កំពង់ឆ្នាំង ៖ គិតមកដល់ថ្ងៃទី ២៨ ខែ មិថុនានេះគឺជាលើកទី ៤៧ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជួបជាមួយកម្មករ កម្មការិនី រោងចក្រនៅក្នុងខេត្ត រាជធានី ចំនួន ៨ ដែលមានកម្មករប្រមាណជាង ៦២ ម៉ឺននាក់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធនាការចុះជួបកម្មករ ដើម្បីជំរុញការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម( ២០១៥-២០២៥)តាំងពីថ្ងៃទី ២០ខែសីហា២០១៧ ដោយក្នុងសប្តាហ៍ជួប ២ ដងទៅ៣ ដង នៅថ្ងៃអាទិត្យ និង ថ្ងៃពុធ។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករចំនួន២១.៤៦៥នាក់មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៨ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ចាម និង ខេត្តតាកែវ។
រោងចក្រសហគ្រាសទាំង១៤ ដែលសម្តេចបានជួបជាមួយកម្មករកម្មការិនី នាព្រឹកនេះ មកពីរោងចក្រក្នុងក្រុងកំពង់ឆ្នាំងចំនួន២ ,រោងចក្រក្នុងស្រុកកំពង់ត្រឡាចចំនួន៩ ,រោងចក្រក្នុងស្រុកសាមគ្គីមានជ័យចំនួន២ និងស្រុករលាប្អៀរចំនួន១។ រោងចក្រទាំង១៤នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, រោងចក្រផលិតស្បែកជើងចំនួន១, រោងចក្រផលិតកាបូបចំនួន២, រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈចំនួន២ និងម៉ាស៊ីនកិនស្រូវចំនួន២។ ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។មកដល់ពេលបច្ចុប្បន្នខេត្តកំពង់ឆ្នាំង មានសហគ្រាស គ្រឹះស្ថានចំនួន១៥២ មានកម្មករ និយោជិត ៤៣,៧៧២នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៨ មានកម្មករ និយោជិតចំនួន ៤២,១២៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការពេញចិត្តជាមួយនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្ត កំពុងទទួលជោគជ័យមួយជំហានធំហើយក្នុងរយៈពេល ១៩ ឆ្នាំកន្លងទៅនេះ តាមរយៈនយោបាយពង្រាយរោងចក្រទៅតាមមូលដ្ឋានដែលសម្តេចបានដាក់ចេញតាំងពីឆ្នាំ ១៩៩៩។ សម្តេចតេជោបានបន្តថា បើសម្តេចមិនច្រឡំទេនៅក្នុង ខែធ្នូ ឆ្នាំ ១៩៩៩ ដែលជាពេលវេលានៃការបង្កើតវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជនពេលនោះសម្តេចក៏បានសង្កត់ថាត្រូវខិតខំធ្វើយ៉ាងណាដោះស្រាយការងារធ្វើទាក់ទាញវិនិយោគតាមបណ្ដាខេត្តនានាតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឲ្យការពង្រាយរោងចក្រនៅតាមបណ្ដាខេត្ត ជាជាងប្រមូលផ្ដុំនៅតែទីក្រុងភ្នំពេញ។ គោលនយោបាយនេះមិនមែនជាបញ្ហាប្រថុយប្រថាននោះទេ។
សម្តេចតេជោបានបន្តថា ឥឡូវនេះខេត្តកំពង់ឆ្នាំងមានកម្មកររហូតទៅដល់ជាង ៤ ម៉ឺននាក់,ខេត្តស្វាយរៀងមានជាង ៥ ម៉ឺននាក់ ,ខេត្តព្រះសីហនុក៏មានជាង ៤ ម៉ឺននាក់ និងខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលដែលជួបកម្មករនៅក្នុងទៅទីក្រុង និងខេត្តកណ្ដាល និយាយផ្សេង ក៏ប៉ុន្តែនៅតាមបណ្តាខេត្តសម្តេចនៅតែបន្តលើកបញ្ជាក់ថា បើសិនជាមិនមានរោងចក្រនៅតាមបណ្តាខេត្តទេ ពិសេសនៅក្នុងខេត្តកំពង់ឆ្នាំងនេះសួរថា ក្មួយៗថ្ងៃនេះដែលមកជួបពូនេះតើកំពុងធ្វើអ្វីទៅ? ច្បាស់ណាស់ចម្លើយចេញមកគឺមានតែ ២ ទេ។ ទី ១ ក្មួយៗកំពុងស្ថិតនៅជាមួយឪពុកម្ដាយ ហើយមិនមែនធ្វើកម្មកររោងចក្រទេ ក៏ប៉ុន្តែខែនេះគឺជាខែដកស្ទូង និង ដាំដុះ។ ក្មួយមិនទាន់ក្លាយជាកម្មករទេ គឺនៅជាកសិករសុទ្ធសាធធ្វើការជាមួយឪពុកម្ដាយ ឬជាមួយនឹងក្រុមគ្រួសាររបស់ខ្លួន។ ក្មួយមិនមានប្រាក់ចំណូល ១៧០ដុល្លារសហរដ្ឋបន្ថែម ទៅដោយប្រាក់អត្ថប្រយោជន៍ដទៃទៀត ប្រហែលជាង ២០០ ដុល្លារ នោះទេ។ ចម្លើយទី ២ ពេលនេះក្មួយៗជាកម្មករ/ការិនីនៅឯទីក្រុងភ្នំពេញ ឬខេត្តផ្សេងដែលមានរោងចក្រ ក្មួយៗទៅធ្វើការនៅទីនោះ។ ត្រូវធ្វើដំណើរពីស្រុកកំណើតដែលហៅថា របៀបទៅរកការងារនៅតាមទីក្រុង។ ចំណុចនេះធ្វើឲ្យក្មួយៗនឹងមានការចំណាយខ្ពស់នៅក្នុងការទទួលបានការងារធ្វើ ដោយត្រូវបង់ថ្លៃឈ្នួលផ្ទះ និងត្រូវចំណាយដទៃទៀតហើយបែកពីក្រុមគ្រួសារផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា នយោបាយពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត កំពុងទទួលជោគជ័យបណ្ដើរៗហើយនិងបន្តរីកចម្រើនជាជំហានបន្តទៀតនេះ បន្ទាប់ពីនយោបាយពង្រាយសាលារៀននៅក្នុងទសវត្សរ៍ ៨០ នៅក្នុងទសវត្សរ៍ ៩០។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ជារួមអ្វីដែលវាបានកើតឡើងនៅលើទឹកខ្មែរចាប់តាំងពីឆ្នាំ ១៩៧៩ មកសុទ្ធតែមានបាតដៃរបស់គណបក្សប្រជាជន បាតដៃរបស់ ហ៊ុន សែន ទាំងអស់។ រឿងដែលយើងជួបជុំនៅថ្ងៃនេះក៏វាផ្ដើមចេញពីចំណុចដែលយើងមានសន្តិភាពនិងផ្ដើមចេញពីនយោបាយត្រឹមត្រូវរបស់យើង អំពីការពង្រាយរោងចក្រមកកាន់បណ្ដាខេត្ត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា គ្រាន់តែនៅខេត្តកំពង់ឆ្នាំងនេះមានរោងចក្រកាត់ដេរ រោងចក្រស្បែកជើង រោងចក្រស្រាបៀរ និង រោងចក្រកិនស្រូវ។ សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលកំពុងទាក់ទាញវិនិយោគផ្នែកឧស្សាហកម្មមកកែច្នៃវត្ថុធាតុដើមក្នុងស្រុកព្រោះកម្ពុជាមានកៅស៊ូ ដំឡូងមី ស្រូវ ម្រេច មានវត្ថុធាតុដើមផ្នែកកសិកម្មដទៃទៀត។ កម្ពុជាកំពុងខិតខំទាញវិនិយោគឧស្សាហកម្មកែច្នៃ មកកែច្នៃទៅលើវត្ថុធាតុដើម ដែលចេញពីផលិតផលដែលមាននៅក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជាខិតខំទាញឧស្សាហកម្មដែលប្រើកំលាំងពលកម្មច្រើនដូចជាឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផ្នែកដទៃទៀត យើងកំពុងរក្សាទុក។ ប៉ុន្ដែយើងចង់បានឧស្សាហកម្មដែលមកកែច្នៃផលិតផលកសិផលដែលមានក្នុងប្រទេសស្រុកដូចជារោងចក្រផលិតស្ករស ដើម្បីឲ្យប្រជាពលរដ្ឋដាំអំពៅផ្គត់ផ្គង់ឲ្យរោងចក្រ។ រោងចក្រផលិតម្សៅមី ដើម្បីឲ្យប្រជាពលរដ្ឋដាំដំឡូង រួចហើយលក់ឲ្យរោងចក្រផលិតទៅជាម្សៅមី។ រោងចក្រផលិតមីកញ្ចប់ និងអ្វីផ្សេងៗ ដែលផលិតចេញពីវត្ថុធាតុដើមជាម្សៅមី។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសុទិដ្ឋិនិយមថា កំពង់ឆ្នាំងនឹងក្លាយជាតំបន់ទាក់ទាញវិនិយោគដោយសារមានផ្លូវតភ្ជាប់រហូតដល់ព្រំដែន។ នៅតាមផ្លូវជាតិលេខ៥យើងនេះចាប់ពីភ្នំពេញ កណ្តាល ពោធិ៍សាត់ បាត់ដំបង រហូតដល់បន្ទាយមានជ័យសុទ្ធតែមានរោងចក្រ។
សម្តេចតេជោបានបន្តទៀតថា ជោគជ័យនៃការពង្រាយរោងចក្រវាផ្តើមចេញពីសន្តិភាព ដែលយើងមានសព្វថ្ងៃ។ កំពង់ឆ្នាំងនៅមានការទាក់ទាញរោងចក្រថ្មីដើម្បីបង្កើតការងារថ្មីៗទៀតសម្រាប់ប្រជាជន។ យើងកំពុងតែខិតខំរក្សាចាស់បង្កើនថ្មី ដើម្បីបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋ ដូចនេះត្រូវខិតខំរួមគ្នា។
សម្តេចតេជោក៏បានឆ្លៀតផ្តាំផ្ញើទៅកម្មករថា “ដើម្បីធានាបាននូវការងារធ្វើនិងប្រាក់ឈ្នួលដែលក្មួយៗកំពុងទទួលបាន ជម្រើសដែលល្អជាងគេនោះគឺអ្វី? មានតែការបោះឆ្នោតឲ្យគណបក្សប្រជាជនតែប៉ុណ្ណោះទើបធានាបាននូវសន្ដិភាព ការងារធ្វើ ប្រាក់ឈ្នួល និងប្រាក់ចំណូលឲ្យក្មួយ។ គ្មានជម្រើសណាដែលល្អជាងនេះទេ។ ក្មួយៗត្រូវចាំណាក្មួយៗបានសេចក្ដីសុខនៅពេលនេះ គ្មានសង្គ្រាមរាំងជល់ តើចេញពីអ្នកណា? គឺចេញពីគណបក្សប្រជាជន ហើយចេញពីតួអង្គ ហ៊ុន សែន នេះ ដែលដឹកនាំកាច់ចង្កូតនាវាប្រទេសនេះ។ ក្មួយៗមានការងារធ្វើនិងប្រាក់ចំណូល គឺមិនមែនបានមកពីបក្សប្រឆាំងទេ គឺបានមកពីរាជរដ្ឋាភិបាលដែលបានប្រឹងប្រែងដោះស្រាយរកសន្ដិភាពហើយ ដោះស្រាយបង្កើតក្របខ័ណ្ឌគោលនយោបាយ ...”។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចពីការរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជា ពិសេសវិស័យកាត់ដេរ ដោយសម្តេចបានលើកឡើងថា បើគ្រាន់តែក្រឡេកមើលក្រោយបន្ដិចក្នុងរង្វង់ពីឆ្នាំ ១៩៩៧ រហូតមកដល់បច្ចុប្បន្នស្ថានភាពវាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពីស្ថានភាពដែលយើងលំបាកនៅពេលនោះ។ នៅឆ្នាំ១៩៩៧មានរោងចក្រត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះជារោងចក្រកាត់ដេរហើយមានកម្មករ/ការិនី ត្រឹមតែ ៨២.០០០ នាក់តែប៉ុណ្ណោះ។ តម្លៃនៃការនាំចេញកាលពីពេលនោះក៏មានត្រឹមតែចំនួនជាង ២០០ លានដុល្លារតែប៉ុណ្ណោះ ប្រាក់ឈ្នួលត្រឹមតែ ៣៥ ដុល្លារ។ ឥឡូវយើងមានរោងចក្រជាង ១.១៥៤ រោងចក្រដែលគ្របដណ្ដប់កម្មករជាង ៧៧៦.៥០២ ម៉ឺននាក់ខុសគ្នារហូតដល់ ១៣០ ដង ។ តម្លៃនៃការនាំចេញដែលកាលពីពេលមុននោះគឺបានឈានទៅដល់ជាង ៧.០០០ លានដុល្លាររួចស្រេចទៅហើយ។ប្រាក់ឈ្នួលដែលបានពីវិស័យកាត់ដេរនេះបានចូលទៅក្នុងដៃប្រជាជនប្រមាណ ២០០០លានដុល្លារក្នុង១ឆ្នាំ។ គ្រាន់តែខេត្តកំពង់ឆ្នាំងមួយស្រូបយកប្រមាណជិត ១០០ លានដុល្លារក្នុង១ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments