ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី បានវ៉ាដាច់ក្រុមណាហ្គាវើល នៅសប្ដាហ៍ទី១១ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយបញ្ចប់ការប្រកួតកាលពីចុងសប្ដាហ៍ថ្មីៗនេះ។
ជាលទ្ធផលនៃការប្រកួតប្រចាំសប្ដាហ៍ទី១១ មាននៅថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមវេស្ទើនភ្នំពេញ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ខណៈក្រុមសូលទីឡូអង្គរ ចាញ់ក្រុមវិសាខា ២ទល់០ លើទីលានពហុកីឡដ្ឋានជាតិ និងក្រុមអង្គរថាយហ្គឺរ ចាញ់ក្រុមភ្នំពេញក្រោន ៥ទល់២ លើទីលានកីឡដ្ឋានខេត្តសៀមរាប។ ចំណែកនៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនា វិញក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ចាញ់ក្រុមក្រសួងការពារជាតិ ៤ទល់០ លើទីលានពហុកីឡដ្ឋានជាតិ ហើយក្រុមអគ្គីសនីកម្ពុជា ចាញ់ក្រុមអាស៊ីអឺរ៉ុប ២ទល់០ លើទីលានអគ្គីសនីកម្ពុជា និងក្រុមបឹងកេត ឈ្នះណាហ្គាវើល ៣ទល់២ លើទីលានពហុកីឡដ្ឋានជាតិ។
ងាកមកមើលចំណាត់ថ្នាក់ត្រឹមសប្ដាហ៍ទី១១ នៃពានរង្វាន់លីគកំពូលកម្ពុជានេះវិញ ឃើញថាក្រុមបឹងកេតអែហ្វស៊ី ឡើងឈរកំពូលតារាង មាន២៧ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ ណាហ្គាវើល មាន២៥ពិន្ទុ។ ក្រុមលេខ៣គឺវិសាខា មាន២៣ពិន្ទុ ហើយក្រុមលេខ៤ក្រសួងការពារជាតិ មាន២១ពិន្ទ ខណៈក្រុមលេខ៥ អាស៊ីអឺរ៉ុប មាន១៨ពិន្ទុ ដូចគ្នានឹងក្រុមលេខ៦ ភ្នំពេញក្រោន តែខុសត្រង់ Head to Head និងក្រុមលេខ៧ អគ្គស្នងការដ្ឋាននគរបាលជាតិ មាន១៧ពិន្ទុ។ ក្រុមលេខ៨ ព្រះខ័នរាជស្វាយរៀង មាន១៤ពិន្ទុ លើក្រុមលេខ៩ អង្គរថាយហ្គឺរ មាន១១ពិន្ទុ ហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន៨ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១ មាន៥ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មិនទាន់មានពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និងពានរង្វាន់ Singapore Cup ជាដើម។
តាមគម្រោងបណ្តោះអាសន្នសប្តាហ៍ទី១២ ដែលជាជើងទី២ នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះជាបន្តដោយនៅថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមសូលទីឡូអង្គរ ប៉ះភ្នំពេញក្រោន នៅវេលាម៉ោង៣និង៣០នាទីរសៀល លើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយក្រុមបឹងកេត ប៉ះអាស៊ីអឺរ៉ុប នៅវេលាម៉ោង៣និង៣០នាទីល្ងាច លើទីលានកីឡដ្ឋានខេត្តកណ្ដាល។
ចំណែកនៅថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមអគ្គីសនីកម្ពុជា ប៉ះក្រុមវិសាខា នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា ហើយនៅវេលាម៉ោងដំណាលគ្នាក្រុមវេស្ទើនភ្នំពេញ ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លើទីលានកីឡដ្ឋានវេស្ទើន និងក្រុមក្រសួងការពារជាតិ ទទួលក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៦ល្ងាចលើទីលាន កីឡដ្ឋានស្តាតចាស់៕
Source: Kampuchea Thmey Daily
0 Comments