ពោធិ៍សាត់ ៖ ក្រុមទិញជក់ និងចែកចាយសារធាតុញៀន ដោយខុសច្បាប់៣នាក់ ត្រូវកម្លាំងនគរបាលអធិការដ្ឋានស្រុកក្រគរ ក្របួច បានរួមទាំងវត្ថុតាងនឹងថ្នាំញៀនមួយចំនួនទៀត។
ករណីនេះ ត្រូវបានបង្ក្រាបបាន នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចតាក្របៅ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោកញ៉ឹក សុគា អធិការរង ដែលបានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបប្រាប់ថា ជនសង្ស័យដែលអ្នកទិញជក់និងអ្នកចែកចាយទី១- ឈ្មោះ ជឹម ភ័ណ្ឌ អាយុ ២៥ ភេទប្រុស ជនជាតិខ្មែរជាអ្នកចែកចាយសារធាតុញៀនដោយខុសច្បាប់ នៅភូមិទី ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ២-ឈ្មោះ រស់ សុខដេត អាយុ២៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមុខរបរ កម្មករ រស់នៅភូមិកើតហេតុ និងទី៣- ឈ្មោះ ទិត្យ វិទូ អាយុ ២៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ វត្ថុតាងដកហូតបានរួមមាន : ម្សៅក្រាមពណ៌ស សង្ស័យថា មានសារធាតុញៀនចំនួន៨កញ្ចប់ធំ១កញ្ចប់ តូច៧កញ្ចប់ កាបូបដៃពណ៌គគីរ១លុយរៀល ២០ ០០០ ៛ លុយដុល្លា$ 5 ទូរស័ព្ទដៃ០២ គ្រឿងដុំសាកទូរស័ព្ទ២ និងដែកកេះ១។
លោកញឹក សុគា បានឲ្យដឹងពីការបង្ក្រាបនេះថា មុនពេលកើតហេតុ មុនដំបូងកម្លាំងលោកបានតាមប្រមាញ់ជនដែលត្រូវដាក់ការសង្ស័យចែកចាយសារធាតុញៀនម្នាក់ប៉ុណ្ណោះ ស្របពេលនោះ កម្លាំងយើងក៏បានឃើញ ទាំងអ្នកដែលទៅទិញថ្នាំញៀននោះ មកជក់ទៀត ដោយពួកគេទាំងបីណាត់គ្នាត្រង់ចំណុចតាក្របៅភូមិកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់។ ភ្លាមនោះលោកបានបញ្ជាកម្លាំង ចូលក្រសោបយកទាំងបីនោះរួមទាំងវត្ថុតាងតែម្ដង។
លោកបានបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួនទាំង៣ខាងលើ យើងបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា និងលោកអធិការដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់៕
Source: Kampuchea Thmey Daily
0 Comments