ពានរង្វាន់លីគបាល់ទាត់ក្នុងសាលាឆ្នាំ២០១៨ (National Futsal League 2018) ក្រោមការរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងឈានដល់សប្ដាហ៍ទី១៤ហើយនៅចុងសប្ដាហ៍នេះ ក្នុងចំណោមសប្ដាហ៍សន្សំពិន្ទុទាំង១៨សប្ដាហ៍ ខណៈក្រុមបាល់ទាត់ Down Town Sport FC កំពុងតែឈរកំពូលតារាងបណ្តោះអាសន្ន។
កម្មវិធីប្រកួតបន្ទាប់ប្រចាំសប្ដាហ៍ទី១៤ នេះមាននៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុមស.ស.យ.ក កំចាយមារ ជួបក្រុម B.A United នៅម៉ោង២និង៣០នាទីរសៀល ហើយក្រុម Home Sport FC ជួបក្រុមអាណាចក្របៃតង នៅម៉ោង៤ល្ងាចនិងក្រុម Down Town Sport ប៉ះឱម៉ាល់ នៅម៉ោង៥និង៣០នាទីល្ងាច។ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្រុម Fan Sport FT ជួបក្រុម Panda FC នៅម៉ោង៤ល្ងាចនិងនៅម៉ោង៥និង៣០នាទីល្ងាចក្រុមឆន្ទៈកីឡា ប៉ះក្រុមយុវជន៧មករា។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្ន ក្រោយប្រកួតបាន១៣លើកម្នាក់មកឃើញថាក្រុម Down Town Sport FCឈរលេខ១ មាន៣០ពិន្ទុ តាមពីក្រោយដោយក្រុមឱម៉ាល់ ឈរលេខ២ មាន២៧ពិន្ទុ ក្រុមHome Sport ឈរលេខ៣ មាន២៧ពិន្ទុ ស្មើគ្នាខុសគ្រាប់បាល់ចំណេញ ហើយក្រុមលេខ៤ ស.ស.យ.ក កំចាយមារ មាន២៤ពិន្ទុ។ ក្រុមលេខ៥ អាណាចក្របៃតង មាន២១ពិន្ទុ ហើយក្រុមលេខ៦ Fan Sport FT មាន១៨ពិន្ទុ។ លេខ៧ ក្រុម Panda FC មាន១៤ពិន្ទុ ហើយក្រុមយុវជន៧មករា ឈរលេខ៨ មាន១១ពិន្ទុ ក្រុមឆន្ទៈកីឡា ឈរលេខ៩ មាន១១ពិន្ទុ និងក្រុមB.A United លេខ១០ មាន៤ពិន្ទុ។
ងាកមកមើលក្រុមដែលស្ថិតក្នុងបញ្ជីក្រុមខ្លាំងទាំង៤ប្រចាំរដូវកាល (Top4) មានក្រុម Down Town Sport FCក្រុមឱម៉ាល់ ក្រុមHome Sport និងក្រុម ស.ស.យ.ក កំចាយមារ។ ក្រុមដែលដណ្តើមបានកៅអី Top4 នឹងត្រូវបែងចែកកៅអីគ្នានៅប្រកួតចុងក្រោយដោយក្រុមលេខ២ប៉ះក្រុមលេខ៣ និងក្រុមលេខ១ប៉ះក្រុមលេខ៤ ដើម្បីឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រប្រជែងយកជើងឯកប្រចាំរដូវកាលផងដែរ។
ការប្រកួតលីគហ្វូតសាលជាលើកដំបូងនៅក្នុងស្រុកនេះធ្វើឡើងពីថ្ងៃទី០៣ ខែ មិនា រហូតដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈភាកច្រើនប្រកួតនៅថ្ងៃចុងសប្ដាហ៍ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគ តាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុម (Top4) ត្រូវឡើងទៅប្រកួតគ្នាដណ្តើមជើងឯកប្រចាំរដូវកាល។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១និងប្រាក់រង្វាន់២០លានរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments