កំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយជំនាញនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម តាមចាប់ខ្លួន ជនសង្ស័យ ដែលបានលួចគោ ពីប្រជាពលរដ្ឋដឹកតាមរថយន្ត បម្រុងយកទៅលក់ និងរៀបចំបញ្ជូនទៅព្រះរាជអាជ្ញា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០ និង០០នាទី នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម មានចោរលួចគោចំនួន ២ក្បាល ដែលម្ចាស់ចងឲ្យស៊ីស្មៅ ហើយដឹកតាមរថយន្តចេញទៅបាត់។
ប៉ូលិសបានអោយដឹងថា ក្រោមការដឹកនាំ បញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បើកកិច្ចប្រតិបត្តិការ តាមប្រមាញ់ រហូតដល់ចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទើបសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ៖ 1-ឈ្មោះ ឡេះ រ៉ូសេត ភេទប្រុសអាយុ41 ឆ្នាំ ជាតិខ្មែរឥស្លាម មានមុខរបរលក់-ទិញគោ និងកាប់គោយកសាច់លក់ មានស្រុកកំណើត ភូមិព្រែកតានង់ក្រៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នមានទីលំនៅផ្ទះលេខ55 ក្រុមទី2 គីឡូលេខ9 សង្កាត់ច្រាំងចំរេះទី1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 2-ឈ្មោះ យ៉ា សាកី ភេទប្រុស អាយុ41ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ប៉ូលិសបានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតបានវត្ថុតាងរួមមាន ៖ 1-រថយន្ត01គ្រឿងម៉ាកនីសាន់ ហ្វ្រូន ធា ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2AA-6730។ 2-ដាវចំនួន01 3-លិខិតសុំអនុញ្ញាតលក់គោក្របី 06សន្លឹក 4-លិខិតលក់ រថយន្ត01សន្លឹក 5-កិច្ចសន្យាជួលរថយន្ត01សន្លឹក 6-កិច្ចសន្យាលក់រថយន្ត ជូនម្ចាស់ដើមវិញ 01សន្លឹក។
ប៉ូលិសបានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments