Ad Code

ចិន​និយាយ​ថា កិច្ចប្រជុំ​កំពូល​ អាមេរិក​- ​កូរ៉េខាងជើង ​មិន​ផ្តល់​មេរៀន​សម្រាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ទេ



រដ្ឋាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ទំនាក់ទំនង​កក់ក្តៅរ​វាង​សហរដ្ឋអាមេរិក ​និង​កូរ៉េខាងជើង​មិនមែន​មានន័យថា ប្រទេស​ចិន​នឹង​ឈានដល់​កិច្ចប្រជុំ​កំពូល​មួយ​ស្រដៀង​គ្នា​នេះ​ជាមួយ​កោះ​តៃវ៉ាន់​នោះទេ​។​

ប្រទេស​សិង្ហ​បុរី​ដែលជា​ទីតាំង​នៃ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ក្នុង​សប្តាហ៍​នេះ​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ក៏​ជាទី​កន្លែង​ដែល​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បានធ្វើ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ជាមួយ​អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក ម៉ា យី​ង​ចូ កាលពី​ឆ្នាំ​២០១៥​ផងដែរ​។​

ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​កាន់តែ​អាក្រក់​ឡើង​ចាប់តាំងពី​ពេល​នោះមក​។​ ទង្វើ​អរិភាព​របស់​ចិន​បាន​កើនឡើង​បន្ទាប់ពី​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​បានជ្រើសរើស​លោកស្រី សៃ អ៊ីង​វ៉េ​ន ធ្វើជា​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០១៦​។​

ប្រទេស​ចិន​និយាយថា លោកស្រី សៃ ដែល​ដឹកនាំ​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​និយម​ឯករាជ្យ​គឺ​បាន​បដិសេធ​ទទួលស្គាល់​គោលការណ៍ “​ចិន​តែមួយ​” របស់ខ្លួន​។​

លោក Ma Xiaoguang អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន​បាន​ច្រានចោល​ការលើកឡើង​ដែលថា កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម អាច​នាំ​ឲ្យ​មាន​ភាពស្រដៀងគ្នា​រវាង​ចិន​និង​តៃវ៉ាន់​។​

លោក Ma បាន​ប្រាប់​សន្និសីទកាសែត​ក្នុងការ​ឆ្លើយតប​ទៅនឹង​សំនួរ​មួយ​ថា “​បញ្ហា​តៃវ៉ាន់​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ធម្មជាតិ​របស់​វា​គឺ​ខុសគ្នា​ទាំងស្រុង​ទៅនឹង​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​។ តៃវ៉ាន់​និង​ចិនដីគោក​សុទ្ធតែជា​កម្មសិទ្ធិ​របស់​ចិន​តែមួយ​ហើយ​ទំនាក់ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​មិនមែនជា​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​ទេ​”​។​

កិច្ចប្រជុំ​កំពូល ស៊ី​-​ម៉ា ឆ្នាំ ២០១៥ ត្រូវបាន​ធ្វើឡើង​នៅលើ​មូលដ្ឋាន​នយោបាយ​នៃ​ការប្រឆាំង​នឹង​ឯករាជ្យ​របស់​តៃវ៉ាន់​ហើយ​បាន​បង្ហាញថា ភាគី​ទាំងពីរ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​មាន​សមត្ថភាព​និង​ប្រាជ្ញា​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ​៕ REUTERS



[caption id="attachment_927996" align="aligncenter" width="960"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu