កំពង់ស្ពឺ ៖ នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកបរសេដ្ឋបង្ក្រាបមុខសញ្ញាលួចកាច់សោក ម៉ូតូចំនួន ពីរនាក់បងប្អូនដែលធ្វើសកម្មភាពលួចឆ្លងខេត្តយ៉ាងសកម្ម។
នគរបាលឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះផន សៅ ហៅ ផន ចយ ត្រូវជាប្អូន ផន រុន ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើត នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ បច្ចុប្បន្នរស់នៅភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត មុខសញ្ញាទើបចេញ ពី ពន្ធនាគារ។ ទី២-ឈ្មោះ ផន ទីង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ។
នគរបាលបន្តទៀតថា ជនសង្ស័យទាំងពីរបានធ្វើសកម្មភាពលួចកាច់សោក ម៉ូតូ របស់ជនរងគ្រោះឈ្មោះ តេវ ម៉ាត់ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិចំរើនផល ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ពេលគាត់ជិះម៉ូតូទៅផ្លាស់ចំណងគោ រួចបញ្ឈរទុកចម្ងាយប្រមាណ១០០ម៉ែត្រពីភូមិ ពេលឃើញសកម្មភាពចោរកាច់.កម៉ូតូ គាត់បានរត់ឡើងពីស្រែស្រែកឆោឡោ និងផ្តល់ព័ត៌មានមកសមត្ថកិច្ចទាន់ពេលវេលាទើបបង្ក្រាប និងឃាត់ជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូចំនួន ២គ្រឿង។
នគរបាលបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមានម៉ូតូ ម៉ាក MSX ពណ៌ស គ្មានស្លាកលេខ (ម៉ូតូជនល្មើសជិះធ្វើសកម្មភាព) និងមួយគ្រឿងទៀត ម៉ូតូ ម៉ាក C125 ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៤ ស្លាកលេខ1CS-4406 ភ្នំពេញ ម៉ូតូរបស់ជនរងគ្រោះ។
បច្ចុប្បន្នសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments