Ad Code

ក្រសួង​កសិកម្ម​ នឹង​បង្កើន​ការ​បណ្តុះបណ្តាល​ដល់​ប្រជាកសិករ​ឲ្យ​ក្លាយ​ជា​សហគ្រិនភាព



ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ នឹង​បង្កើន​ការបណ្តុះបណ្តាល​ដល់​ប្រជាកសិករ​នៅ​ទូទាំងប្រទេស​ឲ្យ​ក្លាយជា​សហគ្រិនភាព​ដើម្បី​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរឡើង។

លោក មៀ​ច យ៉ា​ឌី ប្រធានការិយាល័យ​ទីផ្សារ​កសិកម្ម​នាយកដ្ឋាន​ផែនការ​និង​ស្ថិតិ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​មានប្រសាសន៍ថា ​មន្ត្រី​ជំនាញ​កសិកម្ម​ នឹង​ចុះ​បង្ហាត់បង្រៀន​ដល់​កសិករ​នៅ​ទូទាំង​ប្រទេស​ស្តីពី​ជំនាញ​សហគ្រិនភាព​នេះ​ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​កសិករ​ពី​ការធ្វើ​កសិកម្ម​សម្រាប់តែ​គ្រួសារ​អោយទៅ​ជា​ក​សិ​ពាណិជ្ជករ​ដោយ​ចេះ​រកស៊ី​ជួញដូរ​ដោយ​ខ្លួនឯង។​

ថ្លែង​ក្រោយ​សន្និសីទ​អន្តរជាតិ​ធំ​បំផុត​ស្តីពី​កសិកម្ម ចិញ្ចឹមសត្វ​ និង​ជលផល​នៅ​កម្ពុជា​កាលពី​ចុង​សប្តាហ៍​នេះ​ នៅ​សណ្ឋាគារ​ភ្នំពេញ​លោក មៀ​ច យ៉ា​ឌី​បាន​បន្តថា ​ការចុះ​ផ្សព្វផ្សាយ​ស្តីពី​សហគ្រិនភាព​ដល់​ប្រជាកសិករ​នេះ​ មាន​ដូចជា​របៀប​ទំនាក់​ទំនង​ទីផ្សារ​ក្នុងការ​ស្វែង​ទីផ្សារ ​ តម្លៃ​កសិផល ទីកន្លែង​ ដែល​ត្រូវ​យកទៅលក់ ​និង​ដាំ​ដំណាំ​អ្វីដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ទីផ្សារ​ជាដើម។

លោក​បាន​បន្ថែម​ថា ​នៅពេល​កសិករ​មាន​ចំណេះដឹង​ពី​សហគ្រិនភាព​នេះ​​ទៅ​ គាត់​អាច​ចេះ​ស្វែងរក​ទីផ្សារ​ដោយ​ខ្លួនឯងបាន​ដោយ​មិនចាំបាច់​ពឹងពាក់​ទៅ​វិស័យ​ឯកជន​ឬ​ឈ្មួញ​កណ្តាល​នោះ​ទេ​ហើយ​នឹង​ជួយ​ធ្វើ​ឲ្យ ប្រាក់​ចំណូល​របស់​ពួកគេ​កើនឡើង​មួយ​កម្រិត​ថែមទៀត។​

លោកមៀ​ច យ៉ា​ឌី​បាន​ជំរុញ​ឲ្យ​កសិករ​ចងក្រង​ជា​សមាគម​កសិករ​ឲ្យ​បាន​ច្រើន​ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​ផែនការ​ច្បាស់លាស់ មានលទ្ធភាព​ចុះកិច្ចសន្យា​ជាមួយ​បណ្តា​ក្រុមហ៊ុន​សម្រាប់​ទិញ​ផលិតផល​នៅពេល​កសិករ​ប្រមូល​ផល​ក៏​ដូច​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​ក្នុង​ការចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ថ្មីៗ​ដល់​សហគមន៍​ផងដែរ​។​

លោកមៀ​ច យ៉ា​ឌី​ក៏បាន​អំពាវនាវ​ឲ្យ​កសិករ​ចងក្រង​ជា​សមាគម​ឬ​សហគមន៍​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កសិករ​អាច​ទំនាក់​គ្នា​ពី​ផែនការ បច្ចេកទេស​ការ​ដាំដុះ ​និង​ទីផ្សារ​កសិផល​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​ជួយ​គាំទ្រ​ដល់កសិ​ករ​នៅតាម​សហគមន៍​នីមួយៗ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន។

ចំណែក​លោក សឿ សា​ខន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​កំពង់ប្រាសាទ​នៅ ខេត្តកណ្តាល​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ​ព្រោះ​បាន​ជួយ​ឲ្យ​កសិករ​ទទួល​បាន​នូវ​ចំណេះដឹង​ទាក់ទិន​នឹង​ការធ្វើ​ជំនួញ បច្ចេកទេស​នៃ​ការដាំដុះ​ថ្មីៗ​ធ្វើ​ឲ្យ​ដំណាំ​ទទួលបាន​ទិន្នផល​ខ្ពស់​។​

លោក​បាន​បន្តថា ​«​ពាក្យ​ថា ​សហគ្រិនភាព​នេះ​ពីមុន​ដំបូង​មកពី​កសិករ​ទេ​តែ​ពី​សង្គមចាស់​ដែល​ខ្ញុំ​រស់នៅ​ពី​ក្មេង​ក៏​វា​មាន​ពាក្យ​ហ្នឹង​ដែរ​ បន្ទាប់​មក​ទៀត​ ​ក្លាយ​ជា​សហគមន៍​ ហើយ​ចុងក្រោយ​ជា​សហគ្រិនភាព​ដែល​គាត់​ចង​គ្នា​ដើម្បី​ធ្វើជា​ជំនួញ​នៅ​ក្នុង​សហគមន៍​របស់​គាត់​កាលណា​ចេះ​ធ្វើ​ជំនួញ​កុំ​ឲ្យ​ឈ្មួញ​កណ្តាល​កេងចំណេញ​ពី​គាត់​» ។​

យ៉ាងណាក៏ដោយ​លោក សឿ សា​ខន បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​នៃ​ការ​ដាំដុះ​ថ្មីៗ ក៏ដូចជា​សហគ្រិនភាព​នេះ​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​ដល់​ប្រជាកសិករ​ដើម្បី​ឲ្យ​ការ ដាំ​ដុះ​ទទួល​បាន​ទិន្នផល​ខ្ពស់​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu