បាត់ដំបង ៖ ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ស្ទើរទាំងអស់ មានការថ្ងួចថ្ងូរទៅលើក្រុមហ៊ុន ស៊ិនទ្រី ដែលជាក្រុមហ៊ុនដេញថ្លៃ ប្រមូលសំរាម នៅក្នុងក្រុងបាត់ដំបង ដែលធ្វើការមានការយឺតយ៉ាវ ហាក់បីដូចជាមានការរិះថាំកម្លាំង ទើបបណ្តោយទុកអោយសំរាមស្អុយ រលួយ ស្ទើរគ្រប់ទីកន្លែង ទម្រាំដល់ថ្ងៃដែលក្រុមហ៊ុនចុះទៅប្រមូលម្តងៗ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុននេះ បង្ហាញវត្តមាននៅលើដីក្រុងបាត់ដំបង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែមានការដេញថ្លៃបាន ក្នុងការប្រមូលសំរាមនៅគ្រប់ច្រកល្ហក នាក្រុងបាត់ដំបង ដែលបញ្ហានេះធ្វើអោយប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមានការរីករាយយ៉ាងក្រៃលែង ដោយសារតែសំរាមត្រូវបានក្រុមហ៊ុនប្រមូលយកពីមុខផ្ទះអស់ៗរលីង ស្របពេលដែលក្រុងបាត់ដំបងទទួលបានជ័យលាភី ផ្ការរំដួល ៣ ទង ជាប់ៗគ្នាផងដែរ។
អ្វីដែលស្មានមិនដល់គឺ មួយរយៈក្រោយមក ក្រុមហ៊ុន ចាប់ផ្តើមរប៉េះរប៉ោះ ដោយការប្រមូលសំរាមមានការយឺតយ៉ាវជាទីបំផុត គឺមានរហូតដល់មួយសប្តាហ៍ ទើបគេឃើញរថយន្តរបស់ក្រុមហ៊ុនអើតក្បាលមកយកម្តង ដែលបញ្ហានេះបានធ្វើអោយសំរាមដែលគេដាក់ក្នុងធុងនៅហាលវាល ហាលខ្យល់ បង្ហើរក្លិនដ៏អសោចក្រៃលែង ស្ទើរគ្រប់ទីកន្លែង។
ប្រជាពលរដ្ឋជាច្រើនរូបបានលើកឡើងថា ដល់ខែសឹងតែមិនទាន់ទេ គឺមានភ្នាក់ងារមកដល់ភ្លាម ចំណែកសំរាមគេអត់ខ្វល់បើទោះបីជាមួយសប្តាហ៍មកប្រមូលម្តង ក៏ស្រេចតែគេគ្មានអ្នកណាហ៊ានចេញមុខតវ៉ាទាល់តែសោះ ដោយផ្ទះនីមួយៗ សុខចិត្តអង្គុយហិតក្លិនសំរាមទាំងព្រឹក ទាំងល្ងាច។
ម្យ៉ាងវិញទៀត ចំពោះរថយន្តរបស់ក្រុមហ៊ុនវិញ គឺគេតែងតែបង្ហូរទឹកសំរាមដ៏ស្អុយគគ្រុកនេះ នៅលើផ្លូវសាធារណៈស្ទើរគ្រប់ទីកន្លែង ពិសេសគឺត្រង់ណាដែលរថយន្តនេះឈប់សំចតម្តងៗ ដែលក្លិននេះដល់អ្នកធ្វើដំណើរ ស្ទើរតែទ្រាំមិនបាន និងបានប៉ះពាល់ដល់ឈ្មោះ ទីក្រុងស្អាតថែមទៀតផង ព្រោះគេអាចនិយាយបានថា បច្ចុប្បន្ននេះ បានប្រែក្លាយទៅជាទីក្រុងស្អុយវិញហើយ។
មួយរយៈនេះ កម្ពុជាថ្មី យើង បានព្យាយាមសុំការបំភ្លឺ ពីសំណាក់អ្នកគ្រប់គ្រង ក្រុមហ៊ុនប្រចាំខេត្តបាត់ដំបងដែរ ប៉ុន្តែត្រូវបានគេឆ្លើយថា មេៗ ត្រូវបានគេផ្លាស់ប្តូរចេញជិត១០ដំណរហើយ ដូច្នេះពិបាកក្នុងការស្រាវជ្រាវលេខទូរស័ព្ទ មេដែលឡើងថ្មីណាស់ ដោយសារវាច្រើនពេក ឬមួយក៏មេមុនៗធ្វើការស្អាតពេក ហើយបញ្ជារថយន្តចេញទៅប្រមូលសំរាមញឹកញាប់ពេក វាខាតថ្លៃសាំង បានជាគេប្តូរមិនឈប់បែបនេះ ?៕
Source: Kampuchea Thmey Daily
0 Comments