ភ្នំពេញ ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាសហការជាមួយសាកលវិទ្យាល័យពហុបច្ចេកទេសធានជីងនៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងបង្កើតសាកលវិទ្យាល័យពហុបច្ចេកទេសដ៏ធំមួយនៅកម្ពុជានាពេលខាងមុខនេះដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំក៏ដូចជាជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជាឲ្យកាន់តែប្រសើរឡើង។
កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បាននាំគណៈប្រតិភូសាកលវិទ្យាល័យពហុបច្ចេកទេសធានជីងដឹកនាំដោយលោកស្រី LIAN Jie លេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិននៃសាកលវិទ្យាល័យពហុបច្ចេកទេសធានជីងចូលជួបសំដែងការគួរសមជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួង។
ថ្លែងក្រោយជំនួបពិភាក្សានេះលោកបណ្ឌិតអ៊ិតសំហេងបានមានប្រសាសន៍ថា សាកលវិទ្យាល័យដែលគ្រោងនឹងបង្កើតនៅតំបន់ជ្រោយចង្វារនាពេលខាងមុខនេះ មានការបណ្តុះបណ្តាលទៅលើមុខវិជ្ជាមួយចំនួនដូចជាវិស្វករវាយនភ័ណ្ឌរួមមាន ផ្នែកកាត់ដេរនិងរចនា វិស្វករបច្ចេកទេសនិង បច្ចេកវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័ររួមមានវិស្វករផ្នែកសូហ្វវែ វិស្វករអេឡិចត្រូនិច វិស្វករម្ហូបអាហារ វិស្វករស៊ីវិល ស្ថាបត្យកម្ម ការគ្រប់គ្រង ពាណិជ្ជកម្មអន្តរជាតិនិងសណ្ឋាគារនិងជំនាញតបណ្តាញជាដើម។
លោកបណ្ឌិតអ៊ិត សំហេងបានបន្តថា សាកលវិទ្យាល័យនេះ មានការបណ្តុះបណ្តាលជំនាញអប់រំវិជ្ជាជីវៈចាប់ពីកម្រិតថ្នាក់វិជ្ជាជីវៈ បរិញ្ញាបត្រ អនុបណ្ឌិតរហូតដល់បណ្ឌិត។
ជាមួយគ្នានេះដែរលោកបណ្ឌិតរដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យគួរតែធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតព្រោះថាសកលវិទ្យាល័យនេះ មានវិសាលភាពធំក្នុងការបណ្តុះបណ្តាលដល់យុវជនកម្ពុជា។
គួរបញ្ជាក់ថា គម្រោងបង្កើតសាកលវិទ្យាល័យពហុបច្ចេកទេសកម្ពុជាចិននេះគឺសមាគមសហការជាមួយសាកលវិទ្យាល័យពហុបច្ចេកទេសធានជីង ហើយគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមអបអរសាទរខួបលើកទី៦៥ឆ្នាំនៃការទំនាក់ទំនងមិត្តភាពកម្ពុជាចិនហើយការបង្កើតសាកលវិទ្យាល័យពហុបច្ចេកទេសនេះឡើងគឺក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments