ចៅក្រមជាន់ខ្ពស់បំផុតពីររូបរបស់ប្រទេសម៉ាឡេស៊ី បានលាលែងពីតំណែងរបស់ពួកគេ ខណៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Mahathir Mohamad បានជម្រុះមន្ត្រីជាន់ខ្ពស់ដែលគេមើលឃើញថាជិតស្និទ្ធជាមួយរដ្ឋបាលមុន។
បញ្ជីនៃមន្ត្រីកំពូលៗ ដែលត្រូវបានដកហូតឬលាឈប់ពីតំណែងរបស់ពួកគេគឺបានកើនឡើងជាលំដាប់កាលពីខែមុនបន្ទាប់ពីក្រុមចម្រុះប្រឆាំងរបស់លោក Mahathir បានទទួលជ័យជម្នះដ៏អស្ចារ្យនៅក្នុងការបោះឆ្នោតទូទៅមួយកាលពីថ្ងៃទី៩ឧសភា។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានអត្រានុកូលដ្ឋាននៃតុលាការសហព័ន្ធបានឲ្យដឹងថា ប្រធានចៅក្រម Raus Sharif និងប្រធានសាលាឧទ្ធរណ៍លោក Zulkefli Ahmad Makinudin នឹងលាលែងពីតំណែងរបស់ពួកគេនៅថ្ងៃទី៣១ខែកក្កដា។
សេចក្ដីថ្លែងការណ៍បាននិយាយថា “ព្រះមហាក្សត្រទ្រង់បានយល់ព្រមចំពោះការលាលែងរបស់ពួកគេនៅថ្ងៃទី៨ខែមិថុនា”។
សមាគមច្បាប់របស់ប្រទេសម៉ាឡេស៊ីបានជំទាស់ទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រីដែលត្រូវបណ្តេញចេញលោក Najib Razak ដើម្បីតែងតាំងលោក Raus និង Zulkefli កាលពីឆ្នាំមុនដោយបានលើកឡើងថា ចៅក្រមទាំងពីររូបនេះបានលើសអាយុចូលនិវត្តន៍។
កាលពីសប្តាហ៍មុន ម៉ាឡេស៊ីបានតែងតាំងអគ្គមេធាវីថ្មីមួយរូបដែលបាននិយាយថា នឹងមិនមានការលាក់បាំងអ្វីឡើយហើយថា គាត់នឹងបន្តសកម្មភាពព្រហ្មទណ្ឌនិងស៊ីវិលលើរឿងអាស្រូវអំពើពុករលួយនៅក្នុងមូលនិធិ 1Malaysia Development Berhad (1MDB) ដែលត្រូវបានបង្កើតឡើងដោយលោក Najib។
អគ្គមេធាវីថ្មីលោក Tommy Thomas ត្រូវបានតែងតាំងជំនួសលោក Mohamed Apandi Ali ដែលកាលពីឆ្នាំ២០១៦បានអះអាងអំពីការមិនធ្វើខុសរបស់លោក Najib ក្នុងរឿងអាស្រូវ 1MDB ទឹកប្រាក់រាប់ពាន់លានដុល្លារ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments