Ad Code

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន បិទ​បញ្ជី​ចុះ​ឈ្មោះ​កីឡាករ នៅ​ដំណាច់​ខែ​មិថុនា នេះ



គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បាន​ជូនដំណឹង​ដល់​ភាគី​និង​ក្លិប​ពាក់ព័ន្ធ​​កាល​ពី​ថ្ងៃច័ន្ទ ទី១១ មិថុនា ដើម​សប្ដាហ៍​នេះ​ថា​ ការ​ចុះបញ្ជី​ឈ្មោះ​កីឡាករ​​សម្រាប់​ការ​ប្រកួត​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើកទី១២ (Hun Sen Cup) វគ្គ​ជម្រុះ​ថ្នាក់​ជាតិ ឆ្នាំ២០១៨​ នឹង​​បិទ​នៅ​ថ្ងៃ​ទី២៩ ខែមិថុនា ខាងមុខ។

លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិ CNCC លើក​ឡើង​ប្រាប់ថា ក្រុម និង ក្លិបនីមួយៗ​ អាច​ចុះ​បញ្ជី​កីឡាករ​ច្រើន​បំផុត​ចំនួន​៣០រូប។ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៨​ នឹង​ចាប់​ផ្ដើម​វគ្គ១៦​ក្រុម​នៅ​ថ្ងៃទី១១ ខែកក្កដា ដោយមានចំនួនពីរជើង។



យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ CNCC ​​ពានរង្វាន់​​សម្តេច​តេជោ ឆ្នាំ​នេះ​​នឹង​រៀបចំ​ចំនួន​២វគ្គ​ដោយ​វគ្គ​ទី១ ហៅ​ថា​វគ្គ​ជម្រុះ​ថ្នាក់ខេត្ត និង​វគ្គ​ទី២​ហៅ​ថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៦​ខែ​តុលា ឆ្នាំ​២០១៨។ ចំពោះ​វគ្គ​ជម្រុះតាម​ថ្នាក់​ខេត្ត​បែងចែក ការ​ប្រកួត​ជា​២វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​​ពូល​ (វគ្គ​ជម្រុះ​បឋម) និង​ជម្រុះ​ចុងក្រោយ​។

វគ្គ​ជម្រុះ​​តាម​ពូល​​ថ្នាក់​ខេត្ត​មាន​ទាំង​អស់​២៧ក្រុម​បែងចែក​ជា៥ពូល ជា​លទ្ធផល​ក្រុម​ល្អ​ជាង​គេ ពី​​លេខ១ដល់​លេខ៣ បូក​ទាំង​ក្រុម​លេខ៤​ល្អ​បំផុត​ក្នុង​ចំណោម​ពូល​ទាំង​៥​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​​១៦ក្រុម​ចុងក្រោយ។ ចំណែក​វគ្គ​ជម្រុះ​ជុំចុងក្រោយ យក​ក្រុម​ទាំង​១៦​ចាប់​គូ​គ្នា​ប្រកួត​ជា​បន្ត​បន្ទាប់ រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ដែល​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ (៤ក្រុម​ខ្លាំង​ជាង​គេ) មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ជើង​ឯកថ្នាក់ជាតិ (យុវជន​សាលា​បាល់ទាត់​ជាតិ​ឈ្នះ​ជើង​ឯក)។ ចំណែក​ក្រុម​ខ្លាំង​ជាង​គេ​ទាំង​៤​មាន​ U18សាលា​បាល់ទាត់​ជាតិ គីរីវង់អែហ្វស៊ី កំពត និង​កោះកុង។



ចំណែក​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​វិញ​ មាន​ក្រុម​ចំនួន​១២​ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​នៅ​រង់ចាំ​បូក​ជាមួយ​ក្រុម​ចំនួន៤​​ខ្លាំង​ជាង​គេ ​មក​ពី​​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​ថ្នាក់​ខេត្ត។ ដោយ​ចាប់​ឆ្នោត​រើស​គួ​ប្រកួត​ប្តូរ​ទឹកដី​គ្នា​ (ចំនួន២លើក) ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្តង។ យ៉ាងណាក្តី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ថ្នាក់​ខេត្ត​និង​វគ្គ​ជម្រុះ​ជើង​ឯក​ថ្នាក់​ជាតិ​ក្នុង​ពានរង្វាន់​នេះ។

គិត​ត្រឹម​ពេល​នេះ​កម្មវិធី​​ប្រកួត​ថ្នាក់​ជាតិ វគ្គ​១៦ក្រុម​​ចុងក្រោយ ត្រូវ​បាន CNCC ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​រួចហើយ​ដែល​មាន​ដូចជា ស្វាយរៀង ជួប​ក្រុម​វិសាខា ហើយ​ក្រុម​ខេត្ត​កោះកុង ប៉ះ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិបាទី ខណៈ​ក្រុម​សូលទីឡូអង្គរ ជួប​ក្រុម​អង្គរថាយហ្គឺរ ហើយ​ក្រុម​អគ្គីសនីកម្ពុជា ប៉ះ​ក្រុម​ភ្នំពេញក្រោន ក្រុម​ណាហ្គាវើល ជួប​ក្រុម​កំពត ស្រប​ពេល​ក្រសួងការពារជាតិ ជួប​អាស៊ីអឺរ៉ុប ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ប៉ះ​ក្រុម​គីរីវង់អែហ្វស៊ី និង​ក្រុម​វេស្ទើនភ្នំពេញ ប៉ះ​ក្រុម​បឹងកេត។ ​វគ្គ​នេះ​ធ្វើ​ឡើង​ចំនួន២ជើង ដោយ​​ជើង​ទី១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ កក្កដា និង​ជើង​ទី២ ធ្វើ​ឡើង​១៨ កក្កដា ខាង​មុខ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu