ភ្នំពេញ ៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃចន្ទ-អង្គារ ១៣-១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានមានប្រសាសន៍ថា វិទ្យាស្ថានបានចងក្រងកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ សម្រាប់យកមកអភិវឌ្ឍន៍ចំណេះដឹងរបស់មន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីគ្រប់ភាគីអាចចូលរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ឲ្យមានកំណើនបន្តទៅមុខទៀត។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺរួមចំណែកយ៉ាងសំខាន់ពីសហគ្រាសធុនតូច និងមធ្យម ដែលតម្រូវឲ្យក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព ចំណេះដឹង ជូនសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត ដើម្បីឲ្យសហគ្រាសអស់ទាំងនេះ អាចមានលទ្ធភាពដំណើរការនូវផលិតកម្មរបស់ខ្លួនដោយរលូន និងអាចប្រកួតប្រជែងជាមួយ សហគ្រាស ឬក្រុមហ៊ុន បរទេសបាន។
លោក សំហេង បូរ៉ា បានមានប្រសាសន៍ថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះនឹងផ្តល់នូវចំណេះដឹងចាំបាច់មួយចំនួនដល់សិក្ខាកាមទាំងអស់ ដូចជា ការយល់ដឹងអំពីសហគ្រិនភាព ស្ថានភាពសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ការយល់ដឹងពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីក្ស័យធន នីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា និងនីតិវិធីពន្ធដារជាដើម។
ទន្ទឹមនឹងនោះដែរ លោក បានជម្រាបជូន សិក្ខាកាមទាំងអស់ អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកន្លង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា បានខិតខំសម្រួលពាណិជ្ជកម្មដោយលុបបំបាត់នូវការិយាល័យធិបតេយ្យ កាត់បន្ថយនូវបែបបទនាំចេញនាំចូល និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ធ្វើការនាំចេញ ដោយបានកសាងច្បាប់ និងបទប្បញ្ញត្តិនានា និងការចងក្រងជាសហគមន៍ ដើម្បីធានាឲ្យបាននូវការប្រកួតប្រជែង និងលក្ខខណ្ឌទីផ្សារមួយ ដែលប្រកបដោយសេរី និងយុត្តិធម៌។
ជាមួយគ្នានេះដែរ លោក សំហេង បូរ៉ា ក៏បានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រទទួលយកចំណេះដឹង និងបទពិសោធន៍ ដែលវាគ្មិនរបស់ក្រសួងពាណិជ្ជកម្ម និងវាគ្មិនផ្សេងៗទៀត ចែករំលែកជូនសិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាពរបស់លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ពាណិជ្ជករ សិប្បករ សហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៨០ នាក់៕
Source: Kampuchea Thmey Daily
0 Comments