ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារក្រើនរំលឹកដល់យុវជន ខិតខំរៀនជំនាញវិជ្ជាជីវៈបច្ចេកទេសឲ្យបានច្រើនថែមទៀតដើម្បីអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងទៅអនាគត។
លោកបណ្ឌិតពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់សិស្សនិស្សិត និងយុវជនកម្ពុជាទាំងអស់ទាំងអ្នកមានការងារធ្វើ និងអ្នកដែលមិនទាន់មានការងារធ្វើ ត្រូវខិតខំប្រឹងប្រែងសិក្សាជំនាញវិជ្ជាជីវៈខ្ពស់ថ្មីៗ និងមានបច្ចេកវិទ្យាទំនើបៗបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។
ថ្លែងក្រោយបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី១ ឆ្នាំ២០១៨កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនានៅមជ្ឈមណ្ឌលកោះពេជ្រ លោកពេជ សោភ័នបានបន្តថា ដើម្បីផលិតធនធានមនុស្សឲ្យមានគុណភាព និងសមត្ថភាពក្រសួងបានរៀបចំពិព័រណ៍ការងារនិងវេទិកាការងារផ្សេងៗដោយមានវាគ្មិនជំនាញល្បីៗមកធ្វើបទបង្ហាញដល់យុវជនសិស្សនិស្សិតបានយល់ដឹងក៏ដូចជាធ្វើការសម្រេចចិត្តជ្រើសរើសជំនាញ ឬឯកទេសបន្តការសិក្សាឲ្យបានត្រឹមត្រូវបន្ទាប់ពីបញ្ចប់ថ្នាក់សាលាចំណេះទូទៅ។
លោករដ្ឋលេខាធិការបានជំរុញឲ្យយុវជនគួរតែសិក្សាទៅលើជំនាញវិជ្ជាជីវៈមួយចំនួនដែលស្របទៅតាមតម្រូវការរបស់ទីផ្សារបច្ចុប្បន្នដូចជាជំនាញគ្រឿងយន្ត អគ្គិសនី អេឡិចត្រូនិច ជំនាញសំណង់និងវិស្វករជាដើម។
ចំណែក ប្អូន ប្រុស ឡាច បរិបូរណ៍ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាបានទទួលស្គាល់ថាការរៀនជំនាញវិជ្ជាជីវៈមានសារសំខាន់ណាស់សម្រាប់យុវជននាពេលបច្ចុប្បន្នដើម្បីដើរឲ្យទាន់ការរីកចម្រើនរបស់ប្រទេសជាតិនិងពិភពលោក។
ជាមួយគ្នានេះដែរប្អូនប្រុស ឡាច បរិបូរណ៍ បានជំរុញឲ្យសិស្សនិស្សិតគួរតែជ្រើសរើសមុខជំនាញណាដែលខ្លួនចូលចិត្ត និងស្របទៅតាមទីផ្សារបច្ចុប្បន្នងាយស្រួលពេលរៀនចប់ហើយមានការងារធ្វើតែម្តង។
រីឯ ប្អូនស្រី ទឹម អ៊ីអ៊ី រៀននៅសាលាបាក់ទូកដែលបានចូលរួមនៅក្នុងទិវានោះ បានបង្ហាញនូវការគាំទ្រចំពោះគំនិតនេះ ព្រោះថាបានជួយជំរុញឲ្យសិស្សនិស្សិតមួយចំនួនចាប់អារម្មណ៍កាន់តែខ្លាំងលើមុខវិជ្ជាជំនាញបច្ចេកទេសវិជ្ជាជីវៈឲ្យកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្ននេះមានសិស្សនិស្សិតខ្លះរៀនជំនាញតែទៅលើការគ្រប់គ្រង ទីផ្សារ ធនាគារដែលជំនាញទាំងនេះមិនសូវចំទៅតាមតម្រូវការទីផ្សារការងារសព្វថ្ងៃឡើយ។
យោងតាមលទ្ធផលនៃរបាយការណ៍ដែលស្រាវជ្រាវដោយទីភ្នាក់ងារជាតិមុខរបរ និងការងារស្តីពីទស្សនវិស័យការងារកម្ពុជា ឆ្នាំ២០១៨បានបង្ហាញថា ប្រភេទការងារដែលអាចឲ្យអ្នកស្វែងរកការងារងាយនឹងទទួលបាននោះ មានដូចជាវិស្វករឧស្សាហកម្ម និងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យាសាស្ត្រ និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងដំឡើងបំពង់ទុយោ និងបំពង់បង្ហូរ និងអ្នកដំឡើងម៉ាស៊ីនយានយន្ត៕
Source: Kampuchea Thmey Daily
0 Comments