ភ្នំពេញ ៖ ជីវិតគូស្រករស្រីស្រលាញ់ស្រីដូចគ្នា ដោយម្ខាងដើរតួជាប្រុស បានវេញចងចំណងស្នេហ៍រស់នៅជាមួយគ្នាអស់រយៈពេល៧ឆ្នាំមកហើយ ពេលនេះត្រូវបានឪពុកម្តាយខាងតួអង្គស្រីកើតទុក្ខមិនសុខចិត្ត ព្រោះអាណិតវាសនាកូន បានសុំបំបែកដោយគ្រាន់តែសុំយកកូនស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ មិនចង់កើតរឿងរ៉ាវវែងឆ្ងាយនោះឡើយ រហូតឈានដល់មកដោះស្រាយគ្នានៅប៉ុស្ដិ៍ បានធ្វើឲ្យតួអង្គខាងប្រុសបានត្រឹមអង្គុយសម្រក់ទឹកភ្នែកស្ដាយស្រណោះនូវអ្វីដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាជិត១០ឆ្នាំមកនេះ។
រឿងរ៉ាវនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ភាគីខាងដើរតួប្រុស(ស្រី តែតាំងខ្លួនធ្វើជាប្រុស) ឈ្មោះ វ៉ាត់ សុខន អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងធ្នង់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានឪពុកឈ្មោះ វង់ សម្បត្តិ អាយុ៥៨ឆ្នាំ មុខរបរ កសិករ មាន ម្តាយឈ្មោះ សៀង ស្រូយ អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិខាងលើ មានបងប្អូន៤នាក់ ប្រុស១ ស្រី៣ តួអង្គខាងលើ ជាកូនទី១។ ចំណែកភាគី ខាងស្រីពិតប្រាកដ មានឈ្មោះ ឈាង វី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិស្តុក ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ ម៉ែន ប៉ឹក អាយុ៥២ឆ្នាំ មុខរបរ កសិករ មានម្តាយឈ្មោះ សាវ គង់ អាយុ៥១ឆ្នាំ មុខរបរកសិករ នាងមានបងប្អូន៦នាក់ ប្រុសម្នាក់ ស្រី៥នាក់ ហើយនាងជាកូនទី៣ ក្នុងគ្រួសារ។
តាមសម្តីភាគីខាងស្រីបានឲ្យដឹងថា គាត់ស្រឡាញ់ឈ្មោះ វ៉ាត់ សុខន ដោយស្ម័គ្រចិត្ត ទោះជាគាត់ ធាតុពិតជាស្រីមែន ជ្រើសរើសយកធ្វើជាស្វាមី ដោយចិត្តនាង ចេះថ្នាក់ថ្នម បីបមចិត្ត ជាងប្រុសពិតទៅទៀត ហើយគាត់ស្រឡាញ់គ្នា៧ឆ្នាំមកហើយ បងប្អូន ក្រុមគ្រួសារ ឪពុកម្តាយមិនពេញចិត្ត នូវទង្វើស្រីស្រឡាញ់ស្រីដូចគ្នាដូចគាត់នេះ នៅតែគាត់ក្រាញ់ននៀលងុប ស្រឡាញ់គាត់។
ចំណែកភាគីតួអង្គប្រុសវិញ បានឲ្យដឹងថា ថ្វីគាត់ជាស្រីពិតប្រាកដមែន តែការងារ ចរិតឫកពាគាត់ជាមនុស្សប្រុស គាត់ចេះយល់ចិត្ត យល់អារម្មណ៍ ដឹងទុក្ខធុរៈនាងខាងលើ ចាត់ទុកជាប្រពន្ធរបស់គាត់ ទោះជាមជ្ឈដ្ឋានជុំវិញពេបជ្រាយបែបណាក៏ដោយ គាត់តាំងចិត្តយកស្រីដូចគ្នាធ្វើជាប្តីប្រពន្ធ ដូចមនុស្សភេទផ្ទុយគ្នាដែរ អស់រយៈពេល៧ឆ្នាំហើយ ដែលពួកគាត់ យកគ្នាជាប្តីប្រពន្ធ។
បើតាមសម្ដីឪពុកម្តាយខាងតួប្រុសវិញបានឲ្យដឹងថា ពួកគាត់មិនដឹងទេជាសិទ្ធិរបស់កូនធ្វើយ៉ាងម៉េចបើនិស្ស័យកូនបែបនេះទៅហើយ សូមតែម្យ៉ាងកុំឲ្យកូនដើរខុសច្បាប់សង្គមអ្វីជាបទល្មើសពាក់ព័ន្ធផ្លូវច្បាប់ត្រូវជៀសវាង។ ដោយឡែកតាមសម្តី ឪពុកម្តាយ ខាងតួស្រីវិញបានឲ្យដឹងថា រឿងរ៉ាវស្នេហា ជីវិតកូនស្រីគាត់ម្នាក់នេះ ច្រើនឆ្នាំមកហើយ ក្រោយពីដឹងថា កូនស្រីមានស្នេហា ជាមួយមនុស្សស្រីភេទដូចគ្នា ធ្វើឲ្យគាត់មានអារម្មណ៍ ស្ទើរបែកទ្រូងទៅហើយ ទោះខំព្យាយាមលួងលោមអង្វរកូនយ៉ាងណាក៏កូនមិនស្ដាប់។
គាត់បានលើកហេតុផលថា កើតមកមួយជាតិនឹងគេដែរគាត់ចង់ឃើញកូនស្រីមានប្តីគូស្រករ ត្រឹមត្រូវមានកូនចៅ សាងត្រកូល ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែ លួងឲ្យកូនទៅផ្ទះ បែរជាកូនមិនព្រម មិនស្តាប់ ទើបនៅរសៀលថ្ងៃទី១៣នេះ គាត់បានសម្រេចចាត់វិធានការមកចាប់យកកូនឲ្យទៅផ្ទះវិញចំពោះភាគីម្ខាងគឺគាត់មិនប៉ះពាល់ឡើយ សូមយកតែកូនគាត់វិលទៅផ្ទះប៉ុណ្ណោះ។
ភាពចម្រូងចម្រាសការក្រាញននៀលរបស់ភាគីខាងតួស្រី ត្រូវបានឪពុកម្តាយ សាច់ញាតិ នាំទៅប៉ុស្តិ៍ប៉ូលិស រាយការណ៍សុំយកតែកូនវិលទៅផ្ទះទេ។ ចំពោះសមត្ថកិច្ចវិញបានឲ្យដឹងថា នេះជារឿងក្រុមគ្រួសារគាត់ទេ ហើយឪពុកម្តាយគេយកតែកូនគេទៅផ្ទះវិញ មិនមែនជាបទល្មើសអ្វីឡើយសុំឲ្យនិយាយគ្នាតាមសម្រួលទៅ។
ក្រោយពីឪពុកម្តាយសាច់ញាតិភាគីខាងតួស្រី ចាប់នាំកូនគេវិលត្រឡប់ទៅផ្ទះវិញ ភាគីខាងតួប្រុសបានត្រឹមអង្គុយសម្រក់ទឹកភ្នែកប៉ុណ្ណោះ ដោយមិនអាចធ្វើអ្វីបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments