រតនគិរី ៖ ទីតាំងបញ្ចាំម៉ូតូមួយកន្លែង ត្រូវបានសមត្ថកិច្ចរឹបអូសយកម៉ូតូ បន្ទាប់ពីរកឃើញថា ទីតាំងបញ្ចាំម៉ូតូនោះ មិនមានច្បាប់អាជីវកម្ម គ្រាដែលសមត្ថកិច្ចតាមស្រាវជ្រាវរកម៉ូតូ តាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូ។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយនគរបាលអធិការក្រុងបានលុង សម្របសម្រួលដោយលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវឆែកឆេរទីតាំងបញ្ចាំម៉ូតូមួយកន្លែងស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចជ្រុងខាងកើត ឆៀងខាងជើងផ្សារបានលុង តាមការចង្អុលបង្ហាញពីជនសង្ស័យម្នាក់ ដែលត្រូវម្ចាស់ម៉ូតូប្ដឹងពីបទរំលោភសេចក្ដីទុកចិត្ត។
លោកឧត្ដមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ ១គ្រឿងម៉ាកស្មាស់ រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1S.5378 ពីផ្ទះបញ្ចាំមួយកន្លែងស្ថិតនៅទីតាំង ភូមិ សង្កាត់ខាងលើ តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ហុក ស្គី ដែលម្ចាស់ម៉ូតូបានប្ដឹងថា ខ្ចីម៉ូតូហើយយកទៅបាត់កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។ បន្ទាប់ពីដកហូតម៉ូតូ ១គ្រឿង ហើយពិនិត្យកន្លែងបញ្ចាំ ឃើញម៉ូតូមិនប្រក្រតី ចំនួន១៣គ្រឿងទៀត ទាំងទីតាំងបញ្ចាំនោះ មិនមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម។ ដូច្នេះ លោកព្រះរាជអាជ្ញារង រ៉ាបូ រ៉ាន់ឌី ក៏បានតម្រូវឲ្យដកហូតយកម៉ូតូទាំងអស់មករក្សាទុកនៅការិយាល័យជំនាញ នៃស្នងការដ្ឋានគរបាលខេត្តជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហុក ស្គី ត្រូវឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត។ រីឯម៉ូតូទាំង១៣គ្រឿង សមត្ថកិច្ចបានតម្រូវឲ្យម្ចាស់ផ្ទះបញ្ចាំ យកឯកសារពាក់ព័ន្ធនឹងម៉ូតូមកធ្វើការផ្ទៀងផ្ទាត់។ ចំណែកការផ្ទៀងផ្ទាត់ឯកសារ ហើយដោះស្រាយយ៉ាងណា សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ នៅល្ងាចថ្ងៃទី១២ ខែមិថុនានេះ។
បើទោះជាយ៉ាងណា ម្ចាស់ផ្ទះ ទីតាំងបញ្ចាំល្មើសច្បាប់ខាងលើនេះ សមត្ថកិច្ចមិនបានបង្ហើបឲ្យដឹង ពីអត្តសញ្ញាណនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments