Ad Code

សម្តេច​ក្រឡាហោម​ ៖​ ផលិតផល​ប៉ះពាល់​សុខភាព ចំនួន​ជាង​១០០​តោន ប្រសិនបើ​ទប់ស្កាត់​មិនទាន់​ពេលវេលា​នោះ ពិតជា​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ​យើង​មិន​ខាន



កំពង់ស្ពឺ​ ៖​ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ ផលិតផល​ចំណីអាហារ​ខូច​គុណភាព​-​ខុសច្បាប់ ដែល​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព ចំនួន​ជាង​១០០​តោន គឺជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ណាស់ ប្រសិនបើ​ទប់ស្កាត់​មិនទាន់​ពេលវេលា​នោះទេ ពិតជា​ត្រូវ​ចែកចាយ​នៅ​លើ​ទីផ្សារ ហើយ​អ្នក​ដែល​រងគ្រោះ​ច្បាស់​ជា​ប្រជាពលរដ្ឋ​របស់​យើង​ទាំង​អស់គ្នា​មិន​ខាន។

ផលិតផល​ទាំងនេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​មួយ​ប៉ុណ្ណោះ​ទេ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ រហូត​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ថា​បាន ព្រោះ​ផលិតផល​ខុសច្បាប់​ទាំងនេះ មាន​លាយ​នូវ​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់ បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព អ្នកប្រើប្រាស់​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត។

ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ជំរុញ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​បន្ត​ការខិតខំ​ព្យាយាម​រួមគ្នា​សហការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្នុងការ​បង្ក្រាប ទប់ស្កាត់ រាល់​ផលិតផល​ក្លែងក្លាយ ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​ធានា​នូវ​សុខភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​យើង ទទួលបាន​សុខភាព​ល្អ​ប្រាសចាក​ពី​រោគា ព្យាធិ​ទាំងពួង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សម្តេច បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ដុត​កម្ទេចចោល​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ជាង ១០០​តោន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ស្ថិតក្នុង​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។​

​តាម​របាយការណ៍​រប​ស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមកនេះ កម្លាំង​ប្រតិបត្តិការ​ពិសេស​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​​​បង្ក្រាប​ទីតាំង​សិប្បកម្ម​ផលិត​ចំណីអាហារ​ហួស​កាលបរិច្ឆេទ​ដោយ​ខុសច្បាប់ និង​មាន​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ នៅ​ចំណុច​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ​នេះ​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​កន្លែង​ផលិត​ចំណីអាហារ​ហួល​កាលបរិច្ឆេទ និង​មាន​សារធាតុ​គីមី ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប ​ព្រមទាំង​រឹបអូស​បាន​វត្ថុតាង​ជាង ១០០​តោន រួមមាន​៖ ពោះវៀន​ជ្រូក​, គោ​, មាន់​, ទា និង​ពោះវៀន​ពពែ​ជាដើម ដែល​ស្តុក​ទុកជា​ច្រើន​ឆ្នាំ​។​

បន្ទាប់ពី​ការ​បង្ក្រាប​គណៈកម្មាធិការ​​​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​អនុវត្តន៍​តាម​ផ្លូវច្បាប់​រហូត​ឈានដល់​ការសម្រេច​រៀបចំ​ដុត​កម្ទេច​ចោល​នា​ថ្ងៃនេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មានប្រសាសន៍​ឲ្យ​ដឹង​ថា ផលិតផល​ចំណីអាហារ​ខូចគុណភាព ខុសច្បាប់​ដែល​ត្រូវ​កម្ទេចចោល​នាពេលនេះ មាន​ចំនួន​ជាង ១០០​តោន និង​ជា​លើក​ទី​៣​ហើយ បន្ទាប់ពី​ពិធី​ដុត​កម្ទេច​គ្រឿងសម្អាង​ក្លែងក្លាយ​-​ខុសច្បាប់ ពីរលើក​កន្លងទៅ​ថ្មីៗ​នេះ ដែល​មាន​ចំនួន សរុប​ប្រមាណ​ជាង ១៦០​តោន​។​

លោក បាន​បន្តទៀតថា ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​មក​នេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​សាច់ក្រក​ខុសច្បាប់​១​កន្លែង មាន​ទីតាំង​ក្នុង​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ​ដែល​មាន​ម្ចាស់​សិប្បកម្ម​ឈ្មោះ វី​ង ហ៊ុយ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​។ បន្ទាប់ពី​ការបង្ក្រាប​សមត្ថកិច្ច​រឹប​អូស​បាន​វត្ថុតាង ចំនួន ១៦​មុខ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ១០០​តោន ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ រហូត​ទទួល​បាន​ដីកា​ពី​តុលាការ បង្គាប់​ឲ្យ​គណៈកម្មាធិការ​ធ្វើការ​កម្ទេច​ចោល​តែម្តង។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដុត​កម្ទេចចោល​នូវ​ផលិតផល ចំណីអាហារ​ខូចគុណភាព ដែលមាន​ផ្ទុក​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​ប្រមាណ​ជាង ១០០​តោន នាពេល​កន្លងទៅ​។ សម្តេច​ក្រឡាហោម បាន​បន្តទៀតថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​កា្ល​យ បានរៀបចំ​ដុត​កម្ទេចចោល​ផលិត​ចំណី​​អាហារ​បាន​ចំនួន ២​លើក​កន្លង​រួម​មកហើយ ក្នុង​ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​។ នេះ​ជា​លើ​ទី​៣ ដែល​រៀបចំ​ធ្វើឡើង ក្នុង​ទឹកដី ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​ទៀត​ថា កន្លងមក​សម្តេច​ធ្លាប់បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​យកចិត្ត​ទុកដាក់​ជា​អាទិភាព​ធ្វើការ​ទប់ស្កាត់ និង បង្ក្រាប​ទៅលើ​ផលិតផល​ទាំងឡាយណា ដែល​យើងទាំងអស់គ្នា​ហូប​ចូល​នៅក្នុង​ពោះ មានដូចជា​៖ ថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគ​ជាដើម​។ ហេតុនេះហើយ​ពិធី​ក​មេ្ច​ច​ផលិតផល​ចំណីអាហារ ខូច​គុណ​ភាព​-​ខុសច្បាប់ មាន​សារ​ធាតុគីមី​ប៉ះពាល់​សុខភាព ចំនួន​ជាង ១០០​តោន នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង បង្ក្រាប​របស់​ភ្នាក់ងារ​មាន​សមត្ថកិច្ច ដែលមាន​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ជា​អ្នកដឹកនាំ សម្របសម្រួល​ផ្ទាល់ រហូត​ឈាន​ដល់​ការ​រឹបអូស​នូវ​ផលិតផល​ចំណីអាហារ​ខូច​គុណភាព​-​ខុសច្បាប់ ដែល​មាន​សារធាតុ​គីមី ប៉ះពាល់​សុខភាព ចំនួន​ជាង ១០០​តោន នា​ពេល​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​របស់​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ដែល​រៀបចំ​ដុត​កម្ទេច​ចោល​នាពេលនេះ​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ការ​ខិតខំ​ប្រឹង​ប្រេង​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​មាន​តំណាង​គណៈកម្មាធិការ បាន​រួម​សហការ​គ្នា​យ​ក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​ធ្វើ​ចរាចរ​ផលិតផល​ក្លែងក្លាយ ដែល​នាំចូល​មកពី​បរទេស​ដូចជា ​៖ គ្រឿង​ឧបភោគ បរិភោគ​សព្វសារពើ​ជាពិសេស​ប្រទេសជិតខាង​យើង ដែល​ជា​ប្រការ​គួរ​ឲ្យ​ព្រួយបារម្ភ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu