Ad Code

ក្រសួង​ចំនួន​៤​ ​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​វាយតម្លៃ ​និង​ការ​ទទួល​ស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល​



ភ្នំពេញ ​៖ ​ក្រសួង​ចំនួន​៤​ បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​វាយតម្លៃ​ និង​ការ​ទទួល​ស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ ​និង​វិស័យ​សុខាភិបាល ​នា​ព្រឹក​ថ្ងៃទី​១២​ ខែមិថុនា ​ឆ្នាំ​២០១៨​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ការដាក់​ឲ្យ​អនុវត្ត​អនុ​ក្រឹ​ត្យ​ស្តីពី​ការវាយតម្លៃ​និង​ការទទួលស្គាល់​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល​រួមមាន លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​អគ្គបណ្ឌិត អូន ព័ន្ធមុ​នី្ន​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ រួម​ទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ និង​អង្គការ​ដៃគូ​ដែល​ពាក់​ព័ន្ធ។

លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​បាន​មានប្រសាសន៍ ក្នុង​ឆ្នាំ​២០១៨​នេះ ​ដោយ​មាន​ការ​ឯកភាព​ពី​រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន​ និង​កីឡា និង​ក្រសួងសុខាភិបាល គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ​បាន​សម្រេច​ជ្រើស​រើស​យក​វិទ្យាល័យ​សម្រាប់​វិស័យ​អប់រំ​និង​មន្ទីរពេទ្យបង្អែក​រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់ កម្រិត​១ កម្រិត​២ និង​កម្រិត​៣​សម្រាប់​វិស័យ​សុខាភិបាល។

លោក​រដ្ឋមន្ត្រី កិត្តិ​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ការដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ​ខាងលើនេះ​ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​ការ​លើក​កម្ពស់​គុណភាព​និង​ការ​លើកទឹកចិត្ត​ក៏ដូចជា​ការ​ទទួលស្គាល់​នូវ​ស្នាដៃ​និង​មនសិការ វិជ្ជាជីវៈ​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ ​ដែល​ទទួល​ភារកិច្ច​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ក្នុង​វិស័យ​អប់រំ​ និង​សុខាភិបាល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ជូន​ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ​ការ ដាក់​ឲ្យ​អនុវត្ត​ការវាយតម្លៃ​និង​ការ​ទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​គំរូ នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ជំរុញ​ចលនា​ប្រកួតប្រជែង​ដែល​នាំ​ដល់​ការ​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធិផល​នៃ​ការផ្តល់​សេវា​សាធារណៈ​នៅតាម​គ្រឹះស្ថានសាធារណៈ​ផ្តល់​សេវា​អប់រំ​និង​សុខាភិបាល​នៅ​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​ក្រសួងសុខាភិបាល​៕
​ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu