បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងគយចល័តប្រចាំខេត្តបន្ទាយមានជ័យ១ក្រុម បានធ្វើការព័ទ្ធស្ទាក់ចាប់បានក្របីចំនួនជាង៤០ក្បាលដឹកតាមរថយន្តយីឌុបមួយគ្រឿង ក្រោយពីដឹកចេញពីបន្ទាត់ព្រំដែន ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យព្រោះបម្រុងលោតឆ័ត្រគ្មាន ឯកសារគ្រប់គ្រាន់ពីមន្ត្រីជំនាញនៅលើដង ផ្លូវជាតិលេខ៥ មុខទីតាំងគយចល័តរបស់ក្រសួងខាងលិចស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីគយចល័តម្នាក់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្របីទាំងនេះដឹកតាមរថយន្តយីឌុបម៉ាក HINO ចង្កូតឆ្វេង ពាក់ស្លាកលេខ ស្វាយរៀង 3A-0750។ ក្របីទាំងនេះនាំចូលតាមរយៈ ក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ ប៉ុន្តែមិនបានទៅកាត់ពន្ធឆ្លងកាត់នៅការិយាល័យគយច្រកតំបន់បឹងត្រកួន ឲ្យបានត្រឹមត្រូវនោះទេ។
បញ្ហាខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុននាំចូល សត្វក្របីពីថៃដែលសមត្ថកិច្ចជំនាញចាប់ខាងលើបានឡើយ ដោយមិនស្គាល់លេខទូរស័ព្ទ។ ម្យ៉ាងនៅចំណុចកើតហេតុគេឃើញមានតែអ្នកបើកបររថយន្តដឹកក្របី និងកម្មកររួមដំណើរ ហើយពេលសាកសួរពួកគាត់មិននិយាយស្តីដោយគ្រាន់តែប្រាប់ថា ពួកគាត់ធ្វើការយកតែប្រាក់ខែមិនដែលដឹងថា សត្វក្របីទាំងនេះជារបស់ក្រុមហ៊ុនឈ្មោះអ្វីឡើយ ពួកគាត់ថា សត្វក្របីទាំងនឹងដឹកទៅដល់ព្រំដែនកម្ពុជា-វៀតណាមខេត្តស្វាយរៀងឯណោះ៕
Source: Kampuchea Thmey Daily
0 Comments