អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង ត្រូវគេផ្គូផ្គងឲ្យជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Yorth Ranong នាយប់ថ្ងៃសៅរ៍ទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើសង្វៀនGanzberg Top Fighter របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ ពួកគេទាំងពីរនឹងប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
លី ភា ជាអ្នកប្រដាល់ដែលមានអំណោយផលល្អខាងកាយសម្បទា និងមានកម្លាំងស៊ុហ្វរឹងមាំល្អ ។ លីភា គេល្អទាំងកណ្តាប់ដៃ ជង្គង់ និងកែង។
ជាលើកទី២ ដែលលី ភា ត្រូវបានអ្នកផ្គូផ្គងសង្វៀនSEATV ចាប់ផ្គូអោយប្រកួតជាមួ យថៃ បន្ទាប់ពីមើលឃើញរូបគេមានថ្វីដៃល្អ បច្ចេកទេសប្រដាល់ល្អ ដែលការប្រកួតជាមួយថៃលើកទី១នោះ គេបានផ្តួលKiev Ba អោយសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ។
Yorth Ranong ជាអ្នកប្រដាល់ចំណូលថ្មី មិនធ្លាប់មកស្រុកខ្មែរនោះឡើយកន្លងមក ប៉ុន្តែគេជាអ្នកប្រដាល់ជើងចាស់នៅស្រុកថៃ ។ នេះបើតាមលោកញាណ សុធី អ្នកចាត់ចែង កម្មវិធីប្រដាល់SEATV អោយដឹងនោះ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការប្រកួតលើកនេះ Yorth Ranong ប្រហែលជាមានការលំបាកហើយ ។ប៉ុន្តែ Yorth Ranong គេមានកម្ពស់ខ្ពស់ជាងលី ភា គឺ១,៧០ម៉ែត្រ ខណះ លីភា កម្ពស់១,៦៨ម៉ែត្រនោះ ហើយលីភាមានប្រវត្តិប្រកួតតិចជាង Yorth Ranong ដោយលីភាមានកំនត់ត្រាប្រកួតចំនួន៦១លើក ឈ្នះ៥៥លើក និងចាញ់១១លើក ឯ Yorth Ranong គេមានកំនត់ត្រាប្រកួតចំនួន៧២លើក ឈ្នះ៥៥លើក ចាញ់១៧លើក មិនដែលស្មើ។
យ៉ាងណា រវាង លីភា និង Yorth Ranong ជួបគ្នាលើកដំបូងនេះ ពុំអាចទស្សន៍ទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ?។
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជាឯម ឡេងលី ក្លិបថ្មគោលពោធិសែនជ័យ ត្រូវគេផ្គូឲ្យជួបជាមួយអ្នកប្រដាល់Iranឈ្មោះ Hosein ។ ពួកគេទាំងពីរនឹងប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម ។
Hosein គេក៏មិនធ្លាប់មកប្រកួតនៅកម្ពុជាដែរកន្លងមក ។ អ្នកប្រដាល់Iran រូបនេះ បើប្រៀបជាមួយឯម ឡេងលី គឺមិនដឹងថាអាចទប់ជាមួយឡេងលីបានឬអត់នោះទេ ព្រោះថា Hosein គេទើបមានកំនត់ត្រាប្រកួតចំនួន៣៥តែប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ២៥លើក និងចាញ់១០លើក មិនដែលស្មើ ។
យ៉ាងណា Hosein ប៉ះជាមួយឯម ឡេងលី គឺប្រហែលជាជួបការលំបាកហើយ ព្រោះថាឡេងលី ថ្វីត្បិតតែមានប្រវត្តិប្រកួតត្រឹមតែ៣៦លើកដូច Hoseinក៏ដោយ តែគេមានស្នៀតប្រដាល់ល្អ និងទើបតែស្គាល់ចាញ់៥លើកប៉ុណ្ណោះ ។ កាលពីប្រកួតចុងក្រោយជាមួយអ្នកប្រដាល់ថៃ Laypayak គេវាយឈ្នះដោយពិន្ទុដាច់តែម្តង ហើយពេលជួបប្រកួតជាមួយអ្នកប្រដាល់រុស្សីArthur Shushinsky ឡេងលីបានផ្តួលអោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ ។
តែយ៉ាងណា ឯម ឡេងលី ក៏ត្រូវប្រយ័ត្នដែរ សម្រាប់ការប្រកួតលើកនេះ។ ដូច្នេះចាំមើល តើនរណាឈ្នះរវាងឯមឡេងលី និង Hosein នេះ ? ។
ឡេងលី គេមានកំនត់ត្រាប្រកួតទើបតែ៣៦លើកប៉ុណ្ណោះ តែគេវាយឈ្នះ២៨លើកទៅហើយ ដោយចាញ់តែ ០៧ លើកនិងស្មើ០១លើកប៉ុណ្ណោះ ។
អ្នកប្រដាល់មិនសូវល្បីឈ្មោះមាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយម៉ុត ខ្លឹមខ្មៅ អ្នកប្រដាល់ល្បីឈ្មោះក្លិបមកុដរាជសីហ៍ ។ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
មាស សុជាតិ ជាអ្នកប្រដាល់ស្រករក្រោយ ឯម៉ុត ខ្លឹមខ្មៅ គេជាអ្នកប្រដាល់ជើងខ្លាំងនិងមានឈ្មោះបោះសម្លេងជាងមាស សុជាតិ។ ប៉ុន្តែយ៉ាងណា អ្នកប្រដាល់ទាំងពីរនាក់នេះ ពុំធ្លាប់ដែលជួបគ្នានោះឡើយកន្លងមក ។
ម៉ុត ខ្លឹមខ្មៅ ឥឡូវនេះមិនសូវខ្លាំងដូចពីមុនឡើយ ដូច្នេះហើយទើបគេផ្គូឲ្យជួបមាស សុជាតិ និងប្រកួតគូទី១ទៀតផង ។ ចាប់តាំងពីមានបញ្ហាសន្លាក់ជង្គង់មក ខ្លឹមខ្មៅមានការធ្លាក់ចុះបន្តិច ។ តែយ៉ាងណាគេនៅតែមានផ្លែល្អដដែល ។ ខ្លឹមខ្មៅ នរណាក៏គេញញើតដែរ ព្រោះអ្នកប្រដាល់រូបនេះ វាយកាចណាស់ វាយមិនខ្លាចញញើតគូប្រកួតនោះទេ ។ តែយ៉ាងណាប៉ះជាមួយសុជា ដែលវាយខ្លាំងដែរនោះ មិនដឹងថាខ្លឹមខ្មៅ អាចមានសំណាងឈ្នះឬអត់នោះដែរ។
ធន អៀងឡៃ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយ រឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក។ ពួកគេ ជួបគ្នាក្នុង ទម្ងន់៥៤ គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments