បន្ទាយមានជ័យ ៖ ក្មេងទំនើង៣នាក់ ក្នុងចំណោម៦នាក់បានចូលដេកគុកយ៉ាងស្អាតដោយសារតែរឿងគំនុំចាស់ចូលកាប់ដល់ក្នុងផ្ទះ ប៉ុន្តែកាប់ខុសមនុស្សបណ្តាលឲ្យរបួសធ្ងន់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបានភ្លាមៗនៅវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨រួមជាមួយវត្ថុតាងមានកាំបិតខ្វែវដងឈើប្រវែង ១០០ស.ម ០១ដើម កំណាត់ឈើជ្រុងប្រវែង ១១២ស.ម ០១ដើម កំណាត់ឈើជ្រុងប្រវែង ៩២ស.ម ០១ដើម នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១មានឈ្មោះ ទួន ស៊ីណៃ ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២មានឈ្មោះ រ៉ង វីរៈ ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣មានឈ្មោះ ទ្រី បឺតណយ ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីយកមកទីបញ្ជាការអាវុធហត្ថខេត្តសួរនាំអំពីរឿងហេតុដែលបានកើតឡើង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ញូង សុវណ្ណ ភេទ ស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវជាម្តាយរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ខ្លួន បានដេកមើលទូរទស្សន៍ជាមួយកូន និងក្មួយ ស្រាប់តែមានក្មេងមួយក្រុមមានគ្នាប្រមាណ ៦នាក់ ប្រដាប់ដោយដំបងឈើជ្រុង និងកាំបិត បានសម្រុកចូលមកក្នុងផ្ទះរបស់ខ្លួន បានវាយក្មួយ និងកាប់កូនប្រុសរបស់ខ្លួនដោយមិនដឹងមូលហេតុ ពេលក្រុមជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពស្រាប់តែកម្លាំងកងរាជអាវុធហត្ថ ចូលមកអន្តរាគមន៍ភ្លាមៗតែម្តងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបានធ្វើការសាកសួររួចមក ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ក្រុមខ្លួនមានគំនុំជាមួយឈ្មោះ ហួរដែលរស់នៅក្នុងផ្ទះដែលក្រុមខ្លួនចូលទៅធ្វើសកម្មភាព លុះដល់ថ្ងៃកើតហេតុ ក្រុមខ្លួនបានបបួលគ្នាទៅសងសឹកជាមួយឈ្មោះ ហួរ តែពេលចូលទៅដល់ក្នុងផ្ទះ មិនបានឃើញឈ្មោះ ហួរ នោះទេ ឃើញតែមនុស្សប្រុសម្នាក់ផ្សេងទៀតកំពុងដេក ជនរងគ្រោះពេលក្រុមខ្លួនចូលទៅដល់ក្នុងផ្ទះ ស្រាប់តែក្រោករត់ ពេលនោះក្រុមខ្លួនបានរត់តាមដេញកាប់ទៅលើបុរសម្នាក់នោះត្រូវចាំប្រអប់ដៃបណ្តាលឲ្យរបួសធ្ងន់។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងរួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments