ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងសវនាការ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Panyarak Poolthup ដែលត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។ សម្តេចប្រធាន ព្រឹទ្ធសភាមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជាពិតជារួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ បានបន្តរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់គួរជាទីមោទនៈ។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរព្រះរាជទស្សនកិច្ច និងទស្សនកិច្ចរវាងរាជ្យវង្សានុវង្ស រវាងប្រមុខរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរវាងប្រជាជននៃប្រទេសទាំងពីរ ដែលកាន់តែស៊ីជម្រៅទូលំទូលាយ និងបានគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវអំណរព្រះគុណ និងអរគុណដ៏ជ្រាលជ្រៅចំពោះរាជ្យវង្សានុវង្សថៃ និងរាជរដ្ឋាភិបាលថៃ ដែលបានគាំទ្រ និងជួយជាបន្តបន្ទាប់ផ្នែកសុខាភិបាល វិស័យអប់រំ សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនេះ ទំនាក់ទំនងខាងវិស័យវិនិយោគ ទេសចរណ៍ អប់រំ សុខាភិបាល ហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ក៏មានការរីកចម្រើនជាលំដាប់ ព្រមទាំងបានបង្កើតនូវយន្តការទ្វេភាគីកម្ពុជា-ថៃ ជាច្រើនវិស័យ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហានានា សំដៅឲ្យមានការអភិវឌ្ឍរួមគ្នា ប្រកបដោយសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្ម សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ក្នុងនោះរាជរដ្ឋាភិបាលថៃ និងអាជ្ញាធរពាក់ព័ន្ធ ក៏បានសហការជាមួយភាគីកម្ពុជា នៅក្នុងការជួយសម្របសម្រួលឲ្យមានយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ។
បច្ចុប្បន្នពលករកម្ពុជាធ្វើការនៅប្រទេសថៃ ប្រមាណ ១.០៥០.០០០នាក់ បានរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេកាន់តែល្អប្រសើរ។ សម្តេចប្រធានព្រឹទ្ធសភា បានស្នើដល់អាជ្ញាធរថៃបន្តសហការជាមួយនឹងក្រុមការងារកម្ពុជា ក្នុងការបន្តយុទ្ធនាការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនពលករកម្ពុជា ដែលមិនទាន់មានឯកសារប្រមាណ ៥៤.៤១៣នាក់ (ខែឧសភា ឆ្នាំ២០១៨)ឲ្យទៅជាពលករស្របច្បាប់។ សម្តេចប្រធានព្រឹទ្ធសភា ក៏បានអបអរ និងត្រូវជំរុញថែមទៀតនូវទំនាក់ទំនងដ៏ល្អរបស់ស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរផងដែរ។ ក្នុងនាមព្រឹទ្ធសភា និងរូបសម្តេចផ្ទាល់ សម្តេចបានសម្តែងនូវសេចក្តីរីករាយ និងត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និតជាមួយនឹងលោក ឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះដែរ លោក Panyarak Poolthup បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្តមបានចូលជួប សម្តែងការគួរសមនាឱកាសនេះ។ លោក ឯកអគ្គរាជទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា បច្ចុប្បន្ន និងកាលពីពេលកន្លងទៅប្រទេសថៃ និងប្រទេសកម្ពុជា មានសភាពការណ៍ប្រហាក់ប្រហែលគ្នា ដោយសារតែមានការរិះគន់ពីពួកបរទេសមួយចំនួន ដែលពាក់ព័ន្ធនឹងបញ្ហាសិទ្ធមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ។ លោក ឯកអគ្គរាជទូត បានវាយតំលៃខ្ពស់ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់តម្លៃ នឹងប្តេជ្ញាខ្ពស់ក្នុងការខិតខំថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានាឲ្យមានការអភិវឌ្ឍជាលំដាប់។
លោកឯកអគ្គរាជទូត បានសម្តែងនូវការសប្បាយរីករាយដោយសារតែ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ តែងតែបានជួបគ្នាជាញឹកញាប់នៅក្នុងក្របខណ្ឌអន្តរជាតិ ជាពិសេសនៅក្នុងវេទិកា នៃកិច្ចប្រជុំអាស៊ាន ហើយនៅថ្ងៃនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/ CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ។ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន រាជរដ្ឋាភិបាល ក៏ដូចជាអង្គការនីតិប្បញត្តិ នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)។ តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកបានសន្យាថានឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments