Ad Code

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ណែនាំ និង​ផ្តាំផ្ញើ​ដល់ និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់



ភ្នំពេញ ​៖​ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​០២​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែឧសភា គ​.​ស ២០១៨ នៅ​ទីស្តីការក្រសួង បាន​ជួប​សំណេះសំណាល និង​ណែនាំ និង​ផ្តាំផ្ញើ ដល់ ក្មួយៗ​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ចំនួន​០៩ នាក់ (​ស្ត្រី​០៥)។

​មានមតិ​ណែនាំ និង​ផ្តាំផ្ញើ​នា​ឱកាស​នេះ លោក រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ទឹកចិត្ត​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ក្មួយៗ​ដែល​ទទួល​បាន​ជ័យលាភី​ដ៏​ល្អ​ប្រពៃ​នេះ។ សូម​ធ្វើការ​កោតសរសើរ​ជូន​ចំពោះ​មាតា​បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ ចិត្ត​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ធ្វើការ​ប្រៀនប្រដៅ អប់រំ ណែនាំ​ដល់​ក្មួយៗ​គ្រប់ៗ​គ្នា​រហូត​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ ពិសេស​រហូតដល់​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។​

​លោក​រដ្ឋមន្ត្រី បន្ថែមថា នេះ​ជា​ឱកាស​ដ៏​ប្រសើរ​របស់​ក្មួយៗ​ដើម្បី​ស្វែងរក​ចំណេះដឹង និង​បទពិសោធន៍​បន្ថែមទៀត​ទាំង​ជំនាញ​ផ្ទាល់ និង​ក្រៅពី​ជំនាញ​ដែល​ក្មួយ​មិនទាន់មាន មិនទាន់បាន​ជួប មិនទាន់បាន​រៀន​កន្លងមក ហើយ​ដែល​ចំណេះដឹង​និង​បទពិសោធន៍​ទាំងអស់នោះ​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​ក្មួយៗ​កាន់តែ​ល្អប្រសើរ​ថែមទៀត​នាពេល​អនាគត​។ ក្រោយពេល​បញ្ចប់​ការសិក្សា​របស់​ក្មួយៗ​នឹង​នាំមក​នូវ​ចំណេះដឹង បទពិសោធន៍​មកជួយ​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ដែល​បាននិងកំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​មាន​សក្តានុពល​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ដូច​ក្មួយៗ​គ្រប់ៗ​រូប ពិសេស​សមស្រប​ទៅតាម​គោលនយោបាយ​អភិវឌ្ឍ​ធនធានមនុស្ស​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល និង​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងអស់គ្នា​ដើម្បី​ប្រែក្លាយ​ប្រទេស​យើង​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០។

ឆ្លៀត​យក​ឱកាស​នេះ លោក រដ្ឋមន្ត្រី​បានផ្តល់​មេរៀន និង​បទពិសោធន៍​ល្អៗ​របស់លោក ក្នុងពេល​កំពុង​សិក្សា ពេល​បំពេញការងារ ជា​លំដាប់លំដោយ​រហូតមក​ទល់​ពេលបច្ចុប្បន្ន​។ គ្រប់​កាលៈទេសៈ​ទាំងអស់​នៃ​ជិវិត​ក្នុង​ការសិក្សា ការបំពេញ​ការងារ​និង​ភារកិច្ច​របស់លោក រដ្ឋមន្ត្រី​ត្រូវបាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ដែល​មិនអាច​គណនា​បាន ហើយ​សូម​ឲ្យ​ក្មួយៗ​ត្រងត្រាប់​យក​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​ទាំងអស់នេះ​ទៅធ្វើ​ការកែច្នៃ​ដើម្បី​យកទៅអនុវត្ត ឬ​ប្រើប្រាស់​ឲ្យ​បាន​សមស្រប ទុកជា​សម្បត្តិ ឬ​គុណប្រយោជន៍​សម្រាប់​ជា​បទពិសោធន៍​នៃ​ជីវិត​នាពេល​អនាគត​។​

​ជាថ្មី​ម្តងទៀត​សូម​សម្តែង​នូវ​ទឹកចិត្ត​អបអរសាទរ និង​ស្វាគមន៍​ដល់​ក្មួយៗ​គ្រប់ៗ​រូប​ដែល​ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ណូ​វែ​ល​ហ្សេ​ឡង់​នាពេលនេះ សូម​ក្មួយៗ​យក​ឱកាស​ដ៏​មានតម្លៃ​នេះ​ទៅ​អភិវឌ្ឍ​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ និងត្រូវ​នាំយក​មកវិញ​នូវ​ចំណេះដឹង មេរៀន និង​បទពិសោធន៍​ល្អៗ​ដែល​បាន​ក្រេប​ជញ្ជក់​ពី​មហាវិទ្យាល័យ មកជួយ​អភិវឌ្ឍ​ប្រទេសជាតិ ពិសេស ក្មួយៗ​ដែល​នឹង​ទៅ​បន្ត​ការសិក្សា​ផ្នែក​កសិកម្ម មកជួយ​អភិវឌ្ឍ​វិស័យនេះ​តាម​គ្រប់​វិធីសាស្ត្រ និង​មធ្យោបាយ​ធ្វើយ៉ាងណា​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត ក្នុងខណៈដែល​វិស័យនេះ​កំពុង​ត្រូវការ​ធនធានមនុស្ស​មា​ន​សមត្ថ​ភាពជា​ចាំបាច់​មក​អនុវត្ត ឬ​ប្រើប្រាស់ បច្ចេកវិទ្យា​ទំនើបៗ​ក្នុង​គោលបំណង​បង្កើន​បរិមាណ និង​គុណភាព និង​ជំនួស​ឲ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​ដែល​មាន​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។ ចុងក្រោយ​នៃ​ជំនួប​នេះ លោក​បាន​ជូនពរ​ឲ្យ​ក្មួយៗ​ទទួលបាន​នូវ​សុខភាព​ល្អ​បវរ​​ប្រសើរ ជោគជ័យ​ក្នុងការ​សិក្សា​រៀនសូត្រ និង​ទទួលបាន​ជ័យលាភី​ល្អប្រសើរ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu