ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី១៣ ខែមិថុនានេះថា កំណាត់ផ្លូវចូលទៅតំបន់បឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ដែលកំពុងរងការខូចខាតនាបច្ចុប្បន្ននេះនឹងត្រូវបានស្ថាបនាឡើងវិញ នាថ្ងៃខាងមុខ។
លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា ប៉ុន្មានសារព័ត៌មានមួយបានសរសេរថា ផ្លូវចូលទៅបឹងព្រលឹតកំពុងរងការខូចខាត ដូច្នេះសូមឲ្យអាជ្ញាធរដែនដីជួយចុះមកស្ថាបនាផង។ ការសរសេរនេះគឺត្រឹមត្រូវហើយ ប៉ុន្តែក្នុងនោះលោកអភិបាលខណ្ឌបានបញ្ជាក់ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងព្រលឹត ខណៈពេលដែលលោកអភិបាលខណ្ឌបានចុះជួបសំណេះសំណាលដោយសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋកុំអាក់អន់ស្រពន់ចិត្ត ព្រោះអាជ្ញាធរខណ្ឌច្បារអំពៅបានលើកគំរោងទៅសាលារាជធានីភ្នំពេញ ដើម្បីសុំជួយស្ថាបនាផ្លូវនេះ ដែលមានប្រវ៉ែង១៤៥០ម៉ែត្រនិងទទឹង៨ម៉ែត្រកម្រាស់២តឹកចាប់ពីផ្លូវ៣៦៩ដល់ផ្សារបឹងព្រលឹត។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា កន្លងមកសាលាខណ្ឌបានចាក់ថ្មកិនពង្រាបនៅចំណុចណាដែលមានជង្ហុកដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ប៉ុន្តែនៅកែងផ្លូវចូលមានដេប៉ូលក់គ្រឿងសំណង់នឹងដីខ្សាច់ដឹកជញ្ជូនរាល់ថ្ងៃធ្វើឲ្យផ្លូវខូចខាតនៅពេលដែលមានភ្លៀងធ្លាក់។ ប៉ុន្តែបច្ចុប្បន្ននេះប្រជាពលរដ្ឋភាគច្រើនលោកបានធ្វើដំណើរទៅផ្លូវមួយទៀតឆ្ពោះមកផ្លូវតាង៉ៅដែលទើបស្ថាបនារួចនឹងមានទំហំធំទៀតផង។
ទន្ទឹមនឹងនេះ លោកអភិបាលខណ្ឌច្បារអំពៅលោកបានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូងទី១ មេត្តាអធ្យាស្រ័យដល់អាជ្ញាធរតែមួយរយៈពេលខ្លី ដើម្បីឲ្យសាលារាជធានីភ្នំពេញលោកដាក់គ្រឿងចក្រស្ថាបនាផ្លូវនេះ ឲ្យមានគុណភាពល្អសម្រាប់ឲ្យប្រជាពលរដ្ឋលោកបានប្រើប្រាស់បានជាយូរអង្វែងទៅមុខ៕
Source: Kampuchea Thmey Daily
0 Comments