បាត់ដំបង ៖ ជនសង្ស័យចំនួន៦នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនដ៏សកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញតាមប្រមាញ់ និងធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ រួមជាមួយនឹងវត្ថុតាងគឺថ្នាំញៀនប្រភេទម៉ាទឹកកក ប្រមាណជាង ២០ កញ្ចប់ ខណៈដែលមុខសញ្ញាទាំងនេះ កំពុងធ្វើសកម្មភាពជាក់ស្តែងនៅតាមមូលដ្ឋាន។
កិច្ចប្រតិបត្តិការលើកទី១ របស់សមត្ថកិច្ច គឺបានប្រព្រឹត្តឡើង កាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១១និង២០នាទី ថ្ងៃត្រង់ នៅត្រង់ចំណុចភូមិ បឹងចែង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ដោយសមត្ថកិច្ចជំនាញបានជាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ ទី១-ឈ្មោះ ហាក់ លីហេង ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ ព្រះស្រែ ឃុំ ស្នឹង ស្រុក បាណន់ និងទី ២-ឈ្មោះ ហ៊ាន ពៅ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ ស្នឹងកើត ឃុំ ស្នឹង ស្រុក បាណន់។ នៅក្នុងកិច្ចប្រតិបត្តិការលើកទី១នេះដែរ កម្លាំងបានដកហូតនូវវត្ថុតាងដូចជា គ្រឿងញៀនប្រភេទម៉ាទឹកកក ២០ កញ្ចប់ ទម្ងន់ ៨,៧១ ក្រាម ទូរស័ព្ទ ០២ គ្រឿង ម៉ូតូ ០១ គ្រឿង។
លុះលើកទី២ គឺបានប្រព្រឹត្តឡើងនៅម៉ោង ៣ រសៀល ថ្ងៃ ខែ ដដែល នៅចំណុច ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ដោយកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ បានចំនួន ៤ នាក់ ១-ឈ្មោះ សាន រតនៈ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ២-ឈ្មោះ អ៊ូច ជួន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ៣-ឈ្មោះ ទូច សុវណ្ណទិន ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ភូមិ ដង្កោទាប សង្កាត់ វត្តគរ ក្រុង បាត់ដំបង និង ៤-ឈ្មោះ ម៉ន សុភា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ គ្មានទីលំនៅភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង។
នៅលើកទី២នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២ កញ្ចប់ ទម្ងន់៩,០៣ ក្រាម និងទូរស័ព្ទដៃ ចំនួន៤ គ្រឿង ដោយបច្ចុប្បន្ននេះជនសង្ស័យ និង វត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់សាលាដំបូងហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments