ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦ បានជំរុញឲ្យសមាជិកសមាជិកាបក្សទូទាំងស្រុកស្វាយជ្រុំក្នុងខេត្តស្វាយរៀងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខាន ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ។
លើសពីនេះទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏សំណូមពរសមាជិកសមាជិកាបក្សទាំងអស់បន្តចុះផ្ទាល់ដល់មូលដ្ឋានពលរដ្ឋ ដើម្បីដឹងអំពីតម្រូវការពិតៗរបស់ពួកគាត់។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងចំនួន៦៦២នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ទី២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែរក្រហម ត្រូវរលំរលាយទាំងស្រុង។
លោកជំទាវក៏បានលើកឡើងផងដែរ នូវមនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលបាយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍មូលដ្ឋានតែម្ដង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើជូនដល់សមាជិកសមាជិកាបក្សទាំងអស់ត្រូវអនុវត្តន៍ខ្លឹមសារដូចជា ១. មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និងបាតុកម្មផងនៅក្នុងរោងចក្រ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅក្នុងមូលដ្ឋាន។ ២. ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សាស្ថេរភាពនយោបាយ ថែរក្សាការពារនូវសមិទ្ធផលដែលបាន ពីការខិតខំរបស់រាជរដ្ឋាភិបាល ហើយនិងត្រូវខិតខំដោះស្រាយនូវការលំបាក និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ៣. ត្រូវចលនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ដូចជាបងប្អូននៅក្នុងក្រុមគ្រួសារឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង៕
Source: Kampuchea Thmey Daily
0 Comments