ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានស្នើឲ្យពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃរូតរះ ស្នើសុំលិខិតធ្វើដំណើរបណ្តោះអាសន្នសម្រាប់ត្រឡប់មកប្រទេសវិញ ពីព្រោះមជ្ឈមណ្ឌលច្រកចេញចូលតែមួយ នឹងត្រូវបិទបញ្ចប់នៅពេលឆាប់ៗខាងមុខ នេះបើតាមលិខិតរបស់លោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
លិខិតរបស់ស្ថានទូតកម្ពុជាបានឲ្យដឹងថា មជ្ឈមណ្ឌលច្រកចេញចូលតែមួយរបស់ភាគីថៃ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ នាពេលខាងមុខនេះ ដោយមិនមានការពន្យារពេលបន្តទៀតឡើយ ហើយការិយាល័យបញ្ជាក់អត្តសញ្ញាណជូនពលករកម្ពុជា នឹងបិទបញ្ចប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីជូនបងប្អូនពលករទៅបន្តនីតិវិធីស្នើសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារនៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយរបស់ភាគីថៃឲ្យបានរួចរាល់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ ដូច្នេះសូមបងប្អូនប្រជាពលករកម្ពុជា ដែលមិនទាន់បានបញ្ជាក់អត្តសញ្ញាណ បន្តសុពលភាព ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជម្ពូ) ស្នើសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ សូមប្រញាប់រួសរាន់ ទៅដំណើរការ ឲ្យបានរួចរាល់ ដើម្បីអាចស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ។
ស្ថានទូតបានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរថៃ នឹងអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង នឹងធ្វើការរបស់ពលករបរទេស ដែលមិនអនុញ្ញាតឲ្យមានពលករបរទេសណាមកធ្វើការក្នុងប្រទេសថៃ ដោយមិនមានឯកសារស្របច្បាប់ (លិខិតឆ្លងដែន លិខិតធ្វើដំណើរ ទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ) នោះទេ។ ដូច្នេះពលករកម្ពុជាដែលធ្វើការនៅក្នុងប្រទេសថៃ ដែលមិនមានឯកសារស្របច្បាប់សូមទំនាក់ទំនងមកស្ថានទូតដើម្បីស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្នប្រភេទថ្មី ធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រឡប់មកចូលធ្វើការក្នុងប្រទេសថៃវិញ តាមរយៈMOU ហើយក្នុងករណីបងប្អូនពលករកម្ពុជាមានចម្ងល់ពាក់ព័ន្ធនឹងបញ្ហានេះ សូមទំនាក់ទំនងមន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកក។
គួរបញ្ជាក់ថា កម្ពុជាជាប្រទេសទីពីរ ដែលមានពលករកំពុងធ្វើការនៅប្រទេសថៃចំនួន១លាន៥ម៉ឺននាក់ បន្ទាប់ពីភូមាបន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយប្រទេសថៃដើម្បីផ្តល់ឯកសារស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃផងដែរ៕
Source: Kampuchea Thmey Daily
0 Comments