អ្នកប្រដាល់កម្ពុជា ឡៅ ចិត្រា ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានប្រើពេលមិនដល់ពីរទឹកទេ ផ្តួលអ្នកប្រដាល់ថៃ Petch Khunrom អោយសន្លប់លើរេញ ក្នុងការជួបប្រកួតគ្នា នាយប់ថ្ងៃសុក្រទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកម្មវិធីប្រដាល់គូបូតារបស់បាយ័ននៅសង្វៀនស្ទឹងមានជ័យ។
Petch Khunrom ជាអ្នកប្រដាល់ថៃដែលមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេ ។ក្នុងការប្រកួតជាមួយឡៅ ចិត្រា អ្នកប្រដាល់ថៃរូបនេះ មិនអាចទប់ជាមួយកែងរបស់ចិត្រាបានឡើយ ។យ៉ាងណា Petch Khunrom បានឆ្លងផុតទឹកទី១ ប៉ុន្តែមិនចៀសផុតពីសន្លប់នៅក្នុងក្នុងដើមទឹកទី២ បន្ទាប់ពីឡៅ ចិត្រា បានប្រើកែងវាយពុះត្រូវចំមុខមួយកែងយ៉ាងដំណំ ធ្វើអោយ Petch Khunrom ដួលសន្លប់លែងក្រោកតែម្តង ។ Petch Khunrom និង ឡៅ ចិត្រា ប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។
ចំពោះ មាស សារ៉ាក់ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរវិញ បានត្រូវអ្នកប្រដាល់ថៃ Nuth Kor.Kesanon វាយអោយសន្លប់លើរេញក្នុងទឹកទី២វិញដែរ ។ ពួកគេ២នាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
មាស សារ៉ាក់ ត្រូវNuth Kor. វាយកែងត្រូវចំកណ្តាលមុខ បណ្តាលអោយដួលសន្លប់លែងក្រោក ខណះដែលការប្រកួតទើបប្រព្រឹត្តទៅតែជាងមួយនាទីនៃដើមទឹកទី២នោះ ។ នេះជាលើកទី១ របស់មាស សារ៉ាក់ ដែលឡើងប្រកួតជាមួយថៃ ហើយត្រូវសន្លប់បែបនេះ។
Nuth Kor. នេះ គេធ្លាប់មកប្រកួតនៅសង្វៀនបាយ័ននេះម្តងហើយ ដោយវាយចាញ់ ចាន់ ចំរើន អ្នកប្រដាល់ក្លិបនិរោធមានជ័យដោយពិន្ទុ ។
ដោយឡែក សម្រាប់ការប្រកួតគូបើកឆាកជម្រុះវិលជុំសន្សំពិន្ទុ ដើម្បីឈានទៅប្រកួតដណ្តើម ពានរង្វាន់ខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាមនោះ ចាន់ សាន់ អ្នកប្រដាល់ក្លិបនិរោធមានជ័យ បានវាយចាញ់បឺត សង្ឃឹម អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ចាន់ សាន់ និង បឺត សង្ឃឹម ថិតនៅក្នុងពូលA ដែលការប្រកួតជម្រុះលើកទី១នេះ បឺត សង្ឃឹមគេរកបាន៣ពិន្ទុហើយ ឯ ចាន់ សាន់ គេបាន១ពិន្ទុ ។
សម្រាប់ការប្រកួតជម្រុះក្នុងពូល B វិញ ម៉ន វិរៈ អ្នកប្រដាល់ជើងចាស់នៃក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានចាញ់ អ្នកប្រដាល់ស្រករក្រោយ សយ សី ក្លិបពន្លឺវិបុលមានរិទ្ធ ក្នុងទឹកទី៤ ។
ម៉ន វិរៈ បានបោះបង់ចោលការប្រកួតមុនចូលប្រកួតទឹកទី៤ ដោយសារមានបញ្ហាជើង ក្រោយពីទាត់ប្តូរជាមួយ សយ សី នោះ ។ យ៉ាងណា ម៉ន វិរៈ ទោះជាមិនមានបញ្ហាឈឺជើងនេះ គេក៏នៅតែចាញ់សយ សីដែរ ព្រោះការប្រកួតបីទឹកកន្លងមកនោះ គេចាញ់ប្រៀបសយ សី បាត់ទៅហើយ។ដូច្នេះ សម្រាប់ការប្រកួតជម្រុះលើកទី១ក្នុងពូលBនេះ សយ សី គេបាន៣ពិន្ទុ ហើយ ម៉ន វិរៈបាន១ពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments