ភ្នំពេញ ៖ ក្រសួងការពារជាតិ និងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអគ្គបញ្ជាការកងទ័ព នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានព្រមគ្នា ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដោយបានអះអាងថា ទង្វើបែបនេះ គឺជាការរំលោភច្បាប់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ។
ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា “ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយ ច្រានចោល និងថ្កោលទោស យ៉ាងដាច់អហង្កាចំពោះទង្វើដ៏គគ្លើនរបស់ក្រសួងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិ មកលើមន្ត្រីជាន់ខ្ពស់១រូប នៃកងយោធពលខេមភូមិន្ទ របស់ប្រទេសកម្ពុជា។ ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ មកលើមន្ត្រីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះ គឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្តរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាមិនអាចទទួលស្គាល់បានឡើយ។
ជាមួយគ្នានោះ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្ម មកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ដោយមិនមានមូលដ្ឋានច្បាស់លាស់បែបនេះ។
ប្រតិកម្មនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីត្រូវបានការិយាល័យកិច្ចការសាធារណៈ នៃនាយកដ្ឋានរតនាគារអាមេរិក ប្រកាសនៅថ្ងៃទី១២ ខែមិថុនា បញ្ចូលនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សទៅក្នុងបញ្ជីខ្មៅ នៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ក្រោមច្បាប់ ហ្លោប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) ដោយសំអាងថា បានរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ភ្លាមៗពីការប្រកាសរបស់សហរដ្ឋអាមេរិកនេះដែរ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីថ្លែងការណ៍មួយផងដែរ ដោយបានលើកឡើងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានចេញនូវសេចក្តីសម្រេចមួយដាក់ពហិការមកលើរូប លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ហើយអាមេរិក នឹងមិនផ្តល់ទិដ្ឋាការឲ្យចូលទៅកាន់ សហរដ្ឋអាមេរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៀត។
ខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការថ្កោលទោសចំពោះវិធានការរបស់អាមេរិកនេះ ដែលធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើរូប លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថែមជាអ្នកប្រតិបត្តិច្បាប់ដ៏ហ្មត់ចត់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ចដ៏ថ្លៃថ្នូរ នៅក្នុងការការពារស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ដែលស្ថានភាពនេះកំពុងតែរីកចម្រើនជាទីគាប់ប្រសើរ។ អ្វីដែលអាមេរិកធ្វើនេះ គឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ហើយម្យ៉ាងទៀត គួរតែសួរទៅអាមេរិកវិញដែរថា ចុះការដែលកងទ័ពអាមេរិកមកសម្លាប់ជនជាតិកម្ពុជារាប់លាននាក់កាលពីទសវត្សឆ្នាំ១៩៧០ ដែលគ្រាប់បែកនៅតែរកឃើញរហូតមកដល់សព្វថ្ងៃនោះ តើនេះមិនមែនជាការរំលោភសិទ្ធិមនុស្សពីសំណាក់អាមេរិកទេឬ។
ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកំរោល ឥតអៀនខ្មាសរបស់សហរដ្ឋអាមេរិកមួយនេះ។
ទាក់ទងបញ្ហានេះដែរ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដោយបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments