កាឈូក មួយ (​ជា​របស់​ឈ្មោះ ហង្ស ចាន់​វាសនា ) និង​ពណ៌​ទឹកមាស​មួយ​គ្រឿង​ជា​របស់​ឈ្មោះ ដុស ឧ​ត្ត​ម)។

ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក Huawei Y9-2018 ពណ៌​ខ្មៅ ស៊ីម​ពីរ 098 437068 និង​លេខ​092 970372 (​ជា​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ឆក់​)( ចាប់យក​ពី​ឈ្មោះ ដុស ឧ​ត្ត​ម )។

បច្ចុប្បន្ន​:​ទូរស័ព្ទ​របស់​ជនរងគ្រោះ សមត្ថកិច្ច​យើង​បានធ្វើការ​ប្រគល់ជូន​ជនរងគ្រោះ​វិញ តាម​ការស្នើសុំ ដោយមាន​ការ​ឯកភាព​ពី​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ។

មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បានអោយដឹង​ថា នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​មុនពេល​កើតហេតុ​គឺ វេលា​ម៉ោង​ប្រហែល ១២​និង​៥៥​នាទី ជនរងគ្រោះ​ឈ្មោះ ថេ លីន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125​ពណ៌​ខ្មៅ ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ទិញ​អីវ៉ាន់ នៅ​ហាង​KAP នៅ​ម្ដុំ​ក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ ក្នុង​សង្កាត់ ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ជនរងគ្រោះ​បានដាក់ ទូរ​ស័ព្ទ​ដៃ​មួយគ្រឿង​ម៉ា Huawei Y9 -2018 ពណ៌​ខ្មៅ​ទុក​ក្នុង​ហោប៉ៅ​ខោ​ខាងមុខ​ចំហៀង​ខាងឆ្វេង លុះ​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​មុខផ្ទះ​លេខ​៣៩ ផ្លូវ​លេខ​២៦១ ក្រុមទី​៣៥ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ស៊េរី​2018 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1G1GW-0416 ១-​ឈ្មោះ ហង្ស ចាន់​វាសនា ហៅ ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ និង​ទី​២-​ឈ្មោះ ដុស ឧ​ត្ត​ម ហៅ ដម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ដោយ​ជនសង្ស័យ​ឈ្មោះ ហង្ស ចាន់​វាសនា ហៅ ស្នា ជា​អ្នក​បើក​ម៉ូតូ ចំណែក​ឈ្មោះ ដុស ឧ​ត្ត​ម ជា​អ្នកជិះ​ពី​ខាងក្រោយ បាន​ជិះ​មកពី​ខាងក្រោយ​ជនរងគ្រោះ​ឈ្មោះ ថេ លីន រួចហើយ​ជនសង្ស័យ​ឈ្មោះ ហង្ស ចាន់​វាសនា ហៅ ស្នា បាន​ជិះ​ម៉ូតូ​មក​អែប​ខាងឆ្វេង​ដៃ​ជនរងគ្រោះ​រួច​ជនសង្ស័យ​ឈ្មោះ ដុស ឧ​ត្ត​ម បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ហោប៉ៅ​ខោ​របស់​ជនរងគ្រោះ បានសម្រេច​ ហើយ​ជនសង្ស័យ​ទាំងពីរ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ភ្លាម នោះ​ជនរងគ្រោះ​បាន ព្យាយាម​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ជនសង្ស័យ​រួច​ស្រែកថា​ចោរៗ ក្នុងពេល​ជនរងគ្រោះ​ជិះ​ដេញតាម​ជនសង្ស័យ​ទាំងពីរ បាន​យក​មួក​ការពារ​សុវត្ថិភាព គប់​មកលើ​ជនរងគ្រោះ ភ្លាមនោះ​ជនរងគ្រោះ​បាន​ជិះ​បំ​បុក ម៉ូតូ​របស់​ជនសង្ស័យ​ទាំងពីរ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំងអស់គ្នា បណ្ដាល​ឲ្យ​ជនរងគ្រោះ​រងរបួស​កំ​ភួ​ន​ដៃ​ទាំងពីរ​ទាំងសងខាង , របួស​លើ​ខ្នងជើង​ខាងស្ដាំ ភ្លាមនោះ​ក៏មាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់ ទី​២ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហង្ស ចាន់​វាសនា និង​ជនសង្ស័យ​ឈ្មោះ ដុស ឧ​ត្ត​ម រួច​បញ្ជូន​យកមក​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ សមត្ថកិច្ច​យើង​បាន​យក ទឹកនោម​ជនសង្ស័យ​ទាំង​ពីររូប នេះ​មក​ធ្វើ​តេស្ដ​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹក នោម ជា​លទ្ធផល​មាន​ភាព វិជ្ជា​មាន។​

បច្ចុប្បន្ន​: ជនសង្ស័យ​ទាំងពីរ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ សាកសួរ​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu