Ad Code

រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​ពុំ​មាន​ច្បាប់ ត្រូវ​តុលាការ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប



រតនគិរី​ ៖​ រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយកន្លែង​អត់​ច្បាប់​ជា​យូរ​មក​ហើយ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​រឹបអូស​សម្ភារៈ​មួយ​ចំនួន។

ការចុះ​បង្ក្រាប​រោង​សិប្បកម្ម​​ខាងលើ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ៤​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ចុង​ប្រ​លាន​យន្តហោះ​ចាស់ ស្ថិតនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​ការចុះ​បង្ក្រាប​រោង​សិប្បកម្ម​ខាងលើនេះ ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្នុងនោះ​រួមមាន​កម្លាំង​អាវុធហត្ថ​ក្រុង កម្លាំង​អធិការនគរបាល​ក្រុង កម្លាំង​នគរបាល​ប៉ុស្តិ៍ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ក្រុង និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់។

ម្ចាស់​រោង​សិប្បកម្ម​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ម៉ៅ សេង​ហាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​លក់ដូរ​។​
ជាមួយគ្នា​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ាស៊ីន​កែច្នៃ​ឈើ​ប្រណីត​ចំនួន​៤​គ្រឿង ក្នុង​នោះ​មាន​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ជាច្រើន​កំណាត់​ផងដែរ។

បច្ចុប្បន្ន វត្ថុតាង​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រឹបអូស​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិនទាន់​ធ្វើការ​វាស់វែង​នៅឡើយ​។​

​ដោយឡែក ម្ចាស់​រោង​សិប្បកម្ម​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​សកម្មភាព​អាជីវកម្ម​នឹង​បង់​ផាកពិន័យ​ទៅតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu