ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនស្ទាក់ចាប់បានមីស៊ីលចំនួនពីរគ្រាប់ដែលបាញ់ដោយកងជីវពល Houthi របស់ប្រទេសយេមែនលើរដ្ឋធានី Riyadh ខណៈដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមដើម្បីដណ្តើមទីក្រុងកំពង់ផែដ៏សំខាន់របស់យេមែនពីក្រុមសម្ព័ន្ធភាពអ៊ីរ៉ង់មួយនេះ។
រ៉យទ័របានរាយការណ៍ថា យ៉ាងហោចណាស់មានការផ្ទុះខ្លាំងៗចំនួន៦លើកត្រូវបានគេឮហើយពន្លឺភ្លើងត្រូវបានគេមើលឃើញនៅលើមេឃជុំវិញរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ អំបែងគ្រាប់ត្រូវបានគេប្រទះឃើញនៅលើផ្លូវមួយក្នុងសង្កាត់ការទូតដែលជាកន្លែងស្ថានទូតភាគច្រើនស្ថិតនៅនិងមានជនបរទេសជាច្រើនរស់នៅប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរទេ។
ទូរទស្សន៍ al-Masirah របស់ក្រុម Houthi បានផ្សាយថា មីស៊ីលត្រូវបានបាញ់ដាក់ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីតនិងគោលដៅដទៃទៀត។
ការវាយប្រហារនេះគឺជាការវាយប្រហារលើកទីមួយដែលកំណត់គោលដៅលើទីក្រុង Riyadh ចាប់តាំងពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមការវាយលុកមួយនៅថ្ងៃទី១២ខែមិថុនាដើម្បីដណ្តើមយកទីក្រុងកំពង់ផែ Hodeidah របស់ប្រទេសយេមែននៅក្នុងសមរភូមិដ៏ធំបំផុតនៃសង្គ្រាមដែលមានបំណងធ្វើឲ្យក្រុម Houthi ចុះខ្សោយតាមរយៈការកាត់ផ្តាច់បន្ទាត់ផ្គត់ផ្គង់ចម្បងរបស់ពួកគេ។
មានរថយន្តពន្លត់អគ្គិភ័យនិងវត្តមានសន្តិសុខយ៉ាងច្រើននៅក្នុងសង្កាត់ការទូតនៅភាគនិរតីទីក្រុង Riyadh បន្ទាប់ពីការវាយប្រហារមីស៊ីលកាលពីថ្ងៃអាទិត្យដែលនេះយ៉ាងហោចណាស់ជាលើកទី៦ហើយនៅលើរាជធានីនេះចាប់តាំងពីខែធ្នូមក។
ក្រុម Houthi ដែលគ្រប់គ្រងរដ្ឋធានី Sanaa បានបាញ់មីស៊ីលរាប់សិបគ្រាប់ចូលទៅក្នុងព្រះរាជាណាចក្រមួយនេះនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
គួរបញ្ជាក់ថា ក្រុមចម្រុះដែលគាំទ្រដោយលោកខាងលិចបានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមយេមែននៅឆ្នាំ២០១៥ដើម្បីកម្ចាត់ក្រុម Houthi និងស្ដាររដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើងវិញ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments