ចុងសប្ដាហ៍នេះ ក្លិបទាំងអស់ជាសមាជិកថ្មីនៃពានរង្វាន់លីគកំពូលកម្ពុជា អាចចុះឈ្មោះដោះដូរកីឡាករក្នុងបញ្ជីរបស់ខ្លួនបានមួយចំនួនដើម្បីត្រៀមប្រកួតជើងទី២ ខណៈដំណឹងលេចឮមួយបានបញ្ជាក់ថា ក្រុមភ្នំពេញក្រោន ត្រៀមនាំយកកីឡាករបរទេសថ្មីជនជាតិប្រេស៊ីល មករួមក្រុម ហើយកីឡាកររូបនេះធ្លាប់មានបទពិសោធន៍ជាច្រើននៅក្នុងប្រទេសថៃ។
ប្រភពមកពីក្លិបជើងឯក៦សម័យកាលមួយនេះបញ្ជាក់ថា កីឡាកររូបនេះមានឈ្មោះថាValci Júnior មានកម្ពស់១,៩០ម៉ែត្រ តួនាទីជាខ្សែប្រយុទ្ធ។ រូបគេចំណាយពេល៩ឆ្នាំជាមួយក្លិបចំនួន១១នៅប្រទេសថៃ គិតចាប់តាំងពីឆ្នាំ២០០៩ មក ដែលមានដូចជា ក្លិបTOT-CAT, Sisaket, TTM Phichit, Tai Port, Nakhon Ratchasima, Rayong, Krabi, Bangkok, Ayutthaya, Udon Thani និងSamut Sakhon។ តែចន្លោះឆ្នាំ២០១២ រូបគេបានផ្លាស់ទៅលេងជាមួយក្លិប Al Nahda Club នៅប្រទេសអូម៉ង់ និងនៅឆ្នាំ ២០១៦រូបគេប្តូរទៅលេងជាមួយក្លិបលីគលំដាប់ទី៣ប្រទេសជប៉ុន គឺក្លិប Gainare Tottori។
កាយសម្បទានិងបទពិសោធន៍ជោគជាំរបស់កីឡាករប្រេស៊ីល រូបនេះ គឺពិតជាចាំបាច់ណាស់ក្នុងការជួយក្រុមភ្នំពេញក្រោន នៅតំបន់ប្រយុទ្ធដើម្បីទម្លាយសំណាញ់ទីគូប្រកួតដែលក្រុមត្រូវការពិន្ទុបន្ថែមជាចាំបាច់ដើម្បីប្រជែងកៅអីកំពូលតារាងជាមួយក្រុមមួយចំនួនផ្សេងទៀត។ ម្យ៉ាងកីឡាករបរទេសរបស់ក្រុមភ្នំពេញក្រោន មួយចំនួនកំពុងមានបញ្ហារបួសដូចជាខ្សែបម្រើ Jorrin John និងខ្សែប្រយុទ្ធ Tsotleho JANE ជាដើម។
យោងតាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្របតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី កំណត់ថា ក្លិបជាសមាជិកលីគរបស់ខ្លួនអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ ប៉ុន្តែក្នុងនោះត្រូវមានកីឡាករអាស៊ី ១រូប (រូបមន្ត ៤+១)។ ភ្នំពេញក្រោន បានចុះបញ្ជីកីឡាករបរទេសពេញបញ្ជីហើយដោយក្នុងនោះមានខ្សែប្រយុទ្ធកីឡាករJorrin John (ឈ្មោះហៅក្រៅថា JJ) ជាជនជាតិអង់គ្លេស កីឡាករ Tsotleho JANE ហៅក្រៅថាSunny ខ្សែការពារ Jonny Campbell ជនជាតិអាមេរិក ខ្សែប្រយុទ្ធ Pouya Hossein ជនជាតិអ៊ីរ៉ង់ និងកីឡាករ Atsushi Shirota ជនជាតិជប៉ុន។
យ៉ាងណាក្តីគេរង់ចាំមើលថា តើភ្នំពេញក្រោន នឹងបញ្ចប់កិច្ចសន្យាជាមួយកីឡាករមួយណាដើម្បីដាក់កីឡាករ Valci Júnior មកជំនួសកន្លែងដូចពាក្យចចាមអារ៉ាមដែរឬទេ។ យោងតាមលិខិតផ្លូវការដែលចេញដោយ CNCC បានបញ្ជាក់ថា ការដោះដូរកីឡាករជើងទី២នេះអាចធ្វើបានលើកីឡាករកម្ពុជា៣រូប និងកីឡាករបរទេស៣រូប។ គិតត្រឹមពេលនេះពានរង្វាន់លីគកំពូលកម្ពុជា ធ្វើដំណើរដល់សប្តាហ៍ទី៩ ហើយខណៈជុំទី១នៃរដូវកាលនេះនឹងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ។ តាមគម្រោងការប្រកួតជុំទី២នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមិថុនា ហើយកីឡាករថ្មីៗដែលក្លិបនីមួយៗជាសមាជិកទាំង១២ក្រុម បានចុះបញ្ជីលើកទី២ និងចូលលេងបាន៕
Source: Kampuchea Thmey Daily
0 Comments