ភ្នំពេញ ៖ ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ជាប្រឡាយមេរំដោះជំនន់ទឹកភ្លៀងមួយ ក្នុងចំណោមគម្រោងទាំង៥របស់រដ្ឋបាលរាជធានី ដែលបានដាក់ចេញជាផែនការឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចនៅក្នុងរាជធានីភ្នំពេញ។
ក្នុងចំណោមគម្រោងទាំងនេះឃើញថា សម្រាប់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង រដ្ឋបាលរាជធានី បានកំពុងអនុវត្តន៍យ៉ាងសកម្មផងដែរ ពោលគឺចាប់ ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ក្រុមការងារបានអនុវត្តការងារស្តាប្រឡាយនេះ បានប្រវែង ៣១០ម៉ែត្រហើយ លើប្រវែងប្រឡាយសរុប២០០០ម៉ែត្រ ដើម្បីសម្រួលទឹកហូរ ចាប់ពីវត្តតាំងកសាងផ្លូវ១០៥ ភូមិចំការឪឡឹក១ ភូមិដំណាក់ពិសេស មហាវិថីសហព័ន្ធរុស្សី ព្រលានយន្តហោះពោធិចិនតុង សង្កាត់ចោមចៅ៣ និងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា ក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។
តំបន់លិចទឹកទាំង៥កន្លែង ដែលត្រូវដោះស្រាយនេះរួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ទី២-តំបន់មហាវិថីសហព័ន្ធរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅ និង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឪឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។ គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។
ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយបូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយបុរី១០០ខ្នង ទី២ស្ថានីយលូ ៥ ទី៣ស្ថានីយបឹងទំពុន និងទី៤ស្ថានីយទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង៕
Source: Kampuchea Thmey Daily
0 Comments