ភ្នំពេញ ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអន្តរាគមន៍ជួយភ្ជួររាស់ដីជូនកសិករក្រីក្រ និងពិនិត្យការអនុវត្តបង្ហាញគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ដែលបានប្រារព្ធធ្វើឡើងនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃពុធ១កើត ខែស្រាព ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងកសិកម្មបានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងទី១-ជំរុញនិងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការជំរុញយន្តូបនីកម្មកសិកម្ម ទី២-ផ្តល់ឱកាសឲ្យវិស័យឯកជនដែលមានអាជីវកម្មលក់ចែកចាយគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម បានចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្មក្នុងការរៀបចំដីសម្រាប់ធ្វើការដាំដុះ ទី៣-ដាក់តាំងបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទំនើបៗទាន់សម័យមានលក្ខណៈសមស្របសម្រាប់ប្រើប្រាស់ និងទី៤-ផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធទាំងអស់បានជួបប្រជុំ ពិភាក្សាគ្នា និងស្វែងយល់រាល់ចំណុចខ្លាំង ចំណុចខ្សោយនៃការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទាំងអស់នេះ។
លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីស្ថានភាពការងារបង្កបង្កើនផល ជាពិសេសគម្រោងកម្មវិធីអន្តរាគមន៍ជួយភ្ជួររាស់ដីស្រែជូនកសិករក្រីក្រសម្រាប់ឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានចំនួន ១៤៧គ្រួសារ ស្នើ ៧៥ ហិកតា ហើយសកម្មភាពនេះកំពុងតែបន្ត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វកម្មកសិកម្ម និងវិស័យឯកជនដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់សហការគ្នារៀបចំឲ្យមានកម្មវិធីនេះដើម្បីអន្តរាគមន៍ជួយភ្ជួររាស់ដីស្រែជូនកសិករក្រីក្រ ដែលខ្វះ មធ្យោបាយកំលាំងពលកម្ម និងដោះស្រាយបញ្ហាជូនកសិករបានទាន់ពេលវេលាទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជារឿយៗលោកបានផ្តល់អនុសាសន៍ដល់នាយកដ្ឋានវិស្វកម្មកសិកម្មឱ្យខិតខំស្វែងរកដៃគូជាមួយវិស័យឯកជនដើម្បីសហការផ្តល់ការគាំទ្រទាំងធនធាន ចំណេះដឹងនិងបទពិសោធន៍ដើម្បីជួយជំរុញវិស័យកសិកម្មឲ្យមានការរីកចម្រើនតាមរយៈការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មបានសមស្រប ហើយនេះគឺជាលទ្ធផលលើកទីមួយដែលយើងទទួលបានពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ហើយលោកសង្ឃឹមនិងជឿជាក់ថា កម្មវិធីនេះនឹងរីកដុះដាលទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា ការចូលរួមរបស់វិស័យឯកជនក្នុងវិស័យកសិកម្មគឺមានសារៈសំខាន់ និងចាំបាច់ ជាពិសេសការផ្សព្វផ្សាយបញ្ចូលបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជ ជី និងថ្នាំកសិកម្ម។ បើគ្មានធាតុចូលកសិកម្ម ទីផ្សារកសិកម្ម ខ្សែចង្វាក់ផលិតកម្មតម្លៃ និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ជាពិសេសគ្មានការចូលរួមគាំទ្រ និងសហការយ៉ាងសកម្មពីវិស័យឯកជន នោះ យើងមិនអាចឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដែរ។ ហេតុនេះ យើងមិនអាចមើលរំលងនិងខ្វះវិស័យឯកជននិងដៃគូអភិវឌ្ឍន៍បានទេ ព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលទាក់ទងនឹងការផលិត ការកែច្នៃវេចខ្ចប់និងស្វែងរកទីផ្សារនាំចេញ។
ការអភិវឌ្ឍគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មគឺជាដំណោះស្រាយមួយដ៏សមស្របចំពោះបញ្ហាកង្វះកម្លាំងពលកម្ម មួយវិញទៀត ការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មអាច ជួយពង្រឹង និងបង្កើនផលិតភាពផលិតកម្ម ធ្វើឱ្យការដាំដុះទាន់ពេលវេលា រួមជាមួយការគ្រប់គ្រងទឹក និងប្រើប្រាស់ជី បានល្អផងនោះ ប្រាកដជាធ្វើឲ្យប្រជាកសិករនឹងទទួលបានចំណូលខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments