ប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ព្រះចៅអធិការវត្តភ្នំបាក់លើ ត្រូវបានគេចាប់យកមកផ្សឹកនៅមុខមហាជនរាប់រយនាក់ ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចធម៌វិន័យក្នុងព្រះពុទ្ធសាសនា មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានខាងស្ត្រីរងគ្រោះលាតត្រដាងពីរឿងចាប់រំលោភនាង រួចរត់គេចខ្លួនបាត់រហូតមកដល់ពេលនេះ ធ្វើអោយនាងក្តៅក្រហាយទ្រាំមិនបាន ក៏សម្រេចចិត្តបង្ហោះឃ្លីបវីដេអូសាសងគ្នាតាមប្រព័ន្ធហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកពេញប្រទេសតែម្ដង។
សូមបញ្ជាក់ថា លោកស្រិលវណ្ណា មានអាយុ៣៧ឆ្នាំ អតីតជាចៅអធិការវត្តភ្នំបាក់លើ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយជាសង្ឃមួយអង្គ ពូកែខាងស្រោចទឹក និងធ្វើខ្សែកថាជូនមហាជនជាច្រើននៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចនៅទូទាំងប្រទេសទៀតផងនាពេលកន្លងទៅ។ ប៉ុន្តែឥឡូវ លោកបានក្លាយជា ជនសង្ស័យម្នាក់ពាក់ព័ន្ធក្នុងករណីរំលោភលើគូស្នេហ៍របស់ខ្លួន នៅឯក្នុងផ្ទះរបស់នាងតែម្ដង ខណៈឪពុកម្ដាយនាងមិននៅ។
តាមការឱ្យដឹងពីស្ត្រីរងគ្រោះ ដែលមានឈ្មោះ កាយលីតា អាយុ២០ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់រឿងអាស្រូវរវាងនាង និងលោកសង្ឃអង្គនោះ ដោយមិនចេះខ្មាសអៀន នៅមុខមហាជនរាប់រយនាក់ថា ដើមឡើយនាងមានជំងឺ ដោយត្រូវអំពើរបស់គេ ហើយឱ្យលោកសង្ឃខាងលើនោះមើលជំងឺរបស់ខ្លួនរហូតបានជាសះស្បើយ។ ក្រោយមកនាង និងលោកសង្ឃនោះ ក៏បានស្រលាញ់គ្នាទៅវិញទៅមក រហូតបានដេកឱបគ្នាលក្ខណៈជាគូសង្សារ កាលពីមុនចូលឆ្នាំខ្មែរម្ល៉េះ។
នាងបានលើកឡើងទៀតថា មូលហេតុដែលនាងក្តៅក្រហាយជាងគេនោះ គឺមានថ្ងៃមួយលោកបានទៅដេកក្នុងផ្ទះនាងចំនួន ពីរយប់តែយប់ទី១ គឺលោកមិនបានធ្វើអ្វីទេ ដោយសារពុកម្ដាយនាងនៅជុំគ្នាទាំងអស់ លុះដល់យប់ទី២ ស្រាប់តែលោកនោះបានចាប់នាងរំលោភបានសម្រេច ហើយរត់គេចខ្លួនបាត់តែម្ដង បើទោះជានាងទូរស័ព្ទរកលោកអោយមកនិយាយគ្នាទៅតាមផ្លូវច្បាប់ ក៏លោកមិនមកជួបដែរ ទើបធ្វើឲ្យរូបនាងខឹងក្តៅក្រហាយយ៉ាងខ្លាំង បំផុតក៏បានយករូបថតដែលបានថតរួមគ្នានៅលើគ្រែ មកបង្ហោះតាមប្រព័ន្ធហ្វេសប៊ុកដើម្បីឲ្យលោកចេញមុខមកបកស្រាយតែម្ដង។
នៅមុខមហាជនរាប់រយនាក់នោះដែរ នាងបានសំណូមពរទៅដល់ព្រះមេគណខេត្ត និងក្រុងរួមទាំងមន្ទីរក្រសួងធម្មការ ឲ្យផ្សឹកលោកនោះដោយខានមិនបាន ទីពីរ គឺសុំឲ្យផ្លូវច្បាប់ចាត់ការទៅលើសង្ឃរូបនេះទាក់ទិនទៅនឹងបទរំលោភលើរាងកាយរបស់នាង ហើយបានធ្វើឲ្យកិត្តិយសក្រុមគ្រួសាររបស់នាងកំពុងតែជួបភាពអាម៉ាស់ទៀតផង។
ចំពោះលោក ស្រុកវណ្ណា ដែលត្រូវស្ត្រីរងគ្រោះចោទប្រកាន់ពីបទចាប់រំលោភនោះបានបំភ្លឺនៅមុខមហាជនថា លោកមិនបានចាប់រំលោភនាងទេ ការពិតទៅវាជារឿងត្រូវរ៉ូវគ្នាក្នុងនាមជាគូសង្សារជាមួយគ្នាកន្លងទៅ។ លោកក៏បានសារភាពថា លោកបានធ្វើខុសនឹងវិន័យសង្ឃពិតប្រាកដមែនលោកសុខចិត្តទទួលទោសតាមវិន័យសង្ឃផងដែរ។
លោកយីនយឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា រឿងនេះគឺខាងលោកបានដឹងហើយ ក្រោយមក រូបលោកនិងព្រះសង្ឃឯទៀតបានខំព្យាយាមសម្របសម្រួលផងដែរ តែជនរងគ្រោះបែរជាបដិសេធថា គេមិនទទួលយកថវិកាទេ។
លោកបានបន្តទៀតថា ក្នុងនាមលោកជាប្រធានមន្ទីរគឺលោកគ្មានសិទ្ធិឯណាទៅផ្សឹកលោកសង្ឃបានទេ គឺមានតែព្រះមេគណ និងអនុគណក្រុងខេត្តតែប៉ុណ្ណោះ ដែលហ៊ានសម្រេចផ្សឹកលោកបាននោះ។ ក្រោយពេលផ្សឹកបានហើយ គឺវាជាតួនាទីរបស់សមត្ថកិច្ចជាអ្នកចាត់ការតាមផ្លូវច្បាប់ថាតើត្រូវសួរនាំជនសង្ស័យ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចាប់រំលោភនោះ ឬយ៉ាងណាវាជាតួនាទីរបស់សមត្ថកិច្ចឯណោះ៕
Source: Kampuchea Thmey Daily
0 Comments