ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៏ ឈុំ សុជាតិ បានលើកឡើងថា កងទ័ពមានទឹកចិត្តស្មោះស្ម័គ្រចំពោះជាតិមាតុភូមិ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដូច្នេះការអំពាវនាវណាមួយរបស់ទណ្ឌិត សម រង្ស៊ី ឲ្យកងទ័ពចូលរួមជាមួយក្រុមប្រឆាំងនោះ គឺជាការលើកឡើងដ៏ឆ្កួតលីលា និងជាឧបាយកល ញុះញង់ឲ្យមានការបង្ហូរឈាម បំផ្លាញសេចក្តីសុខ និងសន្តិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែស្អប់ខ្ពើមប៉ុណ្ណោះ។
នាយឧត្តមសេនីយ៏ ឈុំ សុជាតិ ប្រតិកម្មបែបនេះ ជាការឆ្លើយតបទៅនឹងការអំពាវនាវជាថ្មីទៀតរបស់លោក សម រង្ស៊ី កាលពីថ្មីៗនេះ ឲ្យកងទ័ពឈរនៅខាងប្រជាជន ហើយឲ្យប្រជាជនក្រោកឈរឡើង ប្រឆាំងលទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខ។
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អះអាងថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឲ្យកងទ័ពកម្ពុជា ចូលរួមជាមួយក្រុមប្រឆាំង ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោតនោះ គឺជាការលើកឡើងដ៏ឆ្កួតលីលា និងមិនបានយល់ច្បាស់ អំពីទឹកចិត្ត និងជំហរដ៏ស្មោះត្រង់របស់ កងយោធពលខេមរភូមិន្ទឡើយ។
លោកបញ្ជាក់ថា “កងយោធពលខេមរភូមិន្ទ មានទឹកចិត្តស្មោះស្ម័គ្រចំពោះជាតិមាតុភូមិ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងគោរពដឹងគុណជានិច្ចចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមគ្គុទេសករដ៏ឆ្នើម ដែលបានដឹកនាំរំដោះជាតិកម្ពុជា ចេញរបបកាប់សម្លាប់ សង្គ្រាមបង្ហូរឈាម និងនាំមកនូវសន្តិភាព វឌ្ឍនភាព ការសម្បូរសប្បាយ ដល់សព្វថ្ងៃ”។
តាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ "កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចូលរួមការពារដល់សន្តិភាព ដែលរកបានដោយលំបាករបស់កម្ពុជា មិនឲ្យក្រុមអគតិជនណាមួយមកបំផ្លាញបានឡើយ មិនថានៅមុនការបោះឆ្នោត ពេលកំពុងបោះឆ្នោត និងក្រោយការបោះឆ្នោតនោះទេ។ កងទ័ពរក្សានូវឧត្តមគិតយ៉ាងច្បាស់លាស់ណាស់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរព អនុវត្តតាម ព្រះរាជសារព្រះមហាក្សត្រ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលមានព្រះរាជអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ”។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកថា ការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៊ី ដែលឲ្យកងទ័ពចូលរួមជាមួយពួកខ្លួននោះ គឺជាឧបាយកល ញុះញង់ឲ្យមានការបង្ហូរឈាម បំផ្លាញសេចក្តីសុខ និងសន្តិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមជាខ្លាំង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កងទ័ពកម្ពុជា នឹងមិនចាញ់ឧបាយកលអាក្រក់របស់ ជនក្បត់ជាតិ សម រង្ស៊ី នោះឡើយ។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ថាជាក្បាច់ចុងក្រោយ ហើយថាប្រជាពលរដ្ឋមិនជឿតាមការអំពាវនាវរបស់អតីតប្រធានគណបក្សប្រឆាំងរូបនេះទេ។ លោកបញ្ជាក់ថា ដាច់ខាតគ្មានឡើយ ការងើបបះបោរណាមួយតាមការអំពាវនាវរបស់លោក សម រង្ស៊ី ហើយលោក សុខ ឥសាន ក៏បានប្រកាសឲ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញ ដើម្បីឲ្យកងទ័ពស្វាគមន៍៕
Source: Kampuchea Thmey Daily
0 Comments