ក្រុមបឹងកេតអែហ្វស៊ី កំពុងតែឈរកៅអីកំពូលតារាងបណ្តោះអាសន្ន ក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ត្រឹមសប្ដាហ៍ទី៩ នេះ ខណៈលោក ហៅ សុជាតិ ដែលជាគ្រូបង្វឹកបានសម្លឹងឃើញបញ្ហាប្រឈមរបស់ក្រុមមួយចំនួនដូចជាភាពខ្លាំងក្លារបស់ក្រុមគូប្រជែងនិងក្រុមរបស់លោកផ្ទាល់ដែលធ្វើឱ្យពិបាករក្សាតំណែងកំពូលតារាងមួយនេះ។
លោកគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ AFC B License រូបនេះបានបញ្ជាក់ថា «យើងមានបញ្ហាខ្លះៗដែលពិបាកក្នុងការរៀបចំក្រុមព្រោះយើងដឹងស្រាប់ហើយអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី របួសជើងមិនទាន់ជានៅឡើយទេ ហើយក្រោយប្រកួតជាមួយក្រុមភ្នំពេញក្រោន កន្លងទៅយើងអាចនឹងអវត្តមានកីឡាករម្នាក់ទៀតគឺខ្សែបម្រើកណ្ដាល ស៊ុន សុវណ្ណរិទ្ធី ដែលមានបញ្ហារបួសដូចគ្នា។ ម៉្យាងយើងឃើញថាក្រុមខ្លាំងៗមួយចំនួនដូចជា ណាហ្គាវើល និងវិសាខា សុទ្ធសឹងជាគូប្រជែងមិនអាចមើលរំលងបានក្នុងការដណ្តើមកៅអីកំពូលតារាងពីក្រុមយើង»។
ក្រុមបឹងកេត ឆ្លងកាត់៩ប្រកួតដើមរដូវកាលនេះឈ្នះរហូតដល់៧ប្រកួត និងស្មើគ្នា២ប្រកួតមាន២៣ពិន្ទុច្រើនជាងក្រុម១២ផ្សេងទៀត ខណៈក្រុមនេះបំប៉ោងសំណាញ់ទីគូប្រកួតបាន២៦គ្រាប់ និងរបូតវិញ១០គ្រាប់។ លោក ហៅ សុជាតិ ត្រូវក្លិបតែងតាំងឲ្យឈរឈ្មោះជាគ្រូបង្វឹកស្តីទីកាលពីរដូវកាលឆ្នាំ២០១៦ កន្លងទៅក្រោយការចាកចេញរបស់លោក ប្រាក់ សុវណ្ណារ៉ា ខណៈលោកបានចាប់ដៃជាមួយលោក កែវ កុសល ដឹកនាំក្រុមកាលពីដើមរដូវកាលក៏ដូចជាក្នុងយុទ្ធនាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2018 ផងដែរ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា។
ងាកទៅប្រកួតបន្ទាប់នៅចុងសប្ដាហ៍នេះវិញបឹងកេត ត្រូវប៉ះជាមួយក្រុមចំណូលថ្មីៗ ដែលកំពុងលេចធ្លោ គឺវិសាខា វេលាម៉ោង៣រសៀលថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានវេស្ទើន ក្នុងរាជធានីភ្នំពេញ។ ជ័យជម្នះក្នុងប្រកួតនេះពិតជាចាំបាច់ណាស់សម្រាប់ក្រុមទាំង២ដើម្បីកើនពិន្ទុបន្តប្រជែងកៅអីគ្នានៅតំបន់កំពូលតារាង៕
Source: Kampuchea Thmey Daily
0 Comments