ភ្នំពេញ ៖ តារាសម្តែងស្រីកញ្ញា ឌី សូនីតា ខណៈដែលអាជីពសិល្បៈកំពុងតែមានភាពជោគជ័យនាអំឡុងពេល២ឆ្នាំចុងក្រោយនេះ នាងក៏ចាប់ផ្តើមបង្ហាញសកម្មភាពមនុស្សធម៌ជួយដល់សង្គមដូចជាកុមារតាមសហគមន៍ និងចាស់ៗជរាជាដើម។
ជាក់ស្តែង កាលពីថ្មីៗនេះ តារាស្រីកញ្ញា ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា បានចុះទៅជួយដល់សាលារៀនមួយកន្លែង ស្ថិតនៅភូមិក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមរយៈការចែករំលែកសម្ភារៈសិក្សា និងសាងសង់សាលារៀនមួយខ្នងមាន៤បន្ទប់។ នេះបើតាមការបញ្ជាក់ពីសាមីខ្លួនកញ្ញា ឌី សូនីតា។
តារាសម្តែងស្រីកញ្ញា ឌី សូនីតា បាននិយាយថា មើលវីដេអូនេះចង់១០០ដងហើយទឹកភ្នែកក៏រលីងរលោង ព្រោះរំភើបនឹងខ្លួនឯងពេក។ ទីបញ្ចប់ខ្ញុំក៏អាចធ្វើបានហើយ ទោះបីវាមិនបានល្អ១០០ភាគរយ ប៉ុន្តែវាបានចេញពីចិត្តពីបេះដូង ដែលខ្ញុំខំប្រឹងប្រែងពីកម្លាំងញើសឈាមរបស់ខ្ញុំដើម្បីសាលារៀនមួយខ្នងនេះ។ ត្រឹមតែជាសាលារៀនឈើមាន៤បន្ទប់រៀន និងមានសិស្សចំនួន ១៣០នាក់ តែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក៏វាល្អជាងកាលពីខ្ញុំបានជួបទិដ្ឋភាពដំបូងដែលប្អូនៗរៀនក្រោមដើមឈើ ត្រូវខ្យល់ ត្រូវភ្លៀង ត្រូវក្តៅ យ៉ាងអាសូរ។
កញ្ញា ឌី សូនីតា បានបន្តថា ខ្ញុំធ្លាប់ជាកូនអ្នកក្រខ្ញុំឆ្លងកាត់ភាពលំបាកឆ្អែត ខ្ញុំយល់ពីអារម្មណ៍មួយនេះ ច្បាស់តែខ្ញុំក៏នៅតែសំណាងជាងប្អូនៗត្រង់ខ្ញុំមានសាលារៀនមួយដែលសំបូរសប្បាយ មានសំភារៈសិក្សា មានលោកគ្រូ អ្នកគ្រូគ្រប់គ្រាន់សម្រាប់ទទួលយកចំណេះដឹង។ តែយ៉ាងណា ខ្ញុំក៏នៅតែអរគុណម្តងហើយម្តងទៀតដល់សប្បុរសជនទាំងអស់ដែលបានរួមចំណែកចូលរួមជួយសាលារៀនមួយខ្នងនេះមិនថាជាកម្លាំងពេលវេលាថវិកា និងសម្ភារៈផ្សេងៗដល់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាជនសរុបទាំងអស់ជាង៦០០គ្រួសារដែលរស់នៅក្នុង ភូមិក្រពើពីរ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់។
បន្ថែមលើនេះកញ្ញា ឌី សូនីតា បញ្ជាថា អ្វីដែលខ្ញុំមានមោទនភាពបំផុត គឺបើតាមយើងដឹងជាក់ស្តែង ចំនួនសិស្សក៏ដូចជាប្រជាជន ដែលចូលរួមកំណត់ច្បាស់ត្រឹមតែ៤០០នាក់តែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងដល់ថ្ងៃកម្មវិធីបូកសរុបមនុស្ស ដែលមកចូលរួមទាំងអស់ជាង៦០០នាក់ ប៉ុន្តែពួកយើងនៅតែអាចធ្វើឱ្យកម្មវិធីទៅមុខបានយ៉ាងរលូន។ ប៉ុន្តែពួកយើងក៏នៅបន្តរកម្ចាស់ជំនួយផងដែរ។ យ៉ាងណាមិញនាងខ្ញុំនឹងសូមសន្យាថា នឹងបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀត ចំពោះកន្លែងណា ដែលខ្វះខាត មិនចំពោះតែសាលារៀនឬវត្តអារាមជាដើម៕
Source: Kampuchea Thmey Daily
0 Comments