ភ្នំពេញ ៖ លោក អន ប៊ុនហាក់ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនាថា រាជរដ្ឋាភិបាលកម្ពុជាបានពន្យារពេលបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយសារតែរដ្ឋាភិបាលថ្មីម៉ាឡេស៊ី ត្រូវកែសម្រួលនូវនីតិវិធី និងលក្ខខណ្ឌមួយចំនួនដើម្បីឲ្យការបញ្ជូនពលករកាន់តែប្រសើរជាងមុន។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី បានកំណត់យកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨សម្រាប់បញ្ជូនពលករខ្មែរទៅធ្វើការនៅម៉ាឡេស៊ីជាលើកដំបូង បន្ទាប់ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងរួមគ្នារួចមក។
លោកបានបន្តថា ការបញ្ជូនពលករខ្មែរទៅធ្វើការនៅម៉ាឡេស៊ីដែលចាប់ផ្តើមកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៨នោះ ត្រូវបានពន្យារពេលវិញហើយ ដោយសារតែរដ្ឋាភិបាលថ្មីម៉ាឡេស៊ីត្រូវការពេលវេលាពិនិត្យមើលកិច្ចព្រមព្រៀងការបញ្ជូនពលករនៃបណ្តាប្រទេសបញ្ជូនមួយចំនួនឡើងវិញស្របទៅតាមគោលការណ៍គោរពសិទ្ធិមនុស្ស ក៏ដូចជាការពារផលប្រយោជន៍ពលករដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធបញ្ជូនពលករមានភាពសាមញ្ញ សុវត្ថិភាព និងងាយស្រួលពលករបរទេសទៅធ្វើការ។
លោកបានបន្ថែមថា កន្លងមកមានភាពស្មុគស្មាញមួយចំនួនក្នុងការបញ្ជូនពលករទៅធ្វើការនៅម៉ាឡេស៊ីដូចជាការជាន់គ្នាទៅលើការឆែកសុខភាពដែលភាគីម៉ាឡេស៊ីតម្រូវឲ្យពលករត្រូវពិនិត្យសុខភាពនៅប្រទេសសាមីផង ហើយពេលបញ្ជូនទៅដល់ម៉ាឡេស៊ីត្រូវពិនិត្យម្តងទៀត និងការបញ្ជូនពលករត្រូវចំណាយច្រើន។
យ៉ាងណាក៏ដោយ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនាថា ការពន្យារពេលនេះ ដោយសារតែភាគីទាំងពីរនៅ មិនទាន់ឈានដល់ការឯកភាពគ្នាលើកម្មវិធីបណ្តុះបណ្តាលនៅឡើយទេ។
លោកអន ប៊ុនហាក់បានបញ្ជាក់ថា ជាធម្មតាមុននឹងបញ្ជូនពលករទៅធ្វើការនៅបរទេសយើងតែងតែធ្វើការបណ្តុះបណ្តាលជាមុនសិនយ៉ាងហោចណាស់ពី៣ទៅ៦ខែដែរ ដើម្បីឲ្យពលករបានចេះពីជំនាញនីមួយៗ របៀបរបបការរស់នៅប្រទេសពិសេសភាសាដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។
លោកថា បច្ចុប្បន្ននេះក្រុមហ៊ុនចំនួន៥៣ដែលជាទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនៅមិនទាន់បានជ្រើសរើសពលករនៅឡើយទេ ដោយរង់ចាំមានការណែនាំពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន។
ជាមួយគ្នានេះដែរលោកអន ប៊ុនហាក់បានស្នើឲ្យរដ្ឋាភិបាលថ្មីម៉ាឡេស៊ីជួយកែសម្រួលនីតិវិធីការបញ្ជូនពលករកុំឲ្យមានភាពស្មុគស្មាញពេកត្រូវផ្តល់សិទ្ធិឲ្យប្រទេសសាមីបញ្ជូនពលករជាអ្នកពិនិត្យសុខភាពផ្ទាល់ដោយមិនចាំបាច់ពិនិត្យឡើងវិញ តម្លៃវីសាត្រូវយកតាមគោលការណ៍រដ្ឋាភិបាលត្រឹមតែ៧ដុល្លារដែលខុសពីក្រុមហ៊ុនយករហូតដល់ទៅជិត១ ០០ដុល្លារនិងស្នើឲ្យថៅកែម៉ាឡេស៊ីចេញថ្លៃចំណាយសំបុត្រយន្តហោះដល់ពលករលើកលែងតែលិខិតឆ្លងដែន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមានពលករបរទេសធ្វើការនៅម៉ាឡេស៊ីចំនួន១លា ន៧សែននាក់ក្នុងនោះមានពលករខ្មែរប្រមាណ៥ម៉ឺននាក់ទាំងស្របច្បាប់និងមិនស្របច្បាប់ដោយធ្វើការទៅលើផ្នែកសំណង់ សេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ តាមផ្ទះនិងនេសាទ៕
Source: Kampuchea Thmey Daily
0 Comments