Ad Code

ក្បាលស្ពាន​វត្ត​គរ កំពុង​ជួប​នឹង​បញ្ហា ដោយសារ​ការ​បាក់​ស្រុតដី



បាត់ដំបង ​៖​ ស្ពាន​វត្ត​គរ គឺជា​ស្ពាន​មួយ​ដែល​សាងសង់​ឡើង ដោយ​មូលនិធិ របស់​រាជរដ្ឋាភិបាល នា​ឆ្នាំ​២០០៩ ហើយក៏​ជា​ស្ពាន​មួយ​សម្រាប់​ឆ្លងកាត់​ដងស្ទឹង​សង្កែ​ ដោយបាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៥ ទៅ​ផ្លូវជាតិ​លេខ​៥៧ ដោយ​បែក​ចេញពី​ក្រុង​បាត់ដំបង ឆ្ពោះទៅកាន់​ខេត្ត ប៉ៃលិន។

កាលដើមឡើយ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ ​ មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ ដើម្បី​ឆ្លង​ស្ទឹង​ពី​ម្ខាង ទៅ​ម្ខាង ដោយសារតែ​គ្មាន​ស្ពាន ​គឺ​ពួកគាត់​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងតាម​ស្ពាន​រថភ្លើង​ទាំង​លំបាក ​ បើទោះបីជា​មានការ​ធ្លាក់​មនុស្ស​ស្លាប់​ជា​ញឹកញាប់​ក៏ដោយ។

លុះ​ក្រោយពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​អោយ​ដំណើរការ​សាងសង់​ស្ពាន​វត្ត​គរ​នេះ​ឡើង ស្រប​ពេលដែល​ផ្លូវជាតិ​លេខ​៥៧ ក៏បាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​រួចមក​ ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​យ៉ាងខ្លាំង ក្នុងការ​ធ្វើដំណើរ​ឆ្លង​ស្ទឹង​ទៅ មក និង​ដឹកនាំ​ទំនិញ​ទៅកាន់​តំបន់​នានា ដែល​ស្ថិត​នៅជាប់​នឹង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ។​

មួយរយៈ​ក្រោយមក ក្បាលស្ពាន​វត្ត​គរ​ត្រើយ​ខាងកើត ដែល​ស្ថិតក្នុង ភូមិ​វត្ត​តា​មឹម​ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ មាន​បញ្ហា​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ដី​មាត់ច្រាំង​មានការ​បាក់ ស្រុត​យ៉ាង​លឿន រហូត​បាក់​ដល់​ខឿន​ក្បាលស្ពាន​តែម្តង ដែល​បញ្ហា​នេះ​បានធ្វើ​អោយ​អ្នក​រស់នៅក្នុង​តំបន់​នេះ ពិសេស​អ្នក​ដែល​ធ្វើដំណើរ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ព្រោះ​ការបាក់ ស្រុត វា​បាន​ស៊ី​ទៅ​លើដី​ចំណីផ្លូវ​បន្តិច​ទៅហើយ ដូច្នេះ​តទៅ​មុខ​វា​នឹង​បាក់​ដល់​ណា​ទៀត ឯ​អ្នកធ្វើដំណើរ​ក៏ត្រូវ​តែមាន​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ បើ​មិន​ដូច្នោះ​ទេ​វា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បាន។​

បច្ចុប្បន្ន​គេ​សង្កេត​ឃើញថា អង្គភាព​ជំនាញ​បាន​យក​ដី​មកចាក់​ទាំង​ឡានៗ​ដើម្បី​បំពេញ​ជង្ហុក​ដែល​កំពុង​ស្រុត​យ៉ាងខ្លាំង​នេះ ប៉ុន្តែ​ការចាក់ដី​នេះ វា​ហាក់បីដូចជា​កំពុងតែ​សង្កត់​បន្ថែម ធ្វើអោយ​ការស្រុត​កាន់​តែមាន​សន្ទុះ​លឿន​ជាង​មុន ដែល​មើលទៅ​ដូច​ជាយ​កដី​ទៅ​ចាក់ចោល​យ៉ាង​ដូច្នេះ​ដែរ។

លោក ចាន់ សំបូរ អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់​បាន​និយាយ​ថា​ ដី​ដែល​មន្ទីរ​យកទៅ​ចាក់​នេះ គឺជា​ដី​ដែល​បានមកពី​ការ​ឈូសឆាយ​ពង្រីក​ផ្លូវជាតិ​លេខ ៥តែប៉ុណ្ណោះ ដោយសារតែ​ដីស​ល់​មិនដឹង​យកទៅ​ណា ទើប​យកមក​ចាក់​បំពេ​ញ​បែបនេះ​ ឯ​ការជួសជុល​ឡើងវិញ​ទាំងស្រុង​នោះ មិនទាន់មាន​គម្រោង​នៅឡើយ​ទេ ព្រោះ​គ្មាន​លុយ​។​

​បើ​យ៉ាង​ដូច្នេះ​មែន មានន័យថា អង្គភាព​ជំនាញ​មិន​មាន​ផែនការ​ជួសជុល​ត្រង់ចំណុច​ក្បាលស្ពាន​នេះ​ទាល់តែសោះ ព្រោះ​ការចាក់ដី​នេះ ដោយសារតែ​ដី​វាស​ល់ពី​ការពង្រីក​ផ្លូវ​ជាតិ​លេខ ៥ តែប៉ុណ្ណោះ បើ​យ៉ាង​ដូច្នេះ​មែន តើ​អនាគត​ក្បាលស្ពាន​វត្ត​គរ​ត្រើយ​ខាងកើត​ នឹង​ទៅជា​យ៉ាងណា ? ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu