Ad Code

ក្រុម​បាល់ទាត់​នារី​កម្ពុជា​ ចេញទៅ​ប្រកួត​ជើងឯក​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រោម​ការដឹកនាំ​ដោយ​លោក មាស សំអឿន



ក្រុម​បាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​ ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក មាស សំអឿន ជា​គ្រូបង្វឹក ​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​​​នេះ​ បាន​ធ្វើ​ដំណើរ​ចេញទៅ​ប្រកួត​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន AFF Women's Championship 2018 ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

មុន​ចេញដំណើរ​លោក មាស សំអឿន បាន​លើកឡើងថា​ កូនក្រុម​របស់លោក​បាន​ប្រមូលផ្តុំ​គ្នា​ជា​ផ្លូវការ​បាន​ប្រហែល​២​សប្ដាហ៍​មកហើយ ដោយ​លោក​បានឃើញ​កូនក្រុម​មានការ​រីកចម្រើន​ខ្លាំង​គួរអោយកត់សម្គាល់​។ អ្វីដែល​លោក​ត្រូវ​ពង្រឹង​បន្ថែម​ទៅលើ​ក្រុម​ទាំងមូល​នោះ​គឺ​បច្ចេកទេស​នៃ​ការលេង​បាល់​ម្នាក់ៗ មុន​មានការ​សហការ​ជា​ក្រុម​បានល្អ​។ សម្រាប់​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​លោក មាស សំអឿន បាន​សម្លឹង​ឃើញថា​ក្រុមខ្លះ​ជា​គូប្រកួត​តានតឹង ហើយ​ក្រុមខ្លះ​អាច​ប្រ​ដុំ​ត្រសង​គ្នា​។

​យោងតាម​ការបង្ហាញ​បញ្ជី​ឈ្មោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ព្រឹក​ដំណាលគ្នា​ឃើញថា​កីឡាការិនី​ទាំង​២៣​ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​អន្តរជាតិ​លើក​នេះ​មាន ពឿ​ន គ​ន្ធា​, ហួត គឹមហុង​, បាន ជា​វៃ​, សេន​ដ្រា ហៀ​ល​, មូល រស្មី​ផែ​, កែប ទាន់សម័យ​, លឹម សុជា​, ហ៊ិ​ន ស្រីអូន​, ឆន ស្រី​និ​ត​, ជា ស​ម្ឆ​ស្ស​, យ៉ិ​ន យើ​ន​, ភឺន ស្រី​ល័​ក្ខ​, ស៊ិន ស្រីនាត​, ឌី សុធា​, ក​យ មួយ​កញ្ញា​, ពេជ្រ យូ​ឈុន​អ៊ី​, សំ​រ៉ិ​ត និមល​, ហ៊ា ស្រី ឡាស់​, នន មិនា​, ភឿ ធូ​, គឹម ចាន់​ថេត​, តាំង មករា​, ចាយ ស្រី​លាប​។

​សូមបញ្ជាក់ថា​ពានរង្វាន់ AFF Women's Championship 2018 នឹងធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ថៃ អូស្ត្រាលី ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត ហើយ​ពូ​ល B មាន​វៀតណាម មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។ តាម​គម្រោង​ការប្រកួត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដល់​ថ្ងៃទី ១៣ ខែកក្កដា ២០១៨​លើ​ទីលាន​កីឡដ្ឋាន Jakabaring Stadium ក្នុង​ទីក្រុង​Palembang​។​

​សម្រាប់​គម្រោង​ប្រកួត​នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​វិញ កម្ពុជា ត្រូវ​ប៉ះ​ទី​ម័​រ​ខាងកើត នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៣០ ខែ មិថុនា ឆ្នាំ​២០១៨ ហើយ​បន្ត​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​កម្ពុជា ប៉ះ​ថៃ នៅ​ម៉ោង​៤​ល្ងាច និង​ចុងក្រោយ​កម្ពុជា ត្រូវ​ប៉ះ​អូស្ត្រាលី នៅ​ម៉ោង​៤​ល្ងាច ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu