Ad Code

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា ដាក់ពន្ធនាគារ​បន្តទៀត



ភ្នំពេញ ​៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សវនាការ​នេះ ធ្វើ​ឡើងជា​អសាធារណៈ ដោយ​មាន​លោក សួស សំអាត ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ។

លោក ទូច ថា​រិ​ទ្ធ អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ នា​ព្រឹក​នោះ​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បាន​សម្រេច​មិន​ដោះលែង​ជន​ត្រូវ​ចោទ កឹម សុខា ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះទេ ដោយ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល​។​

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

ទាក់ទង​បញ្ហា​នេះ កាលពី​ខែមីនា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បន្ត​ឃុំខ្លួន លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត ក្រោយពេល​បញ្ចប់​ការ​សួរនាំ​ពេញ​មួយថ្ងៃ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ហើយ​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង ដែល​មេធាវី​លោក កឹម សុខា ប្តឹង​ប្រឆាំងនឹង​ការសម្រេច​ពន្យារពេល​ឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រោយពី​បញ្ចប់​សវនាការ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​តម្កល់​សាលដីកា របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ពោល គឺ​បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រយៈពេល​៦​ខែ​បន្តទៀត​។​

លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ បានចេញ​ដីកា​កោះហៅ​សាក្សី​ចំនួន​៨​នាក់ ឲ្យ​ចូល​តាម​បំភ្លឺ​ក្នុង​សំណុំរឿង​លោក កឹម សុខា នេះ ដែល​រួមមាន ទី​១, អ្នកស្រី ចក់ សុភាព ចូលខ្លួន​នៅ​ថ្ងៃទី​៧ ខែមិថុនា ទី​២, លោក ប៉ា ងួនទៀង ចូលខ្លួន​នៅ​ថ្ងៃទី​៩ ខែមិថុនា ទី​៣, លោក គ្រី សុង ចូលខ្លួន​នៅ​ថ្ងៃទី​៥ ខែមិថុនា ទី​៤, លោក សៀ ភារ​ម្យ ចូលខ្លួន​នៅ​ថ្ងៃទី​១២ ខែមិថុនា ទី​៥, លោក កែវ រតនា ចូលខ្លួន​នៅ​ថ្ងៃទី​១៥ ខែមិថុនា ទី​៦, លោក ខឿន វី​រ៉ាត់ ចូលខ្លួន​នៅ​ថ្ងៃទី​១៣ ខែមិថុនា ទី​៧, លោក មាស គឹម​សេង ចូលខ្លួន​នៅ​ថ្ងៃទី​៧ ខែមិថុនា ទី​៨, លោក ហេង ពិសិដ្ឋ ចូលខ្លួន​នៅ​ថ្ងៃទី​១៣ ខែមិថុនា៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu