សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យលើបញ្ហាដ៏រសើបនៃការបំបែកបំបាក់កុមារអន្តោប្រវេសន៍ពីឪពុកម្តាយរបស់ពួកគេនៅតាមព្រំដែនសហរដ្ឋអាមេរិក ខណៈដែលជំទាវទីមួយ Melania Trump បានធ្វើការអង្វរករផ្នែកនយោបាយដ៏កម្រមួយដើម្បីឲ្យបញ្ចប់ការអនុវត្តដ៏ចម្រូងចម្រាសនេះ។
គោលនយោបាយសន្តិសុខព្រំដែន “គ្មានការអត់ឱន” ដែលអនុវត្តដោយរដ្ឋការរបស់លោកប្រធានាធិបតី Donald Trump បានបង្កកំហឹងលើគណបក្សទាំងសងខាង ហើយកាន់តែស៊ីជម្រៅជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកបានប្រារព្ធទិវាឪពុក។
លោក Trump បាននិយាយថា លោកចង់ឲ្យការបំបែកនេះ ត្រូវបញ្ចប់ ប៉ុន្តែនៅតែបន្ទោសបក្សប្រជាធិបតេយ្យចំពោះវិបត្តិនេះដែលក្រុមអ្នករិះគន់និយាយថាគឺជាការបង្កើតរបស់លោកផ្ទាល់។
ភរិយារបស់គាត់ដែលមិនសូវលូកដៃក្នុងឆាកនយោបាយនោះគឺមិនបានរិះគន់គោលនយោបាយនៃរដ្ឋបាលរបស់គាត់ទេ ប៉ុន្តែផ្ទុយទៅវិញបានអំពាវនាវឲ្យមានកំណែទម្រង់អន្តោប្រវេសន៍ពីគណបក្សទាំងពីរដើម្បីដោះស្រាយបញ្ហានេះ។
អ្នកនាំពាក្យរបស់លោកស្រីគឺនាង Stephanie Grisham បានប្រាប់ទូរទស្សន៍ CNN ថា “លោកស្រី Trump មិនចង់ឃើញកុមារត្រូវបំបែកពីគ្រួសាររបស់ពួកគេទេ ហើយសង្ឃឹមថា នៅទីបំផុតគណបក្សទាំងពីរអាចមកជួបជុំគ្នាដើម្បីទទួលបានជោគជ័យក្នុងកំណែទម្រង់អន្តោប្រវេសន៍”។
អ្នកនាំពាក្យដដែលបានបន្ថែមថា “លោកស្រីជឿជាក់ថា យើងត្រូវតែក្លាយជាប្រទេសមួយដែលគោរពច្បាប់ទាំងអស់ ប៉ុន្តែក៏ជាប្រទេសមួយដែលគ្រប់គ្រងដោយបេះដូងផងដែរ”។
បញ្ហាអន្តោប្រវេសន៍គឺជាផ្នែកមួយនៃវិបត្ដិដ៏ក្តៅគគុកបំផុតដែលវាយប្រហាររដ្ឋបាលរបស់លោក Trump។
ក្នុងរយៈពេល៦សប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលបាននិយាយថា អនីតិជនជិត២,០០០នាក់ត្រូវបានបំបែកចេញពីឪពុកម្តាយឬអាណាព្យាបាលពេញវ័យរបស់ពួកគេដែលនេះជាតួលេខមួយបង្កឲ្យមានកំហឹងយ៉ាងខ្លាំងក្លា។
ចំនួននៃការបំបែកបានកើនឡើងចាប់តាំងពីដើមខែឧសភាមកនៅពេលដែលអគ្គមេធាវី Jeff Sessions បានប្រកាសថា ជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ទាំងអស់ដែលឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកនឹងត្រូវចាប់ខ្លួនដោយមិនគិតថាតើជាមនុស្សពេញវ័យកំពុងស្វែងរកសិទ្ធិជ្រកកោននោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments