Ad Code

តំណាង​កម្ពុជា​នៅ​UN ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ជំនាញ​សិទ្ធិមនុស្ស និង​ចាត់ទុកជា​ទស្សនៈ​លម្អៀង​លើ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា



ភ្នំពេញ ​៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ UN បាន​ទាត់ចោល​រាល់​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ជំនាញ​សិទ្ធិមនុស្ស​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ ព្រមទាំង​ចាត់ទុក​សេចក្តីថ្លែងការណ៍ ដែលមាន​ទស្សនៈ​លម្អៀង​ទៅលើ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត ដែល​ចេញ​ដោយ គ​.​ជ​.​ប ហើយ​ថែមទាំង​បកស្រាយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខុស​ថែម​ទៀតផង​។​

ការលើកឡើង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ UN លើកឡើង​បែបនេះ បន្ទាប់ពី ក្រុម​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ បង្ហាញ​ក្តី​ព្រួយបារម្ភ​មួយ​ចំពោះ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ចេញ​ដោយ គ​.​ជ​.​ប ហើយ​បានចាត់ទុក​ការចេញ​ក្រមសីលធម៌​នេះ ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ព័ត៌មាន និង​រាំងខ្ទប់​សិទ្ធិ​បញ្ចេញមតិ​ជាដើម​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ (UN) និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​លើកឡើងថា តាម​ការពិត​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត ដែល​ចេញ​ដោយ គ​.​ជ​.​ប មិនមាន​បញ្ញត្តិ​ណាមួយ​ដែល​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​បំពេញ​កិច្ចការ​របស់ខ្លួន​ស្របតាម​ច្បាប់​ជា​ធរមាន​នោះឡើយ ហើយ​ក្រមសីលធម៌​នេះ មាន​គោលបំណង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការបោះឆ្នោត​ឲ្យ​ដំណើរការ​ទៅដោយ​រលូន និង​មាន​សណ្តាប់ធ្នាប់​។ ទោះ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រូវ​ប្រតិបត្តិ​វិជ្ជាជីវៈ​របស់ខ្លួន ដោយ​ស្ថិតនៅក្រោម​ច្បាប់ និង​បទបញ្ញត្តិ​ដែល​ពាក់ព័ន្ធ​។ ដូចគ្នា​ផងដែរ អ្នកជំនាញ​សិទ្ធិមនុស្ស អាណត្តិ​របស់ខ្លួន​ត្រូវ​ស្ថិតនៅក្រោម​ក្រមសីលធម៌​អ្នករាយការណ៍​ពិសេស លក្ខខណ្ឌ​យោង និង​សៀវភៅ​ប្រតិបត្តិ​ការងារ​។​

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ UN អះអាងថា វា​ជា​រឿង​ចម្លែក នឹងធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​យ៉ាងខ្លាំង មិន​ចំពោះតែ​សាធារណជន និង​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​សហគមន៍​អន្តរជាតិ​ផងដែរ ដែល​អ្នកជំនាញ​សិទ្ធិ​មនុ​ស្សបាន​ចោទប្រកាន់ថា វិធានការ​បច្ចុប្បន្ន​រ​បស់ គ​.​ជ​.​ប អាចមាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅដល់​សិទ្ធិសេរីភាព​សមាគម និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​សម្រាប់​ការបោះឆ្នោត​ឆ្នាំនេះ​។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សូម​រំលឹក​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ថា វិធានការ​ទាំងនេះ ដូចគ្នា​ទៅនឹង​វិធានការ ដែល​អនុវត្ត​នៅ​អំឡុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​សហគមន៍​អន្តរជាតិ​ស្វាគមន៍ និង​សាទរ​ដោយហេតុថា វិធានការ​ទាំងនេះ អនុញ្ញាតឱ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ប្រកបដោយ​សណ្តាប់ធ្នាប់ ដែល​អាចជា​គំរូ​ល្អ សម្រាប់​ការបោះឆ្នោត​នាពេល​អនាគត ហើយ​អ្វីដែល គ​.​ជ​.​ប មានបំណង​ហាមឃាត់​នោះ គឺ​ការផ្សព្វផ្សាយ ដែល​ញុះញង់​ឲ្យ​មាន​កំហឹង និង​ការរើសអើង​ជាតិ​សាសន៍​តាម​គ្រប់​រូបភាព​។ មិនមាន​វិធានការ​ណាមួយ​របស់ គ​.​ជ​.​ប មាន​គោលបំណង​កៀបសង្កត់​សេរីភាព​សមាគម និង​ការប្រមូលផ្ដុំ ដោយ​សន្តិវិធី​នោះឡើយ​។​

ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឬ​ការរារាំង​មិន​ឲ្យ​ទៅ​បោះឆ្នោត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ មានការ​ភ្ញាក់ផ្អើល ដែល​អ្នកជំនាញ​សិទ្ធី​មនុស្ស​មិន​យោងតាម​មាត្រា​ណាមួយ​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឲ្យ​បានច្បាស់លាស់ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​ការរំលោភបំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​ឬ​មិន​បោះឆ្នោត​។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បន្តថា សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ធានា​ដោយ​ច្បាប់ នឹងមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ​ផ្ដន្ទាទោស​ចំពោះ​ជន​ទាំងឡាយណា ដែល​បំពាន​សិទ្ធិ​របស់​អ្នកដទៃ ឬ​បំផ្លាញ​ទំនុកចិត្ត​សាធារណជន​មកលើ​ការបោះឆ្នោត​។ មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ចែក​ថា ជន​ទាំងឡាយណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត រារាំង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​អោយទៅ​បោះឆ្នោត ឬ​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ត្រូវ​ទទួល​ការផាកពិន័យ​ពី​៥​លាន​រៀល​ទៅ​២០ លាន​រៀល​ដោយ​មិនទាន់​គិតដល់​បណ្ដឹងអាជ្ញា​ដែល​អាច​កើតមាន​។​

គួរកត់សម្គាល់​ផងដែរ​ថា សិទ្ធិ​របស់​ប្រជាពលរដ្ឋ មិនមែនជា​សិទ្ធិ​អត្តនោម័ត​នោះទេ​។ មាត្រា ១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែងថា ការប្រើប្រាស់​សេរីភាព​នៃ​ការបញ្ចេញមតិ តម្រូវ​ឲ្យ​មាន​ករណីយកិច្ច និង​ការទទួលខុសត្រូវ​ពិសេស ដោយ​ពិចារណា​ទៅលើ​សិទ្ធិ​របស់​អ្នកដទៃ សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ បន្ថែម​លើ​នេះ​ទៀត ករណីយកិច្ច​របស់​រូប​វន្ត​បុគ្គល និង​នីតិបុគ្គល ក្នុងការ​អនុវត្ត​សិទ្ធិ​របស់ខ្លួន ដោយ​ការទទួលខុសត្រូវ គឺជា​លក្ខខណ្ឌ​តម្រូវ ដែល​មានចែង​ក្នុង​វិធាន និង​បទដ្ឋាន​អន្តរជាតិ ស្តីពី​សិទ្ធិមនុស្ស​។ ដូច្នេះ​ការផ្ដន្ទាទោស​អ្នកប្រព្រឹត្ត​បទល្មើស ដោយ​អាជ្ញាធរ ដែល​ត្រូវបាន​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​នៃ​សាធារណៈជន មិនគួរ​ត្រូវបាន​បកស្រាយ​ថា ជាការ​គំរាមកំហែង​សិទ្ធិមនុស្ស សេរីភាព​នៃ​ការបញ្ចេញមតិ ឬ​ទស្សនៈ ឬ​គំនិត​នយោបាយ​ទេ ប៉ុន្តែ​គួរតែ​ជាការ​អនុវត្ត​នីតិរដ្ឋ​។​

ជា​ចុងក្រោយ ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​របស់​អ្នករាយការណ៍​ពិសេស​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​យល់ឃើញថា អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស គឺ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​មិនមែន​ចេញ​សេចក្តីថ្លែងការណ៍ ដែល​ជ្រៀតជ្រែក​លើ​ដំណើរការ​នៃ​នីតិវិធីតុលាការ ដែល​កំពុង​ប្រព្រឹត្តទៅ​នៃ​រដ្ឋ​ប្រជាធិបតេយ្យ​មួយ​ឡើយ​៕ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu