Ad Code

Pheach Aroun​មក​សងសឹក​ឡុង សុ​ភី ខ​ណៈ​ខាំ ខ្លា​នាង ជួប​Nok Krachieb



​ឡុង សុ​ភី អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ស្វាគមន៍​ចំពោះ​អ្នក​ប្រដាល់​ថៃ​Pheach Aroun ដែល​មកសុំ​សងសឹក​វិញ នា​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​៣០ ខែ​​មិថុនា ​ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន​Carabao នៅ SEA-TV ។

ឡុង សុ​ភី និង Pheach Aroun នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម ។ សុ​ភី​លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ថ្វីដ្បិតតែ​ធ្លាប់​ចាញ់ក្តី តែ​គេ​វាយ​ខ្លាំង​ហើយ មាន​បច្ចេកទេស ប្រកួត​ល្អ​ថែមទៀត។

Pheach Aroun នេះហើយ ដែល​បាន​ផ្តួល​យកឈ្នះ​ព្រំ សំណាង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ ដល់ទី​ពីរលើក និង​ឈ្នះ​មាស ភារ​ម្យ ក្លិប​កងទ័ពជើងទឹក​ក្នុង​ទឹក​ទី​២​ផងដែរ​កន្លងមក ។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប ឡុង​សុ​ភី ៤​លើក ឈ្នះ​១​ស្មើ​១​លើក​និង​ចាញ់​សុ​ភី​២​លើក ។ Pheach Aroun មានកំនត់​ត្រា​ប្រកួត​ចំនួន​៩៥​លើក ឈ្នះ​៨៣​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ ។

ទោះជា​យ៉ាងណា ឡុង សុ​ភី គេ​ធ្លាប់​ស្គាល់​និង​ដឹង​ពី​សមត្ថភាព​របស់ Pheach Aroun នេះ​អស់ហើយ រឿង​អី​ដែល​សុ​ភី​ខ្លាច​នោះ ។ សុ​ភី ទើបតែ​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​Super Chhai ដោយ​ពិន្ទុ កាលពី​ថ្ងៃទី ២៤ មិថុនា ២០១៨​កន្លងមកនេះ ។ គិត​ត្រឹម​ពេលនេះ សុ​ភី គេ​ជួប​ជាមួយ​បរទេស​ក្នុង​ការប្រកួត​ក្នុងប្រទេស​ជិត​១០០​លើក​ហើយ ដែល​លទ្ធផល​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ។​

ឡុង សុ​ភី គេ​មាន​ផ្លែ​កណ្តាប់ដៃ​និង​ជង្គង់​ល្អ ហើយ​ថែមទាំង​មាន​កម្លាំង​កាយសម្បទា​ល្អ​រឹងមាំ មិន​ចាញ់​អ្នក​ប្រដាល់​បរទេស​ឡើយ ។ ហើយ​បើ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​វិញ សុ​ភី​ហាក់ដូចជា​រក​ដៃគូ​មិនបាន​នោះទេ ព្រោះ​គេ​ឈ្នះ​រហូត ។

ឡុង សុ​ភី មានចិត្ត​ប្រដាល់​ធំ មិនចេះ​ខ្លាច មិនចេះ​ញញើត គ្រាន់តែ​គេ​វាយ​រាង​ស្រាលៗ មួយៗ​ដូច​មាន់​ចឹក​ស្រូវ​តែប៉ុណ្ណោះ ។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ Pheach Aroun មិន​ប្រាកដថា អាច​សងសឹក ឡុង សុ​ភី​បានសម្រេច​នោះឡើយ ។ ប៉ុន្តែ​យ៉ាងណា ឡុង សុ​ភី ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះដែរ ។​

សុ​ភី​មាន​ប្រវត្តិ​ប្រកួត​ប្រហែល​១៥០​លើក ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​១១៤​លើក ចាញ់​២៧​លើក និង​ស្មើ​០៩​លើក ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ច្រើន​ស្ថាប័ន​នៅក្នុង​ស្រុក​ខ្មែរ​នេះ ។ ចាំមើល តើ Pheach Aroun ឬ ឡុង សុ​ភី ដែល​ឈ្នះ​ក្នុងការ​ជួបគ្នា​លើក​ទី​៥​នេះ ។​
​ចំពោះ​ខាំ ខ្លា​នាង អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដែល​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Nok Krachieb នោះ មិនដឹងថា​មាន​លទ្ធផល​យ៉ាងណា​នោះទេ ? ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គ​.​ក្រ ។

អ្នក​ប្រដាល់​ថៃ ដែល​ខាំ ខ្លា​នាង ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​ទម្ងន់​៥១​គ​.​ក្រ​នៅ​ស្រុកថៃ ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ប៉ុន្មាន​លើក​ហើយ​កន្លងមក ។ Nok Krachib មាន​ប្រវត្តិ​ប្រកួត​៨៥​លើក ឈ្នះ​៧៣​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ ។ សម្រាប់​មក​លើក​នេះ មិនដឹងថា Nok Krachib អាច​យកឈ្នះ​ខាំ ខ្លា​នាង បាន​ឬក៏​អត់​នោះដែរ​? ។​

ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ ខាំ ខ្លា​នាង វាយ​ឈ្នះ​Kout Sakorn ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៦​ឧសភា​២០១៨ ។ ខាំ ខ្លា​នាង មាន​ប្រវត្តិ​ប្រកួត​៦៩​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៣​លើក ចាញ់​១៤​លើក និង​ស្មើ​០២​លើក ។ ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​ខាំ ខ្លា​នាង និង Nok Krachib នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ព្រោះថា​ខ្លា​នាង មិន​ស្គា​ល់ពី​ថ្វីដៃ​និង​ប្រវត្តិ​របស់​អ្នក​ប្រដាល់​ថៃ​នេះ​ច្បាស់​នៅឡើយ ។​ហើយ​មួយទៀត​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ​ផង​នោះ ដូច្នេះ​មិន​ងាយស្រួល​អោយ ខ្លា​នាង យកឈ្នះ​ងាយៗ​នោះទេ ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នឹង​ឡើងមក​សងសឹក ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​។​ពួក គេ​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។​សេក គឹម​សាន្ត ធ្លាប់​ចាញ់​ង៉ែត វុ​ធ ពីរដង​ហើយ​កន្លងមក ។ រីឯ សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ក៏​នឹង​ឡើងមក​សងសឹក ជាមួយ ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu