ក្រុមបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ៦សម័យកាល បានប្រកាសបបួលអ្នកគាំទ្ររបស់ខ្លួន ទៅគាំទ្រលើកទ័ពទៅគាំទ្រការប្រកួតដល់ខេត្តសៀមរាប នៅចុងសប្ដាហ៍នេះ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 សប្ដាហ៍ទី១១ ជាមួយក្រុមអង្គរថាយហ្គឺរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា លោកអ្នកអាចចូលរួមទស្សនា ក៏ដូចជាហ៊ោលើកទឹកចិត្តក្រុមភ្នំពេញក្រោន ក្នុងការប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ នៅលើទឹកដីខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី២៣ ខែ មិថុនា ចុងសប្តាហ៍នេះជាមួយនឹងតម្លៃ ៣០ដុល្លារ ក្នុងម្នាក់។ តម្លៃនេះរួមមានការធ្វើដំណើរទាំងទៅទាំងមក, កន្លែងស្នាក់នៅ, ដំណើរកម្សាន្តរយៈពេលខ្លី, អាហារសម្រន់ ក៏ដូចជាសំបុត្រទស្សនាការប្រកួត ប៉ុន្តែមិនរាប់បញ្ចូលថ្លៃអាហារនោះឡើយ។
សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមភ្នំពេញក្រោន ជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរ នឹងធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃ សៅរ៍ ចុងសប្តាហ៍នេះលើទីលានកីឡដ្ឋានខេត្តសៀមរាប ព្រមទាំងមានម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមិថុនា ព្រមទាំងមានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់កម្ពុជាថ្មី ផងដែរ។ តាមគម្រោងរថយន្តចេញដំណើរពីរាជធានីភ្នំពេញ ហើយម៉ោង១២ថ្ងៃត្រង់ ទៅដល់ខេត្តសៀមរាប ខណៈនៅម៉ោង២និង៣០នាទីរសៀល បន្តដំណើរទៅកាន់កីឡដ្ឋានខេត្តសៀមរាប និងម៉ោង៦ល្ងាច ត្រឡប់ដំណើរទៅកន្លែងស្នាក់នៅវិញ។
ចូលដល់ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ មានកម្មវិធីបន្តបន្ទាប់ដោយ ម៉ោង៤ព្រឹកចេញដំណើរទៅទស្សនាព្រះអាទិត្យរះនៅប្រាសាទអង្គវត្ត ហើយម៉ោង៧ព្រឹកត្រឡប់មកកន្លែងស្នាក់នៅវិញ ខណៈម៉ោង៨ព្រឹកចេញទៅទស្សនាប្រាសាទអង្គរ, បាយ័ន និងស្រះស្រង់។ ដល់ម៉ោង១២ថ្ងៃត្រង់បរិភោគអាហារថ្ងៃត្រង់ ហើយម៉ោង២រសៀលទើបចេញដំណើរត្រឡប់មករាជធានីភ្នំពេញ វិញ ដោយប្រហែលជាម៉ោង៧ឬ៨យប់អាចនឹងដល់គោលដៅ។ សម្រាប់អ្នកចាប់អារម្មណ៍សូមទាក់ទងតាមលេខ០៩៦ ៤២១ ៥៥៤៥។
កន្លងមកក្រុមភ្នំពេញក្រោន តែងតែនាំអ្នកគាំទ្ររបស់ខ្លួនធ្វើដំណើរទៅលើកទឹកចិត្តកីឡាករដល់ខេត្តស្វាយរៀង និងចុះធ្វើសកម្មភាពបង្ហាត់បាល់ទាត់ដល់ក្រុមយុវជននៅតាមបណ្តារខេត្តនានាដូចជា កោះកុង តាកែវ និង កំពតជាដើម៕
Source: Kampuchea Thmey Daily
0 Comments